កាលពីអត្ថបទមុនយើងខ្ញុំបានសន្យាប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែប្រយ័ត្នពេលដែលអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលកូនខ្ចី ហើយងូតទឹក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាប៉េរីណេគ្មានរបួស ឬគ្មានឃើញស្នាមកាត់ ក្រោយសម្រាលហើយពី២ទៅ៣ថ្ងៃអ្នកអាចងូតទឹកបានហើយ ប៉ុន្តែប្រសិនជាអ្នកសម្រាលនៅខែរងារ ក្រោយសម្រាលហើយពី៥ទៅ៧ថ្ងៃទើបអ្នកអាចងូតបាន។
- សីតុណ្ហភាពនៃទឹកអ្នកត្រូវតែរក្សាពី៣៥ដល់៣៧អង្សាសេ ដោយមិនត្រូវងូតទឹកត្រជាក់ពេកទេ ព្រោះវាអាចធ្វើឲ្យឈាមកង្វក់អ្នកមិនអាចបញ្ចេញមកក្រៅអស់ ជាហេតុដែលអាចធ្វើឲ្យអ្នកឈឺពោះ ឬមករដូវមិនទៀងនៅថ្ងៃក្រោយ ឬឈឺខ្លួនជាដើម ជាងនេះទៅទៀតនៅរដូវក្តៅ សីតុណ្ហភាពក្នុងបន្ទប់ទឹកអ្នកគឺអាចរក្សាធម្មតាទៅបានហើយ ប៉ុន្តែបើរដូវត្រជាក់ អ្នកត្រូវតែរក្សាសីតុណ្ហភាពក្នុងនោះឲ្យមានលក្ខណៈកក់ក្តៅ ដោយមិនត្រូវឲ្យខ្យល់ចូលបាននោះទេ។
- នៅពេលដែលអ្នកងូតទឹក អ្នកមិនត្រូវត្រាំក្នុងអាងនោះទេ ព្រោះវាអាចឆ្លងមេរោគចូលទៅបានយ៉ាងងាយ ហើយបើអ្នកមានសុខភាពខ្សោយ ហើយមិនអាចឈរងូតបាន អ្នកអាចជូតខ្លួនទៅបានហើយ។
- នៅពេលដែលអ្នកងូតទឹកនៅរដូវត្រជាក់ អ្នកមិនត្រូវតម្រូវសីតុណ្ហភាពក្នុងបន្ទប់ទឹកខ្ពស់ពេកទេ ព្រោះវាអាចភាយកម្តៅនៃទឹកក្តៅដែលអ្នកងូតពេញបន្ទប់ ដែលអាចធ្វើឲ្យខ្វះអុកស៊ីសែន នោះអ្នកនឹងអាចមានអាការៈវិលមុខបាន។
- នៅពេលដែលអ្នកងូត អ្នកមិនត្រូវងូតយូរនោះទេ គឺពី៥ទៅ១០នាទីទៅបានហើយ។
- នៅពេលដែលអ្នកងូតហើយភ្លាម អ្នកត្រូវតែជូតទឹកលើខ្លួនអ្នកឲ្យអស់ភ្លាម ម្យ៉ាងទៀតត្រូវតែស្លៀកពាក់ខោអាវភ្លាម ទើបរាងកាយអ្នកមិនត្រូវខ្យល់ដែលអាចឈឺបាន។
- ប្រសិនជាប៉េរីណេមានមុខរបួសធំ ហើយមានស្នាមរហែកធ្ងន់ធ្ងរ ពោះអ្នកក៏មានស្នាមនៃកាំបិត នោះអ្នកមិនគួរឆាប់ងូតទឹកឡើយ អ្នកអាចចាំដល់របួសជាសះស្បើយជាមុនសិនទើបងូត ប៉ុន្តែអ្នកអាចជូតខ្លួនបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)