របៀបរស់នៅរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្នកខ្លះមិនខ្វល់អ្វីច្រើន តែអ្នកខ្លះក៏ខ្វល់ច្រើន។ នៅពេលអ្នកនៅវ័យក្មេង ជាញឹកញាប់តែងតែមិនខ្វល់អំពីតម្រូវការជីវជាតិរបស់រាងកាយ ដែលវាមិនត្រឹមតែជះឥទ្ធិពលទៅលើរាងកាយទេ តែក៏ប៉ះពាល់លើស្បែក និងសុខភាពទូទៅទាំងមូលដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាត្រូវបានគេណែនាំថា មនុស្សម្នាក់គួរតែជ្រើសរើសយករបបអាហារមួយដែលសម្បូរទៅដោយជីវជាតិច្រើន សរីរាង្គ អាហារពិត សម្រាប់ជាមូលដ្ឋានគ្រឹះមួយនៃរបៀបរស់នៅផ្តល់សុខភាព។ ជាមួយគ្នា របបអាហារតែមួយមុខប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ស្រ្តីភាគច្រើនឡើយ។ តាមរយៈដំណាក់កាលនៃការចាស់ទៅតាមអាយុជាច្រើន ស្រ្តីត្រូវការជីវជាតិច្រើនដែឬ ក្នុងការជួយថែរក្សាតុល្យភាពរាងកាយ។ អាហារប្រចាំថ្ងៃរបយើងគឺមិនសូវផ្តល់នូវជីវជាតិគ្រប់គ្រាន់ឡើយ ហេតុដូច្នេះហើយទើបថ្នាំវីតាមីនចម្រុះមានសារៈសំខាន់។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលវីតាមីន និងថ្នាំបំប៉នអាចជួយបង្កើនគុណភាពសុខភាពសម្រាប់ស្រ្តីបាន៖
- ជួយបង្ការជំងឺកង្វះគ្រាប់ឈាមក្នុងពេលមករដូវ ឬសម្រាលកូន
- ជំនួសឡើងវិញនូវវីតាមីន និងជាតិរ៉ែដែលបាត់បង់ដោយសារថ្នាំពន្យាកំណើត ថ្នាំផ្សេងៗ ស្រ្តេស ហាត់ប្រាណ ជម្រើសញ៉ាំអាហារ និងផ្សេងៗទៀត
- ជំរុញដល់តុល្យភាពអ័រម៉ូន
ជាតិដែក
ជាតិដែកគឺជាថ្នាំបំប៉នដ៏សំខាន់មួយសម្រាប់ស្រ្តីក្នុងវ័យ ៣០ឆ្នាំ។ អវត្តមានរបស់ជាតិដែកអាចធ្វើឲ្យស្រ្តីដែលមិនញ៉ាំសាច់ច្រើន ស្រ្តីដែលមករដូវច្រើនៗ ស្រ្តីកីឡាករអត្តពលកម្ម និងស្រ្តីមានផ្ទៃពោះមានការប្រឈមមុខនឹងសុខភាពបាន។ ការទទួលបានជាតិដែលគ្រប់គ្រាន់អាចទ្រទ្រង់ដល់សុខភាពបាន តែមិនត្រូវញ៉ាំច្រើនឡើយ ព្រោះវាអាចង្កជាអាការៈក្អួត ឈឺពោះ និងអាការផ្សេងៗទៀត។
វីតាមីន C និង E (អង់ទីអុកស៊ីដង់)
វីតាមីនទាំងពីរនេះគឺជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ ហើយអាចជួយថែរក្សាសុខភាពស្បែកពីខាងក្នុងមកខាងក្រៅ។ វីតាមីន C ក៏ជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ និងថែរក្សាស្បែកឲ្យនៅក្មេងវ័យ ដោយសារតែវាជំរុញដល់ការបង្កើតកូឡាជែន។ វីតាមីន C ក៏ជួយបឺតស្រូបជាតិដែកដែរ។ វីតាមីន C និង E ផ្ទុកទៅដោយសមាសធាតុសំខាន់ៗដែលស្បែកដែលមានរបួសត្រូវការដើម្បីជួយបង្ការសម្លាក ឬបង្កើនល្បឿននៃការជាសះស្បើយ។
កាលស្យូម និងវីតាមីន D
វីតាមីន D គឺជាវីតាមីនសំខាន់មួយសម្រាប់ស្រ្តីអាយុខ្ទង់ ៣០ឆ្នាំ។ តាមរយៈការជួយរបស់រាងកាយក្នុងការបឺតស្រូបកាលស្យូមពីអាហារ វីតាមីន D គឺទទួលខុសត្រូវលើការទ្រទ្រង់សុខភាពឆ្អឹងយ៉ាងខ្លាំង។ ការញ៉ាំវីតាមីន D ជាមួយនឹងកាលស្យូម នឹងជួយថែរក្សាឆ្អឹងឲ្យមានសុខភាពល្អបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាជារឿងពិបាកណាស់ក្នុងការទទួលបានវីតាមីនេះពីចំណីអាហារ។ សំណាងដែរ វាអាចផលិតបានតាមរយៈស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ អ្នកគ្រាន់តែទៅខាងក្រៅផ្ទះនៅពេលថ្ងៃពីរដងក្នុងមួយសប្តាហ៍រយៈពេល ១០ ទៅ ១៥នាទីនឹងទទួលបានវីតាមីន D ហើយ។
វីតាមីន B សម្រាប់ថាមពល និងអារម្មណ៍
ក្រុមវីតាមីន B គឺជា Co-factor ដ៏សំខាន់សម្រាប់រាងកាយធ្វើការ។ វីតាមីន B ភាគច្រើនជាប់ទាក់ទងនឹងការផ្តល់ថាមពល ប៉ុន្តែធាតុពិត វាជាអ្នកជួយឲ្យមានអារម្មណ៍ល្អ និងបង្ការការបាក់ទឹកចិត្តផងដែរ។ អាស៊ីតហ្វូលិកសំខាន់សម្រាប់ស្រ្តីដែលគិតចង់បានកូន និងស្រ្តីមានផ្ទៃពោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះគឺជាជីវជាតិសំខាន់ៗសម្រាប់ស្រ្តី និងប្រភពល្អៗរបស់វា៖
- Folic Acid៖ ប្រូខូលី ក្រូច ផ្លែប័រ ទំពាំងបារាំង បាយ និងស្ពៃស្ពីណាច
- វីតាមីន D៖ ពន្លឺព្រះអាទិត្យ ផ្សិត ស៊ុត និងត្រីសម្បូរខ្លាញ់
- ជាតិដែក៖ អាហារសមុទ្រ ស្ពៃស្ពីណាច សណ្តែកខៀវ និងសាច់ក្រហម
- កាលស្យូម៖ ផលិតផលធ្វើពីទឹកដោះគោ ទឹកផ្លែឈើ ត្រីសាឌីន ត្រីសាលម៉ុង និងតៅហ៊ូ
- អ៊ីយ៉ូត៖ អាហារសមុទ្រ ស៊ុត គ្រាប់ធញ្ញជាតិ អំបិលអ៊ីយ៉ូត និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប៕