អាហារកែច្នៃសុទ្ធតែមានផ្ទុកសារធាតុគីមីដែលជះប៉ះពាល់គួរអោយព្រួយបារម្ភចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុនេះហើយទើបអ្នកជំនាញផ្នែកសុខភាពមិនណែនាំអោយទទួលទានអាហារប្រភេទកែច្នៃ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺជាច្រើន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចកើតឡើងប្រសិនបើអ្នកទទួលទានអាហារកែច្នៃជាប្រចាំ ៖
១. កើនទម្ងន់
អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិស្ករ កាបូអ៊ីដ្រាត និងជាតិខ្លាញ់ដែលមិនល្អចំពោះសុខភាព។ នេះហើយជាមូលហេតុដែលការទទួលទានអាហារកែច្នៃគ្រប់ពេលអាចបណ្ដាលឱ្យងាយនឹងកើនទម្ងន់ហួសប្រមាណ។ ពិសេសប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណទៀងទាត់ថែមទៀត!
២. ជាតិស្ករក្នុងឈាមឡើងខ្ពស់
មិនត្រឹមតែឡើងទម្ងន់ហួសប្រមាណប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារកែច្នៃជាប្រចាំក៏បណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ! ជាតិស្ករខ្ពស់ក្នុងអាហារកែច្នៃបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។
៣. សម្ពាធឈាមឡើងខ្ពស់
អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ដូច្នេះប្រសិនបើទទួលទានជាប្រចាំវាងាយនឹងបណ្ដាលឱ្យអ្នកជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាមិនខាន។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺសម្ពាធឈាមឡើងខ្ពស់បង្កើនហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាល។
៤. ទល់លាមក
អាហារកែច្នៃគ្មានផ្ទុកជាតិសសៃឡើយ! នេះហើយជាមូលហេតុដែលងាយនឹងធ្វើឱ្យអ្នកជួបប្រទះបញ្ហាទល់លាមក ក៏ដូចជាហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
៥. ហានិភ័យនៃជំងឺមហារីក
ក្រៅពីជំងឺមហារីកពោះវៀនធំហើយនោះ ការទទួលទានអាហារកែច្នៃជាប្រចាំក៏បង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានអាហារកែច្នៃច្រើនពេក!