ពាក្យថាខ្សោយបេះដូងមិនមែនមានន័យថា បេះដូងអ្នកឈប់លោតនោះទេ។ វាគ្រាន់តែមិនធ្វើការបានល្អដូចអ្វីដែលវាត្រូវធ្វើប៉ុណ្ណោះ។ វាអាចកើតឡើងនៅពេលដែលបេះដូងមិនអាចច្របាច់ឈាម និងអុកស៊ីសែនទៅចិញ្ចឹមឈាមបានគ្រប់គ្រាន់។ វាប្រហែលជាកើតឡើងដោយសារតែសាច់ដុំបេះដូងចុះខ្សោយ។ ប៉ុន្តែវាក៏មានរឿងច្រើនទៀតដែលអាចធ្វើឲ្យបេះដូងធ្វើការមិនបានល្អដែរ។

បេះដូងអាចចាប់ផ្តើមចុះខ្សោយទៅតាមអាយុ ប៉ុន្តែបញ្ហានេះក៏អាចកើតឡើងលើមនុស្សវ័យក្មេងដែរ។ មនុស្សភាគច្រើនដែលមានជំងឺនេះគឺមានបញ្ហាណាមួយមុនដូចជា សម្ពាធឈាមឡើងខ្ពស់ ជំងឺសរសៃឈាមបេះដូង គាំងបេះដូង បេះដូងខូចពីកំណើត ឬជំងឺណាមួយដែលប៉ះពាល់ទៅលើសាច់ដុំច្របាច់ឈាមរបស់បេះដូង។ ជំងឺសួតក៏អាចនាំឲ្យខ្សោយបេះដូងបានដែរ។ ភាពធាត់ជ្រុល ជំងឺទឹកនោមផ្អែម និងការគេងបាត់ដង្ហើមក៏ជាប់ទាក់ទងគ្នាដែរ។ 

ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃជំងឺខ្សោយបេះដូងដូចជា៖

ពិបាកដកដង្ហើម

វាគឺជាភ្លើងក្រហមដំបូងគេមួយដែលអ្នកអាចសម្គាល់ដឹង ជាពីសេសក្រោយពីអ្នកធ្វើការយ៉ាងសកម្មរួច។ វាក៏អាចកើតឡើងនៅពេលអ្នកសម្រាកដែរ ព្រោះវាជាសញ្ញានៃជំងឺខ្សោយបេះដូងដែលធ្ងន់ធ្ងរ។ ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថាពិបាកដកដង្ហើមនៅពេលគេង។ នេះដោយសារតែបេះដូងមិនអាចរក្សាលំហូរឈាមចេញពីសួតបាន។ ករណីបែបនេះ អាចធ្វើឲ្យជាតិទឹកចាលទៅសួតវិញ ហើយក៏ពិបាកដកដង្ហើមទៅ។ 

ខ្សោយ

បើសិនជាបេះដូងមិនអាចច្របាច់ឈាមបានយ៉ាងល្អទេ ខួរក្បាលនឹងទទួលបានឈាមកាន់តែតិចដូចសាច់ដុំផ្សេងៗដែរ។ រឿងនេះអាចធ្វើឲ្យដៃ ឬជើងមិនសូវមានកម្លាំងឡើយ។ អ្នកប្រហែលជាមានអារម្មណ៍នឿយហត់ខ្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃដូចជា ការឡើងជណ្តើរ ឬដើរចូលបន្ទប់ជាដើម។ អ្នកអាចនឹងមានអារម្មណ៍ធីងធោងទៀតផង។ 

ក្អក និងដកដង្ហើមលឺដូចហួច

នេះគឺជាសញ្ញាមួយផ្សេងទៀតដែលបេះដូងអ្នកកំពុងតែធ្វើការខ្លាំង ហើយឈាមដែលត្រូវចូលឈាមនោះអាចចាលឡើងទៅសួតវិញទៀត។ មានន័យថា វានឹងចាលជាតិទឹកទៅក្នុងសួត។ ពេលខ្លះ ការក្អកអាចចេញជាស្លេស្មពណ៌ស ឬផ្កាឈូកផង។ ចូរឲ្យគ្រូពេទ្យដឹងផងបើសិនជាអ្នកមានអាការបែបនេះ។ 

ហើម និងឡើងទម្ងន់

ជាតិទឹកអាចចាលទៅក្នុងជាលិកាដែរ។ រឿងនេះអាចធ្វើឲ្យប្រអប់ជើង កែងជើង ជើង ឬក្បាលពោះទៅជាហើមបាន។ ចាប់តាំងពីតម្រងនោមមិនសូវមានឈាមច្រើនដើម្បីធ្វើការ តែវាប្រហែលជាមិនអាចលុបបំបាត់ ឬយកឈ្នះការកើនច្រើនរបស់ជាតិសូដ្យូមឡើយ។ រឿងនេះនឹងធ្វើឲ្យមានជាតិទឹកកាន់តែច្រើនដកក្នុងជាលិកាអ្នក។ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាអ្នកមានការហើម ឬឡើងទម្ងន់ភ្លាមៗជាប់រហូត។ 

ចង្អោ

អ្នកប្រហែលជាអារម្មណ៍ថាក្នុងពោះឆ្អែត ទោះបីជាមិនបានញ៉ាំអ្វីច្រើនក៏ដោយ។ ម៉្យាងវិញទៀត វាក៏អាចធ្វើឲ្យអ្នកមិនមានចំណង់អាហារផងដែរ។ រឿងនេះកើតឡើងដោយសារប្រព័ន្ធរំលាយអាហារអ្នកមិនទទួលបានអុកស៊ីសែន និងឈាមគ្រប់គ្រាន់។ 

បេះដូងលោតញ៉ាប់

វាគឺជាសញ្ញាព្រមានដ៏ញឹកញាប់មួយ។ នៅពេលបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ រាងកាយនឹងដឹង។ ដូច្នេះវានឹងធ្វើរឿងមួយចំនួនខាងក្រោមនេះដើម្បីបានឈាមគ្រប់គ្រាន់ប្រើប្រាស់ដូចជា៖

  • បន្ថែមសាច់ដុំទៅលើបេះដូងដើម្បីច្របាច់ឈាមកាន់តែខ្លាំង
  • ពង្រីកទំហំបេះដូងដូច្នេះវានឹងអាចធ្វើការកាន់តែល្អ
  • ធ្វើឲ្យបេះដូងលោតកាន់តែលឿន៕