អ្នកស្រាវជ្រាវជាច្រើននិយាយថា កាលណាអ្នកជក់បារីកាន់តែច្រើន កាន់តែមានឱកាសកើតជំងឺបេះដូងលោតខុសចង្វាក់ច្រើន ហើយវាក៏ត្រូវបានគេរកឃើញថា បង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងឆាប់ស្លាប់ថែមទៀត។ អ្នកដឹកនាំការស្រាវជ្រាវឈ្មោះថា Dagfinn Aune មកពី Imperial College London បាននិយាយថា បើសិនជាអ្នកជក់បារី ចូរឈប់ជក់ទៅ ហើយបើសិនជាមិនជក់បារីទេ ក៏កុំចាប់ផ្តើមដែរ។ 

គេបានរកឃើញថា អ្នកជក់បារីមានការប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូងលោតខុសចង្វាក់មួយប្រភេទហៅថា Atrial Fibrillation ប៉ុន្តែការប្រឈមនេះនឹងថយចុះនៅពេលពួកគេឈប់ជក់បារី។ ជំងឺ Atrial Fibrillation មានឱកាសបង្កជាជំងឺដាច់សរសៃឈាមខួរក្បាលពី ២០ ទៅ៣០ភាគរយ ហើយក៏បង្កើនឱកាសនៃការឆាប់ស្លាប់ដែរ។ 

សម្រាប់ការសិក្សាថ្មីនេះ អ្នកស្រាវជ្រាវបានវិភាគទៅលើការសិក្សាប្រមាណ ២៩ ដែលមានជនជាតិ អាមេរិកខាងជើង អ៊ឺរ៉ុប អូស្រ្តាលី និងជប៉ុនប្រមាណ ៦៧៨០០នាក់។ ការស្រាវជ្រាវនេះបានបង្ហាញថា បើយើងប្រៀបធៀបជាមួយអ្នកមិនជក់បារីទេ ការជក់បារី ៥, ១០, ១៥, ២០, ២៦, ២៩ ដើម ក្នុងមួយថ្ងៃអាចធ្វើឲ្យប្រឈមនឹងការកើតជំងឺ Atrial fibrillation ៩, ១៧, ២៥, ៣២, ៣៩, និង ៤៥ភាគរយ។ រាល់ការជក់បារី ១០ដើម មានជាប់ទាក់ទងនឹងការបង្កើនការប្រឈមនឹងជំងឺ Atrial Fibrillation ១៦ភាគរយ។ នៅពេលយើងប្រៀបធៀបជាមួយអ្នកដែលមិនជក់បារីសោះ ការប្រឈមនឹងជំងឺ Atrial Fibrillation ចំពោះអ្នកជក់បារីនាពេលបច្ចុប្បន្នមាន ៣២ភាគរយ អ្នកជក់បច្ចុប្បន្ននិងអ្នកជក់ពីមុនមាន ២១ភាគរយ និងអ្នកជក់ពីមុនមាន ៩ភាគរយ។ 

លទ្ធផលនៃការសិក្សានេះចង់បង្ហាញអំពីអំណះអំណាងបន្ថែមអំពីអត្ថប្រយោជន៍ចំពោះសុខភាពនៃការផ្តាច់បារី ហើយវាកាន់តែល្អថែមទៀតក្នុងការដែលមិនចាប់ផ្តើមជក់បារីតាំងពីដំបូងទៀត។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន European Journal of Preventive Cardiology ក្នុងថ្ងៃទី ១២ ខែកក្កដានេះទេ៕