មានអ្នកម្តាយមួយចំនួនតែងតែបញ្ចុកបាយកូនជានិច្ច ដោយមិនព្រមទុកឲ្យគេញ៉ាំដោយខ្លួនឯងឡើយ។ តើអ្នកដឹងទេថានៅពេលដែលអ្នកតែងតែបញ្ចុកបាយកូន វាមិនត្រឹមតែមិនអាចផ្តល់ផលប្រយោជន៍ដល់កូនទេ វានឹងនាំយកផលវិបាកឲ្យកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប៉ះពាល់ដល់ការទំពារ
នៅពេលដែលអ្នកបញ្ចុកកូន គេនឹងមិនអាចទំពារបានល្អឡើយ ជាហេតុដែលអាចធ្វើឲ្យធ្មេញគេលូតលាស់មិនបានល្អ ថែមទាំងអាចប៉ះពាល់ដល់សាច់ដុំមុខរបស់កូនដូចគ្នា នោះមុខកូននឹងមានទម្រង់មិនស្អាតឡើយនៅថ្ងៃក្រោយ។
ប៉ះពាល់ដល់ការរំលាយអាហារ
នៅពេលដែលអ្នកបញ្ចុកកូនលឿនពេក នោះគេនឹងទំពារមិនបានល្អ ជាហេតុដែលធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ នោះកូននឹងមានជំងឺដែលទាក់ទងនឹងប្រដាប់រំលាយអាហាររបស់គេជាមិនខាន។
ប៉ះពាល់ដល់ចិត្តកូន
មានឳពុកម្តាយមួយចំនួនព្រោះតែចង់ប្រញាប់ ហើយបង្ខំឲ្យកូនញ៉ាំលឿនជានិច្ចនៅពេលដែលបញ្ចុកកូនម្តងៗ ដូចនេះវានឹងអាចធ្វើឲ្យកូនមានសម្ពាធផ្លូវចិត្តជាខ្លាំង ដែលអាចធ្វើឲ្យកូនមិនសប្បាយចិត្ត ហើយមិនចង់ញ៉ាំបាយជាដើម។
ធ្វើឲ្យកូនខ្ចិល
នៅពេលដែលអ្នកតែងតែបញ្ចុកបាយកូន វានឹងអាចធ្វើកូនកាន់តែខ្ចិល ដោយសារតែគេគឺអង្គុយចាំតែអ្នកបញ្ចុកទៅបានហើយ ដោយមិនចាំបាច់បញ្ចេញកម្លាំងនោះទេ លុះយូរទៅគេនឹងកាន់តែមានគំនិតពឹងផ្អែកទៅលើតែអ្នក គ្មានគំនិតឯករាជ្យនោះទេ។
ធ្វើឲ្យកូនធាត់
នៅពេលដែលអ្នកបញ្ចុកកូនច្រើនហួសកំណត់ វានឹងអាចធ្វើឲ្យកូនធាត់ខ្លាំងដោយមិនដឹងខ្លួន ម្យ៉ាងទៀតអ្នកត្រូវតែឲ្យកូនដឹងថាការបរិភោគបាយគឺដើម្បីការចង់រស់ដោយខ្លួនឯង គឺមិនមែនដោយសារឳពុកម្តាយទើបញ៉ាំនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)