ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាផ្លែឈើមួយចំនួនមានផ្ទុកកាឡូរីទាបដែលជាជម្រើសដ៏ប្រសើរចំពោះសុខភាព ពិសេសអ្នកចង់ស្រកទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែឈើទាំងនេះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលមានផ្ទុកកាឡូរីទាប ៖
១. ស្ត្របឺរី
មួយពែងនៃផ្លែស្ត្របឺរីស្រស់ៗមានផ្ទុកកាឡូរីត្រឹមតែ ៥៣ កាឡូរីប៉ុណ្ណោះ! ដូច្នេះអ្នកមិនបាច់បារម្ភថាផ្លែឈើនេះនឹងធ្វើឱ្យកើនទម្ងន់ឡើយ។ ម្យ៉ាងវិញទៀតស្ត្របឺរីជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ សុខភាពស្បែក សក់ ក្រចក និងអញ្ចាញធ្មេញ។
២. ត្រសក់ផ្អែម
មួយពែងនៃត្រសក់ផ្អែមដែលចិតរួចជាដុំៗមានផ្ទុកកាឡូរីត្រឹមតែ ៦០ កាឡូរីប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ គឺផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកនិងសសៃដែលប្រសើរចំពោះសុខភាពនិងជួយគ្រប់គ្រងទម្ងន់។
៣. ផ្លែប៉េស
មួយពែងនៃផ្លែប៉េសទុំមានផ្ទុកកាឡូរី ៦០ កាឡូរី។ ក្រៅពីនេះផ្លែប៉េសជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកនិងស្បែកស្រស់ស្អាត។
៤. ទំពាំងបាយជូរ
ទំពាំងបាយជូរមួយពែងមានផ្ទុកកាឡូរី ៦២ កាឡូរី។ ក្រៅពីនេះទំពាំងបាយជូរក៏មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរក្សាជាតិទឹកក្នុងរាងកាយចាំបាច់សម្រាប់ដំណើរការនៃការដុតរំលាយអាហារផងដែរ។
៥. ផ្លែល្ហុង
ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ ផ្លែល្ហុងក៏មានផ្ទុកកាឡូរីទាបដែលជាជម្រើសដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរ។ មួយពែងនៃល្ហុងទុំចិតរួចជាដុំៗមានផ្ទុកត្រឹមតែ ៦២ កាឡូរីប៉ុណ្ណោះ។
៦. ផ្លែប៉ោម
ផ្លែប៉ោមមួយពែងមានផ្ទុកកាឡូរីត្រឹម ៦៥ កាឡូរីប៉ុណ្ណោះ។ ក្រៅពីនេះផ្លែប៉ោមជាប្រភពដ៏ល្អនៃជាតិសសៃដែលជួយឱ្យស្រកទម្ងន់ដោយមិនជះផលប៉ះពាល់ផ្សេងទៀតដល់សុខភាពឡើយ៕