គ្មានអ្វីដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តជាងការដឹងថារាងកាយរបស់អ្នកមានភាពស្អាតបាតហើយនោះទេ។ ប៉ុន្តែតើអ្នកមានដឹងទេថា គ្រូពេទ្យនិយាយថា ផ្នែកជាច្រើននៃរាងកាយមនុស្សយើងប្រហែលជាមិនចាំបាច់យកចិត្តទុកដាក់លើការសម្អាតឡើយ? ខាងក្រោមនេះគឺជាសរីរាង្គមួយចំនួនដែលអ្នកគួរតែកុំយកចិត្តទុកដាក់លើការសម្អាតវាទៀតអី៖

ត្រចៀក

តើអ្នកមានបានសម្អាតត្រចៀក្រោយពីងូតទឹករួចដែរទេ? តើអ្នកមានបានប្រើប្រដាប់ត្បាលត្រចៀកចូលក្នុងរន្ធត្រចៀកដើម្បីប្រាកដថាលែងមានអាចម៌ត្រចៀកដែរទេ? យោងទៅតាមអ្នកជំនាញបានឲ្យដឹងថា អ្នកគួរតែឈប់ប្រើទម្លាប់នេះឲ្យបានលឿនបំផុត។ អាចម៌ត្រចៀកមនុស្សយើងមិនមែនជារបស់ដែលកខ្វក់ទេ តែវាត្រូវបានផលិតឡើងដើម្បីជួយការពារក្រដាសត្រចៀកមនុស្សយើង។ ម៉្យាងវិញទៀតការដែលប្រើប្រដាប់ត្បាលត្រចៀក ឬសម្អាតអាចម៌អាចធ្វើឲ្យក្រដាសត្រចៀកងាយនឹងរបួសផង។ អ្វីដែលអ្នកត្រូវធ្វើជំនួសវិញនោះគឺ គ្រាន់តែលាងសម្អាតផ្នែកខាងក្រៅរបស់ត្រចៀកទៅបានហើយ។ 

ច្រមុះ

មិនខ្វល់ថាមាននរណាកំពុងតែមើលអ្នក ឬអត់ទេ យកល្អគួរតែកុំកេសអាចម៌ច្រមុះទៀតអី។ នេះគឺជាការពិតដែលអ្នកត្រូវធ្វើជាពិសេសបើសិនជាក្រចកអ្នកវែង ហើយម្រាមដៃគគ្រិចទៀត។ អ្នកជំនាញនិយាយថា ការដែលខំកេសអាចម៌ច្រមុះគឺងាយឲ្យមានការដាច់ដោចតិចតួចក្នុងច្រមុះ និងងាយមានការបង្ករោគនៅក្នុងនោះណាស់។ រឿងតែមួយដែលអ្នកគួរតែសម្អាតច្រមុះនោះគឺនៅពេលអ្នកមានការបង្ករោគនៅផ្លូវដង្ហើមខាងលើដូចជា ជំងឺផ្តាសាយតែម្តង។ 

សក់

បើសិនជាអ្នកចូលចិត្តងូតទឹកតែមួយថ្ងៃមួយដងនោះ វាគឺជារឿងល្អណាស់។ យ៉ាងណាមិញ គួរតែកុំកក់សក់គ្រប់ពេលដែលអ្នកងូតទឹកអី បើមិនអ៊ីចឹងទេ អ្នកនឹងប្រឈមនឹងការគ្រោះថ្នាក់លើស្បែកក្បាល និងសរសៃសក់ជាមិនខាន។ ស្បែកក្បាលមនុស្សយើងនឹងផលិតជាតិប្រេងជាធម្មជាតិដើម្បីសង្គ្រោះភាពស្ងួតរបស់សរសៃសក់ ដែលរឿងនេះអាចងាយនឹងធ្វើឲ្យរមាស់ស្បែកក្បាល កើតអង្គែ និងជ្រុះសក់បាន។ ជាតិប្រេងដែលចេញពីស្បែកក្បាលក៏ជួយថែរក្សាសរសៃសក់ឲ្យមានសំណើម និងភ្លឺរលោងដែរ។ ដូច្នេះបើសិនជាអ្នកបំបាត់ជាតិប្រេងការពារទាំងនេះដោយការកក់សក់រាល់ថ្ងៃនោះ ស្បែគក្បាលនឹងរងការគ្រោះថ្នាក់មិនខាន។ 

ពោះវៀនធំ

សព្វថ្ងៃនេះ មានតែ និងទឹកផ្លែឈើជាច្រើនដែលគេពរពាយនាយថាផ្តល់សុខភាពដល់មនុស្ស និងខ្លះទៀតថា អាចជួយលាងសម្អាតពោះវៀនមនុស្សបាន ប៉ុន្តែការពិតគឺវាអាចបង្កគ្រោះថ្នាក់ជាងផលល្អទៅវិញទេ។ នៅពេលអ្នកនិយាយដល់ការច្រោះជាតិពុល វាមិនគ្រាន់តែជាការចាលជាតិពុលក្នុងខ្លួនទេ តែវានឹងបញ្ចេញចោលនូវបាក់តេរីល្អៗពីក្នុងពោះវៀនថែមទៀត។ យើងទាំងអស់គ្នាដឹងហើយថា បាក់តេរីល្អៗទាំងនោះគឺអាចជួយទប់ស្កាត់បាក់តេរីអាក្រក់បាន។ បើសិនជាអ្នកចង់សម្អាតពោះវៀនធំ អ្នកគួរតែព្យាយាមញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារសម្បូរជាតិសរសៃជំនួសវិញទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង