ជំងឺពុកឆ្អឹងច្រើនតែត្រូវបានគេឲ្យឈ្មោះថា ជាជំងឺស្ងៀមស្ងាត់ ដោយសារតតែវាកើតឡើងបន្តិចម្តងៗ ហើយអ្នកជំងឺចាប់ផ្តើមមានអារម្មណ៍ថាវាមានជំងឺនេះនៅពេលស្ថិតក្នុងដំណាក់កាលចុងក្រោយទៅហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការចុះខ្សោយនៃរចនាសម្ព័ន្ធរបស់ឆ្អឹងបណ្តាលឲ្យប្រឈមកាន់តែខ្លាំងនឹងការបាក់ឆ្អឹងដោយសារតែឆ្អឹងនោះផុយ។ ខណៈពេលដែលជំងឺពុកឆ្អឹងកើតឡើងទាំងបុរស និងស្រ្តី ជាពិសេសស្រ្តីវ័យចំណាស់ៗដែលរ៉ាំងរដូវរួចគឺប្រឈមខ្ពស់ជាងគេបំផុត។
អ្នកដែលមានជំងឺពុកឆ្អឹងទំនងជាងាយនឹងបាក់ឆ្អឹងជាងព្រមទាំងស្រុញកម្ពស់។ ការបាក់ឆ្អឹងបែបនេះគឺមានលក្ខណៈធ្ងន់ធ្ងរជាងការបាក់ឆ្អឹងធម្មតា។ ការបាក់ឆ្អឹងដោយសារតែឆ្អឹងខ្សោយ ទោះបីជាមានរបួស ឬដួលតិចតួចក៏អាចកើតឡើងដែរ និងអាចបង្កជាពិការភាព ឬស្លាប់ទៀតក៏មាន។ ជំងឺពុកឆ្អឹងអាចកំណត់រោគវិនិច្ឆ័យបានតាមរយៈម៉ាស៊ីនតេស្តកំហាប់ឆ្អឹង DEXA Scan។
ហេតុអ្វីបានជាស្រ្តីងាយមានជំងឺពុកឆ្អឹងជាងបុរស?
ហេតុផលដ៏សំខាន់ដែលស្រ្តីងាយនឹងកើតជំងឺនេះជាងគេគឺ ស្រ្តីក្រោយរ៉ាំងរដូវមានការចុះទាបយ៉ាងខ្លាំងនៃអ័រម៉ូនភេទ Estrogen។ អ័រម៉ូនមួយនេះគឺជាអ័រម៉ូនភេទស្រ្តីដំបូងគេ ហើយក៏សំខាន់សម្រាប់ការតាមដានការប្រែប្រួលឆ្អឹងនៅពេលពេញវ័យដែរ។ ក្រោយពីរ៉ាំងរដូវរួច ស្រ្តីអាចនឹងមានការខូចកំហាប់ឆ្អឹង មានន័យថា កំហាប់ឆ្អឹងរបស់គាត់ចាប់ផ្តើមបាត់បង់វិញហើយ។ ជារូទៅវាកើតឡើងទៅតាមអាយុដែរ។
កំហាប់ឆ្អឹងមានការកើនឡើងជាប់រហូតដល់អាយុខ្ទង់ ៣០ឆ្នាំ។ យ៉ាងណាមិញ របៀបរស់នៅបែបស៊ីដេកៗរាល់ថ្ងៃជាមួយនឹងការមិនបានហាត់ប្រាណអាចបណ្តាលឲ្យឆ្អឹងកាន់តែខ្សោយទៅៗបាន។ រឿងនេះច្រើនតែកើតឡើងដោយសារតែកង្វះវីតាមីន D និងជំហរអង្គុយមិនល្អ។ គ្រឿងស្រវឹងក៏មានឥទ្ធិពលធ្វើឲ្យឆ្អឹងខ្សោយបានដែឬ។
របៀបរស់នៅដែលផ្តល់សុខភាពល្អជាមួយនឹងអាហារផ្តល់សុខភាព ទទួលបានវីតាមីន D គ្រប់គ្រាន់ និងការហាត់ប្រាណទៀងទាត់ក្នុងវ័យកាន់តែក្មេងគឺជាគន្លឹះសំខាន់ដើម្បីឆ្អឹងមានសុខភាពកាន់តែល្អ។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចបង្ការ ឬបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹងបាន។
ជីវជាតិ
ចូរញ៉ាំអាហារដែលផ្តល់សុខភាព ជាពិសេសមានចំនួនកាលស្យូមគ្រប់គ្រាន់ និងជីវជាតិសំខាន់ៗផ្សេងទៀតដែលសំខាន់ចំពោះឆ្អឹង។ ប្រភពដ៏ល្អនៃជាតិកាលស្យូមានដូចជា បន្លែពណ៌បៃតងចាស់ ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប ផលិតផលធ្វើពីសណ្តែកសៀងជាដើម។ គួរតែទទួលបានវីតាមីន D គ្រប់គ្រាន់ផង។ វីតាមីននេះអាចជួយឆ្អឹងឲ្យរឹងមាំ។ ការដែលមិនសូវប៉ះពាល់នឹងពន្លឺព្រះអាទិត្យអាចធ្វើឲ្យយើងងាយនឹងកង្វះវីតាមីននេះបាន។ ប្រភពវីតាមីន D មានដូចជា ត្រីទឹកប្រៃ ថ្លើមសត្វជាដើម។
ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណទៀងទាត់ ជាពិសេសការហាត់ដោយការទ្រទម្ងន់ដូចជា ការដើរ អាចជំរុញដល់ឆ្អឹងកាន់តែមានសុខភាពល្អ និងពង្រឹងដល់សាច់ដុំថែមទៀតផង។ ចូរព្យាយាមហាត់ផ្សំគ្នាជាមួយនឹងការធ្វើលំហាត់ប្រាណដែលរក្សាតុល្យភាពរាងកាយ។
និយាយថាទេចំពោះការជក់បារី
ចូរចៀសវាង ឬផ្តាច់បារី ដោយសារតែវាអាចបន្ថយចំនួនអ័រម៉ូន Estrogen ក្នុងខ្លួនស្រ្តី ព្រមទាំងបន្ថយការលូតលាស់របស់ឆ្អឹងថ្មីៗថែមទៀត។
ចូរញ៉ាំគ្រឿងស្រវឹងដោយការទទួលខុសត្រូវ
បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង ចូរកាត់បន្ថយការញ៉ាំដើម្បីបន្ថយការគ្រោះថ្នាក់ និងប្រឈមជំងឺពុកឆ្អឹង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានជំងឺពុកឆ្អឹងស្រាប់ហើយ ជីវជាតិដ៏ល្អជាមួយនឹងការហាត់ប្រាណ និងវិធីសាស្រ្តបង្ការអាចជួយអ្នកបាន ជាពិសេសបន្ថយការប្រឈមនឹងការបាក់ឆ្អឹង និងការបាត់បង់កំហាប់ឆ្អឹងថែមទៀត៕