ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានដំឡូងជ្វា ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមើមនេះជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការទទួលទានដំឡូងជ្វាប្រសើរយ៉ាងណាខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីចំនុចពិសេសៗនៃដំឡូងជ្វាដែលអ្នកគួររួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

នោះក៏ព្រោះតែដំឡូងជ្វាមានផ្ទុកសម្បូរទៅដោយជាតិដែកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងពង្រឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំនៃរាងកាយ។

២. សុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ

ដំឡូងជ្វាជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារទប់ស្កាត់បញ្ហាទល់លាមក។ ការទទួលទានអាហារសម្បូរជាតិសសៃជាប្រចាំថែមទាំងអាចជួយកម្ចាត់ជាតិពុលក្នុងពោះវៀនទៀតផង។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

នោះក៏ព្រោះតែដំឡូងជ្វាជាប្រភពដ៏ល្អនៃជាតិសសៃ ហើយការទទួលទានអាហារសម្បូរជាតិសសៃជាប្រចាំក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ លើសពីនេះទៅទៀតដំឡូងជ្វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoid ដែលទប់ស្កាត់ការវិវត្តន៏នៃជំងឺមហារីកគួរឱ្យកត់សម្គាល់។

៤. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល

វីតាមីន B6 ដែលមានផ្ទុកនៅក្នុងដំឡូងជ្វា គឺមានមុខងារកាត់បន្ថយសារធាតុ Homocysteine នៅក្នុងប្រព័ន្ធរាងកាយ។ សារធាតុគីមី Homocysteine ត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តន៏នៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ដំឡូងជ្វាជាប្រភពដ៏ល្អឥតខ្ចោះនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់នៃធ្មេញ និងដំណើរការសំខាន់ៗដទៃទៀតដូចជា ការផលិតកូឡាជែន ការរំលាយអាហារ និងការបង្កើតកោសិកាឈាម។ វីតាមីន C ក៏ជាសមាសធាតុសំខាន់មួយក្នុងការបង្កើតឡើងវិញនូវភាពរឹងមាំ និងភាពបត់បែន ឬភាពយឺតនៃស្បែកផងដែរ។ កម្រិតខ្ពស់នៃវីតាមីន C នៅក្នុងប្រព័ន្ធរាងកាយជួយទប់ទល់ប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង