ការភើជាប្រតិកម្មធម្មតាមួយដោយក្រពះបញ្ចេញខ្យល់ដែលអ្នកបានលេបចូលច្រើនហួសកំឡុងពេលនិយាយនិងទទួលទានចេញមកក្រៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាការភើញឹកពេកមិនមែនជារឿងល្អឡើយ! វាអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កឱ្យកើតមានអាការៈភើញឹក ឬច្រើនហួស ៖
១. ថប់បារម្ភ
មួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃជំងឺថប់បារម្ភ គឺភើញឹកហួស។ វាអាចកើតឡើងដោយសារការដកដង្ហើមលឿនកំឡុងពេលជំងឺថប់បារម្ភវាយប្រហារ។ កំឡុងពេលដកដង្ហើមលឿនខ្យល់មួយចំនួនត្រូវបានចូលទៅសួត ហើយខ្លះទៀតចូលទៅដល់ក្រពះជាហេតុនាំឱ្យភើ។
២. ច្រាលទឹកអាស៊ីតក្រពះ
ជំងឺច្រាលទឹកអាស៊ីតក្រពះជះឥទ្ធិពលលើសាច់ដុំដែលបំបែកក្រពះនិងបំពង់អាហារ។ នេះហើយជាមូលហេតុដែលបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះងាយនឹងភើច្រើនហួស ជាពិសេសក្រោយពេលទទួលទានអាហារហឹរ សម្បូរខ្លាញ់ អាហារមានផ្ទុកជាតិអាស៊ីតខ្ពស់ ភេសជ្ជៈកាហ្វេអ៊ីន ឬកាបូណាត។
៣. ពិបាករំលាយអាហារ
បញ្ហារំលាយអាហារងាយនឹងកើតមានឡើងចំពោះអ្នកដែលទទួលទានច្រើនហួស ទទួលទានលឿនពេក ឬអ្នកដែលទទួលទានអាហារហឹរ និងសម្បូរខ្លាញ់។ ក្រៅពីឈឺពោះ ក្រហាយទ្រូង ភើញឹកក៏ជាអាការៈទូទៅបំផុតមួយនៃបញ្ហាពិបាករំលាយអាហារផងដែរ។
៤. ដំបៅក្រពះ
ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាក្រៅពីឈឺចាប់ក្នុងពោះហើយនោះអាការៈចង្អោរចង់ក្អួត ក្រហាយទ្រូង ក្អួត ហើមពោះ បាត់បង់ចំណង់អាហារ ស្រកទម្ងន់គ្មានមូលហេតុ និងភើញឹកក៏អាចកើតឡើងដោយសារបញ្ហាដំបៅក្រពះផងដែរ។
៥. ចាញ់ឡាក់តូស
នៅក្នុងទឹកដោះគោមានផ្ទុកជាតិស្ករពិសេសមួយប្រភេទហៅថាឡាក់តូសដែលត្រូវការអង់ស៊ីម lactase ផលិតដោយពោះវៀនតូចដើម្បីបំបែក។ ទោះជាយ៉ាងណាមិនមែនពោះវៀនមនុស្សគ្រប់គ្នាសុទ្ធតែមានលទ្ធភាពផលិតអង់ស៊ីម lactase បានគ្រប់គ្រាន់ឡើយ។ នេះជាមូលហេតុដែលបង្កបញ្ហាចាញ់ឡាក់តូស។ ហើយភើញឹក ឬច្រើនហួសជាអាការៈទូទៅបំផុតមួយនៃបញ្ហាចាញ់ឡាក់តូស៕