នៅពេលនិយាយដល់រឿងកាហ្វេ ការឃ្លានញ៉ាំកាហ្វេច្រើនតែកើតចេញពីទម្លាប់ និងតម្រូវការរាងកាយចំពោះជាតិកាហ្វេអ៊ីន។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលបញ្ជាក់ថា ហេតុអ្វីបានជាអ្នកចេះតែឃ្លានចង់ញ៉ាំកាហ្វេម្លេស៖

ទម្លាប់

វាអាចជារឿងទៅរួចមួយដែលថា ការឃ្លានញ៉ាំកាហ្វេអ្នកគឺជាទម្លាប់។ វាអាចជាផ្នែកមួយដ៏សំខាន់នៃទម្លាប់ពេលព្រឹក ឬមូលដ្ឋានសម្រាប់ទំនាក់ទំនងក្នុងសង្គម។ រយៈពេលយូរៗទៅ អ្នកប្រហែលជាត្រូវការវាជាប់ដើម្បីធ្វើជាទម្លាប់ដោយខ្វះមិនបាន។ ដូច្នេះ នៅពេលអ្នកព្យាយាមលះបង់ទម្លាប់នេះ អ្នកអាចមានអារម្មណ៍មិនសូវល្អឡើយ។ 

បំបាត់ស្រ្តេស

ស្រ្តេសប៉ះពាល់ដល់រាងកាយរបស់យើងទាំងមូល ដែលជាហេតុធ្វើឲ្យថប់អារម្មណ៍ និងអស់កម្លាំង។ យុវវ័យជាច្រើនបានប្រើប្រាស់សារធាតុគីមីដើម្បីជួយដូចជា ជាតិនីកូទីន គ្រឿងស្រវឹង និងកាហ្វេ ដើម្បីបន្ថយស្រ្តេស។ វាគឺជារឿងធម្មតាទេ ក្នុងការដែលអ្នកចង់បានសុវត្ថិភាពឡើងវិញចំពោះអារម្មណ៍មិនល្អ។ 

កង្វះជាតិដែកក្នុងខ្លួន

បើសិនជាអ្នកមានជំងឺកង្វះគ្រាប់ឈាមដោយសារតែជាតិដែកក្នុងខ្លួនតិច អ្នកប្រហែលជាមានរោគសញ្ញាច្រើនដូចជា អស់កម្លាំង និងខ្សោយខ្លាំង។ បើសិនជាអ្នកមានអាការៈអស់កម្លាំងរ៉ាំរ៉ៃវាអាចជារឿងច្បាស់មួយថា អ្នកត្រូវការជាតិកាហ្វេអ៊ីនដើម្បីមានកម្លាំងវិញ។ ជាអកុសល្យ កាហ្វេមានសារធាតុធម្មជាតិជាច្រើនឈ្មោះថា Tannins ដែលអាចធ្វើឲ្យរាងកាយមិនអាចបឺតស្រូបជាតិដែកបានឡើយ។ កាហ្វេប្រហែលជាជួយឲ្យអ្នកបំបាត់ភាពអស់កម្លាំងក្នុងរយៈពេលខ្លី ប៉ុន្តែសម្រាប់រយៈពេលវែង គឺអាការៈកង្វះគ្រាប់ឈាមកាន់តែខ្លាំង។ 

កំពុងគេចរោគសញ្ញាខ្វះកាហ្វេមិនបានដូចជា ឈឺក្បាល

ការឈឺក្បាលគឺជារោគសញ្ញានៃការខ្វះជាតិកាហ្វេមិនបាន ហើយវាក៏ត្រូវបានគេដឹងច្បាស់ផងដែរ។ ក្នុងសហរដ្ឋអាមេរិក មនុស្សពេញវ័យច្រើនជាង ៩០ភាគរយគឺប្រើប្រាស់ជាតិកាហ្វេអ៊ីន។ នៅពេលដែលអ្នកមានបំណងឈប់ញ៉ាំកាហ្វេ មនុស្សប្រហែល ៧០ភាគរយនឹងចេញរោគសញ្ញាខ្វះវាមិនបានដូចជាឈឺក្បាលនេះឯង។ អ្នកខ្លះទៀតអាចចេញអាការៈផ្សេងថែមទៀតដូចជា អស់កម្លាំង និងមិនអាចផ្ចង់អារម្មណ៍បាន។ ដោយសារតែការឈឺក្បាលតាំងនេះច្រើនតែទៅវិញដោយខ្លួនឯងក្រោយពីញ៉ាំជាតិកាហ្វេអ៊ីនរួច ដូច្នេះមនុស្សភាគច្រើនដែលញ៉ាំកាហ្វេគឺដើម្បីបញ្ចៀសរោគសញ្ញាខ្វះវាមិនបាន។ 

ជាហ្សែនរបស់អ្នក

ការសិក្សាទៅលើអ្នកញ៉ាំកាហ្វេច្រើនពាននាក់នាពេលថ្មីៗនេះបានជួយដល់អ្នកស្រាវជ្រាវសម្គាល់ដឹងនូវការប្រែប្រួលរបស់ហ្សែនចំនួន ៦ដែលបញ្ជាក់អំពីការឆ្លើយតបទៅនឹងជាតិកាហ្វេអ៊ីនរបស់មនុស្សម្នាក់។ ហ្សែនទាំងនេះអាចទាយដឹងថាតើមនុស្សម្នាក់នឹងជាអ្នកញ៉ាំកាហ្វេច្រើនៗឬអត់។ 

ញៀនជាតិកាហ្វេអ៊ីន

សម្រាប់មនុស្សម្នាក់ដែលញៀននឹងអ្វីមួយហើយគឺនៅតែបន្តប្រើប្រាស់សារធាតុនោះទៀតទោះបីជាវាកំពុងតែបង្កបញ្ហាដល់ពួកគេក៏ដោយដូចជា ធ្វើឲ្យឈឺ ឬមិនអាចធ្វើការងារធម្មតាបាន។ ថ្វីបើជាតិកាហ្វេអ៊ីនអាចនាំឲ្យញៀនក៏ដោយ តែវាមិនកើតឡើងជាញឹកញាប់ឡើយ។ យ៉ាងណាមិញ ការញៀនជាតិកាហ្វេអ៊ីនគឺជាបញ្ហាទូលំទូលាយណាស់ដែលកំពុងតែប៉ះពាល់ទាំងមនុស្សធំ និងកូនក្មេង។ ការញៀនខាងរាងកាយកើតឡើងនៅពេលដែលរាងកាយបានប្រើប្រាស់សារធាតុមួយ ហើយអ្នកចេញជារោគសញ្ញាមិនអាចខ្វះសារធាតុនោះបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង