ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមានផ្លែឈើមួយចំនួនល្អសម្រាប់សុខភាពធ្មេញនិងអញ្ចាញ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលជួយឱ្យធ្មេញ ព្រមទាំងអញ្ចាញរឹងមាំ ៖
១. ម្នាស់
ក្រៅពីជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពធ្មេញនិងអញ្ចាញរឹងមាំហើយនោះ ផ្លែឈើនេះមានផ្ទុកអង់ស៊ីម bromelain ដែលជួយកម្ចាត់ស្នាមប្រឡាក់លើផ្ទៃធ្មេញដោយមិនបង្កផលប៉ះពាល់ដល់អញ្ចាញផងដែរ។
២. ផ្លែប៉ោម
ការទំពារ ឬខាំសាច់នៃផ្លែប៉ោមជួយដុសផ្ទៃខាងលើនិងខាងក្រៅនៃធ្មេញកម្ចាត់ស្នាមប្រឡាក់បានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយសម្អាតធ្មេញ ក៏ដូចជាក្នុងមាត់ទាំងមូល។
៣. ផ្លែសេរ៊ី
ក៏មិនខុសពីផ្លែប៉ោមដែរ! ការទទួលទានផ្លែសេរ៊ីជួយកម្ចាត់ស្នាមប្រឡាក់ កំទេចកំទីអាហារ និងបាក់តេរីជាប់ធ្មេញគួរឱ្យកត់សម្គាល់។
៤. ផ្លែគីវី
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពអញ្ចាញនិងធ្មេញ។
៥. ត្របែក
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនហើយនោះ ត្របែកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ tannic ផូស្វ័រិក និងអាស៊ីត malic ជួយកម្ចាត់បាក់តេរីក្នុងមាត់និងរក្សាសុខភាពអញ្ចាញល្អប្រសើរផងដែរ។ ព្យាយាមទទួលទានផ្លែត្របែកខ្ចីដើម្បីជៀសផុតពីបញ្ហាក្លិនមាត់មិនល្អ៕