ក្រូចជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ហើយភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម រួមបញ្ចូលទាំងវីតាមីន A វីតាមីន C ប៉ូតាស្យូម និង folate ដែលចាំបាច់សម្រាប់សុខភាពល្អប្រសើរជួយទប់ស្កាត់ជំងឺផ្សេងៗបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការញ៊ាំក្រូចរាល់ថ្ងៃ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នោះក៏ព្រោះតែផ្លែក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់មេរោគឆ្លង។
២. គ្រប់គ្រងសម្ពាធឈាម
សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងក្រូច គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ ឬផ្លែក្រូចទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។
៣. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
នោះក៏ព្រោះតែក្រូចមានផ្ទុកសារធាតុ Polymethoxylated Flavones (PMFs) ដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតក្រូចក៏ជាប្រភពនៃសារធាតុ Hesperidin ដែលជួយការពារសសៃឈាមពីការស្ទះតាមរយៈការពង្រឹងសុខភាពនៃកោសិកាផងដែរ។ ដូច្នេះការទទួលទានក្រូចជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ក្រូចមានផ្ទុកសារធាតុ D- limonene ព្រមទាំងវីតាមីន C ដែលជួយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទដូចជាជំងឺមហារីកសួត ជំងឺមហារីកស្បែក និងសូម្បីមហារីកសុដន់។
៥. សុខភាពស្បែក
វីតាមីន C វីតាមីន A និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលមានក្នុងផ្លែក្រូចជួយព្យាបាលរបួស ក៏ដូចជាទប់ស្កាត់ការខូចខាតនៃស្បែកគួរឱ្យកត់សម្គាល់។ វីតាមីន A ជួយបង្កើនការផលិតកោសិកាឡើងវិញ។ ការរួមបញ្ចូលផ្លែក្រូច ឬទឹកក្រូចស្រស់ក្នុងរបបអាហារប្រចាំថ្ងៃក៏អាចជួយពន្យឺតរោគសញ្ញានៃភាពចាស់តាមវ័យនៃស្បែក រួមបញ្ចូលទាំងស្នាមជ្រីវជ្រួញ និងស្បែកស្រអាប់ជាដើម៕