វិធីសាស្រ្តដ៏ល្អបំផុតក្នុងការបង្ការភាពស្រវឹង គឺកុំញ៉ាំគ្រឿងស្រវឹងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកត្រូវតែញ៉ាំ ដោយខានមិនបាន នោះការញ៉ាំក្នុងកម្រិតមធ្យមនឹងជួយកុំឲ្យឈឺក្បាល និងក្អួតចង្អោនៅពេលព្រឹកឡើងបាន។ ប៉ុន្តែក្នុងពិធីជប់លៀង ហើយអ្នកយល់ថាខ្លួនឯងកំពុងតែស្រវឹងហើយនោះ ការញ៉ាំភេសជ្ជៈខ្លះៗខាងក្រោមនេះ អាចនឹងជួយជំរុញដល់ការមានអារម្មណ៍ល្អឡើងវិញ។
ទឹកខ្មេះផ្លែប៉ោម និងខ្ញី
ចូរញ៉ាំភេសជ្ជៈមួយនេះនៅពេលភ្ញាក់ពីគេងព្រឹកឡើង នោះអ្នកនឹងមានអារម្មណ៍ថាលែងចង្អោ និងក្រហាយទ្រូងហើយ។ ខ្ញីត្រូវបានគេប្រើប្រាស់យូរណាស់មកហើយក្នុងការទប់ស្កាត់ភាពចង្អោ ហើយជាតិ Fructose ក្នុងទឹកឃ្មុំនឹងបង្កើនល្បឿនការបញ្ចេញគ្រឿងស្រវឹងពីក្នុងខ្លួន។ ដើម្បីបង្កើតជាភេសជ្ជៈនេះបាន ចូរលាយទឹកខ្មេះផ្លែប៉ោមសុទ្ធ ទឹកក្រូចឆ្មា ទឹកខ្ញី និងទឹកឃ្មុំ ដោយមួយមុខៗ ៥មីលីលីត្រ ចូលគ្នាជាមួយនឹងទឹកធម្មតា ២០០មីលីលីត្រ។
ទឹកចេកទឹកដោះគោក្រឡុក
ការញ៉ាំគ្រឿងស្រវឹងងាយនឹងធ្វើឲ្យខ្សោះជាតិទឹក និងបាត់បង់អេឡិចត្រូលីត្រណាស់ជាពិសេស សូដ្យូម និងប៉ូតាស្យូមតែម្តង។ ផ្លែចេកគឺជាអាហារព្យាបាលភាពស្រវឹងយ៉ាងឆ្លាតវៃ ដោយសារតែវាសម្បូរទៅដោយជាតិប៉ូតាស្យូម និងអាចជំនួសនូវការបាត់បង់របស់រាងកាយបាន។ ប្រូតេអ៊ីនដែលមានក្នុងទឹកដោះគោអាចយកឈ្នះជាតិស្រវឹង និងទឹកឃ្មុំបន្តិចអាចជួយបង្កើនថាមពលក្នុងខ្លួនបា។ ដើម្បីបង្កើតភេសជ្ជៈនេះ ចូរកាត់ផ្លែចេកជាដុំៗ និងកិនវាជាមួយនឹងទឹកដោះគោមានជាតិខ្លាញ់ពេញលេញ។ បន្ទាប់មកចូរលាយទឹកឃ្មុំពីលើ ហើយញ៉ាំវាទៅ។
ទឹកដូង
ទឹកដូងសម្បូរទៅដោយអេឡិចត្រូលីត្រដែលធ្វើឲ្យវាក្លាយទៅជាផ្នែកមួយដ៏សំខាន់សម្រាប់ព្យាបាលភាពស្រវឹង។ ការស្រាវជ្រាវបានបង្ហាញថា វាមានប្រយោជន៍ដូចភេសជ្ជៈលេងកីឡាដែរ ដែលត្រូវបានគេប្រើដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួនក្នុងពេលប្រកួត។
ទឹកដូងក្រឡុក
បើសិនជាអ្នកលាយចូលគ្នានូវទឹកដោះគោ និងទឹកដូងវិញ វានឹងបានភេសជ្ជៈដ៏ល្អមួយកម្រិតទៀត។ ភេសជ្ជៈមួយនេះនឹងផ្តល់ភាពរអិលដល់ភ្នាសខាងលើរបស់ក្រពះ និងបង្គ្រប់ជាតិទឹកក្នុងខ្លួន ជាពិសេជាតិរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម និងសូដ្យូមតែម្តង។ ដើម្បីធ្វើទឹកដូងក្រឡុកនេះបាន ចូរលាយទឹកដូង ២កូនចានចង្កឹះ សាច់ដូងខ្ចី១កូនចានចង្កឹះ ទឹកដោះគោមានជាតិខ្លាញ់ពេញលេញកន្លះកូនចានចង្កឹះ និងស្ករ ហើយដាក់វាកិនចូលគ្នា។ ចូរកិនវារហូតដល់ក្លាយជាល្បាយស្មើសាច់។ ចូរចាក់វាទៅក្នុងកែវ ហើយញ៉ាំវាតិចៗ។
ទឹកស្រ្តបឺរី និងផ្លែអាលម៉ុនក្រឡុក
ការញ៉ាំគ្រឿងស្រវឹងត្រូវបានគេរកឃើញថា ជួយបង្កើនការរលាកក្នុងរាងកាយ។ ផ្លែស្រ្តបឺរីសម្បូរទៅដោយជីវជាតិប្រឆាំងការរលាកវិញ។ ផ្លែអាលម៉ុនសម្បូរជាតិម៉ាញ៉េស្យូម ដូច្នេះវាអាចជួយជំនួសការបាត់បង់ជាតិម៉ាញ៉េស្យូមដោយសារតែញ៉ាំគ្រឿងស្រវឹងច្រើនៗបាន។ ដើម្បីបង្កើតទឹកក្រឡុកនេះ ចូរកិនយ៉ាអួរ និងទឹកដោះគោមានជាតិខ្លាញ់ពេញលេញក្នុងបរិមាណដូចគ្នា។ បន្ទាប់មកចាំដាក់ស្ត្របឺរី និងផ្លែអាលម៉ុនពីរបីគ្រាប់ចូលគ្នាបន្ថែម ហើយកិនរហូតដល់ក្លាយទៅជាល្បាយស្មើសាច់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្ទាប់មកចាក់ទឹកឃ្មុំពីលើ ហើយញ៉ាំ៕