ឱសថដំបូងគេរបស់ប្រទេសកម្ពុជា គឺ ឱសថគីណាល់របស់សហគ្រាសផលិត ឱសថ ប៉េប៉េអឹម បានប្រារព្ធខួបលើកទី ៦០ ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី ១៨ ខែ ធ្នូន ជាមួយនឹងការពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ឱសថបំបាត់ការឈឺចុកចាប់ ដែលមានឈ្មោះថា ឱសថ គីណាល់ ត្រូវបានបង្កើត ឡើងដំបូងគេនៅប្រទេសកម្ពុជាដោយ លោកឱសថបណ្ឌិត កុក សុខគីម កាលពីឆ្នាំ ១៩៥៩ ហើយ ការចាប់កំណើតរបស់វាគឺតំណាងអោយការចាប់ផ្តើមនៃឧស្សាហកម្ម ឱសថ កម្ពុជាផងដែរ។
លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលបានបញ្ជាក់ថា កាលពីទសវត្សរ៍ឆ្នាំ១៩៩០ លោកបានរួបរួម គ្នាជាមួយឱសថការី ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីរួមគ្នាបង្កើតឧស្សាហកម្មឱសថនៅក្នុងប្រទេសរបស់យើងឡើងវិញ តាមរយៈការបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹម ហើយយើងបានចាប់ផ្ដើមផលិត ឱសថ គីណាល់ឡើងវិញដោយបោះជំហានតាមលំនាំស្ថាបនិក និងសហគ្រិនជំនាន់មុនរបស់សហគ្រាសយើង។
លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់ថា៖ «កាលពីឆ្នាំ ១៩៩២ ខណៈពេលដែលខ្ញុំបាន ត្រឡប់មកប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រទេសជាតិឡើងវិញក្នុងវិស័យឱសថសាស្រ្ត ដែលជាជំនាញរបស់ខ្ញុំ ខ្ញុំមានគំនិតរួចជាស្រេចទៅហើយថានឹងធ្វើឲ្យឧស្សាហកម្មមួយនេះរស់ឡើងវិញ។ ចាប់តាំងពីទសវត្សន៍ឆ្នាំ ១៩៦០ រហូតមកដល់មុនសម័យខ្មែរក្រហម វិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំងក្លាដែលអាចឆ្លើយតបទៅនឹងតម្រូវការផ្នែកឱសថមួយផ្នែកធំនៅទូទាំងប្រទេសកម្ពុជាយើង»។
លោកឱសថបណ្ឌិតបានបន្ថែមថា៖ «ឱសថគីណាល់ គឺជានិមិត្តរូបនៃការរស់ឡើងវិញនៃវិស័យឧស្សាហកម្មឱសថនៅកម្ពុជា ព្រោះថា គីណាល់ គឺជាថ្នាំពេទ្យ ដែលផលិតនៅប្រទេសខ្មែរលើកដំបូង បង្អស់។ ការជ្រើសរើសនេះមិនមែនជារឿងមនោសញ្ចេតនានោះទេ គឺកើតចេញពីឆន្ទៈ និងជំនឿយ៉ាងមុតមាំក្នុងការចូលរួមចំណែកកសាងប្រទេសជាតិឡើងវិញក្នុងនាមជាសហគ្រិនមួយរូប ព្រោះខ្ញុំមើលឃើញថា ការអភិវឌ្ឍន៍ជាតិឡើងវិញត្រូវតែមានឫសទើបមានផ្លែ ហើយ គីណាល់ នេះហើយ! គឺជាឫស និងជា អត្តសញ្ញាណនៃវិស័យឧស្សាហកម្មឱសថនៅក្នុងប្រទេសកម្ពុជាយើង»។
ចាប់តាំងពីពេលនោះមកផលិតផលឱសថទាំងអស់សហគ្រាសផលិតឱសថ ប៉េប៉េអឹម ទទួលបានការ គាំទ្រយ៉ាងខ្លាំងពីទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ហើយឱសថគីណាល់ គឺជាឱសថដែលលក់ដាច់ជាងគេក្នុងចំណោមផលិតផលនាំចេញជាពិសេសនៅទ្វីបអាហ្រ្វិក។
សហគ្រាសផលិតឱសថ ប៉េប៉េអឹម រៀបចំពិធីប្រារព្ធ ខួប៦០ឆ្នាំឱសថគីណាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សម្តេច សាយ ឈុំបានមានប្រសាសន៍កោតសរសើរចំពោះប្រសិទ្ឋភាពនៃ ឱសថ គីណាល់និងជំរុញអោយកូនខ្មែរជំនាន់ក្រោយប្រឹងប្រែងសិក្សាស្រាវជ្រាវដើម្បីបង្កើតជា ឱសថផ្សេងៗទៀតបម្រើសេចក្តីត្រូវការរបស់ ប្រជាជន៕