ក្រោយពេលសម្រាលអ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯងនិងកូន គឺសម្រាកឱ្យបានគ្រប់គ្រាន់និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ក៏ដូចជាគន្លឹះងាយៗដែលជួយបង្កើនទឹកដោះបានយ៉ាងប្រសើរ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីបង្កើនការផលិតទឹកដោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ ការទទួលទានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជួយរក្សាជាតិទឹកក្នុងរាងកាយដែលចាំសម្រាប់ដំណើរការនៃការផលិតទឹកដោះ។
២. ទទួលទានក្រូច
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលធ្វើអោយវាក្លាយជាអាហារល្អបំផុតមួយជួយបង្កើនការផលិតទឹកដោះ។ បរិមាណនៃវីតាមីន C ក្នុងផ្លែក្រូចក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ស្ត្រីជាម្ដាយនិងទារកប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺផ្សេងៗបានយ៉ាងប្រសើរផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលក្រូចក្នុងរបបអាហារប្រចាំថ្ងៃ។
៣. ស្អំកម្ដៅ
ចរន្តឈាមហូរខ្សោយក៏ជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការផលិតទឹកដោះផងដែរ។ ទោះជាយ៉ាងណាការស្អំកម្ដៅអាចជួយសម្រួលចរន្តឈាមហូរទៅកាន់សុដន់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែង ឬក្រណាត់ស្អាតក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញខ្លះ បន្ទាប់មកស្អំម៉ាស្សាលើទ្រូង និងសុដន់ដោយសង្កត់ថ្នមៗបន្តិចផងដើម្បីជម្រុញចរន្តឈាមហូរ។
៤. ទទួលទានត្រីសាលម៉ុន
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបង្កើនបរិមាណនៃការទឹកដោះ។ ត្រីសាលម៉ុន ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតជាតិខ្លាញ់ DHA ដែលចាំបាច់សម្រាប់ការអភិវឌ្ឍសរសៃប្រសាទរបស់ក្មេង និងជួយអោយស្ត្រីជាម្ដាយរក្សាបាននូវអារម្មណ៍ល្អជៀសផុតពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន។
៥. ទទួលទានទឹកដោះគោក្ដៅឧណ្ហៗលាយម្ស៉ៅឈើអែម
ម្ស៉ៅឈើអែមមានប្រសិទ្ធភាពបង្កើនការផលិតទឹកដោះគួរឱ្យកត់សម្គាល់។ អ្នកអាចលាយម្ស៉ៅឈើអែម ១ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅឧណ្ហៗ ១ កែវ រួចកូរឱ្យសព្វសឹមទទួលទាន។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេចូលផងដែរ៕