Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាជំងឺថប់បារម្ភ​និងធ្លាក់ទឹកចិត្ដដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភដល់ទារកក្នុងផ្ទៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាសុខភាពផ្លូវចិត្តទាំងនេះបង្កើនហានិភ័យនៃបញ្ហាសម្រាលមុនកំណត់ ឫមិនគ្រប់គីឡូជាដើម។ ទោះជាយ៉ាងណាក្រៅពីជំងឺថប់បារម្ភនិងធ្លាក់ចិត្តហើយនោះ ក៏នៅមានចំនុចមួយចំនួនទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរប្រសិនបើស្ត្រីជាម្ដាយមិនបានប្រុងប្រយ័ត្នឫធ្វេសប្រហែស។ ថាតើសកម្មភាព ឬទម្លាប់ស្មានមិនដល់អ្វីខ្លះអាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសកម្មភាពមួយចំនួនគួរចៀសវាងកំឡុងពេលមានផ្ទៃពោះ ៖

១. ឈ្លោះប្រកែកគ្នានិងស្រែកខ្លាំងៗ ​

នោះក៏ព្រោះតែការឈ្លោះប្រកែកគ្នាអាចបង្កជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្តចំពោះស្ត្រីជាម្ដាយដែលអាចជះឥទ្ធិពលកាន់តែគួរឱ្យបារម្ភចំពោះទារកក្នុងផ្ទៃ។ បញ្ហាសុខភាពផ្លូវចិត្តរបស់ម្ដាយអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាល និងប្រព័ន្ធភាពស៊ាំនៃទារកក្នុងផ្ទៃ។ លើសពីនេះទៅទៀតការស្រែកក៏មិនល្អចំពោះស្ត្រីជាម្ដាយផ្ទាល់ផងដែរដោយវាអាចនាំឱ្យឈឺក្បាល ចង្អោរចង់ក្អួត និងពិបាកគេងលក់។

២. ទទួលទានផ្អែមច្រើនជ្រុល

ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក គឺមិនល្អសោះឡើយសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាស្ត្រីជាម្ដាយដែលទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ឬភេសជ្ជៈផ្អែមច្រើនកំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឱ្យទារកជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការចងចាំ។

៣. ត្រាំក្នុងអាងទឹកក្ដៅ ឫសូណា ​

កំដៅខ្លាំងនៅក្នុងកន្លែងសូណា ឫអាងទឹកក្ដៅ គឺជាមូលហេតុចម្បងគួរឱ្យព្រួយបារម្ភបំផុតកំឡុងពេលមានផ្ទៃពោះ! ទោះបីជាការត្រាំទឹកក្ដៅ ឬទៅសូណាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយស្រួលខ្លួន ប៉ុន្តែវាមិនល្អសោះឡើយសម្រាប់សុខភាពទារកក្នុងផ្ទៃ។

៤. យំ​ ​

ការយំកំឡុងពេលមានផ្ទៃពោះក៏ជារឿងធម្មតាមួយដែរ។ ទោះជាយ៉ាងណាការយប់អាចនឹងក្លាយជាអាការៈគួរឱ្យព្រួយបារម្ភចំពោះទាំងសុខភាពម្ដាយ រួមទាំងកូនក្នុងផ្ទៃ ប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាបាត់បង់ចំណង់អាហារ មានអារម្មណ៍ខុសរហូត គេងច្រើនពេក និងបាត់បង់អារម្មណ៍រីករាយចង់ធ្វើសកម្មភាពអ្វីផ្សេងៗ។

៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើន ​

ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន គឺមិនល្អឡើយចំពោះសុខភាព។ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនលើសពី ៣០០ មីលីក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះឡើយ! នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនអាចនឹងចូលទៅដល់ក្នុងសុក ហើយជ្រៀតចូលក្នុងចរន្តឈាមហូររបស់ទារកក្នុងផ្ទៃ៕