ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺខ្នងមិនមែនជាជម្រើសដ៏ល្អចំពោះសុខភាពឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! អ្នកអាចទប់ទល់នឹងបញ្ហាឈឺខ្នងបានតាមរយៈការទទួលទានអាហារមួយចំនួន។ ថាតើអាហារអ្វីខ្លះជួយបំបាត់អាការៈឈឺខ្នង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបំបាត់បញ្ហាឈឺខ្នង ៖
១. តែបៃតង
ការទទួលទានតែបៃតងពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃអាចទប់ស្កាត់អាការៈឈឺខ្នងបានយ៉ាងប្រសើរ។ នោះក៏ព្រោះតែភេសជ្ជៈនេះជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាពិសេសសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។
២. ផ្លែម្នាស់
មានផ្ទុកសម្បូរទៅដោយវីតាមីន C និងអង់ស៊ីមប្រយុទ្ធប្រឆាំងការរលាកបំបាត់ការឈឺចាប់។ ដូច្នេះដើម្បីជាប្រសើរកុំភ្លេចរួមបញ្ចូលផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៣. សាច់
ការទទួលទានសាច់ក៏ល្អសម្រាប់អ្នកឈឺខ្នងផងដែរ។ នោះក៏ព្រោះតែសាច់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពសាច់ដុំនិងឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់។
៤. ត្រីសម្បូរខ្លាញ់
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយបំបាត់អាការៈឈឺខ្នងគួរឱ្យកត់សម្គាល់តាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៥. រមៀត
គ្រឿងទេសនេះជាប្រភពនៃសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។
៦. ខ្ញី
ជាប្រភពនៃសារប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពលប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពីការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។ ដូច្នេះដើម្បីទប់ទល់នឹងអាការៈឈឺខ្នង អ្នកគួររួមបញ្ចូលខ្ញី ឬតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ៕