ថ្លើមរបស់មនុស្សយើង គឺជាសរីរាង្គដែលធំជាងគេបំផុតចំណាត់ថ្នាក់ទីពីរនៃរាងកាយទាំងមូល ហើយវាមាននាទីក្នុងការរំលាយអាហារ បញ្ចេញជាតិពូល បន្សាបគ្រឿងស្រវឹង និងថ្នាំជាដើម។ តាមពិតទៅ វាមានមុខងារសំខាន់ៗប្រមាណជាង ៥០០ប្រភេទឯណោះ ដោយក្នុងនោះមានដូចជា ការផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល បង្កើតប្រូតេអ៊ីន និងទឹកប្រមាត់ ដែលវាសំខាន់បំផុតក្នុងការរំលាយជាតិខ្លាញ់ កាបូអ៊ីដ្រាត និងប្រូតេអ៊ីន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីថែរក្សាសុខភាពថ្លើម ដែឡវាអាចផ្តល់ភាពងាយស្រួលបើសិនជាអ្នកមិនអាចថែរក្សាថ្លើមបានយ៉ាងល្អនោះទេ។ នៅពេលនិយាយដល់ការថែរក្សាថ្លើម យើងក៏គួរតែនិយាយអំពីការចៀសវាងរឿងមួយចំនួន ឬទម្លាប់ទាំងឡាយណាដែលអាចផ្តល់ផលអាក្រក់ ឬគ្រោះថ្នាក់ដល់ថ្លើម និងសុខភាពទាំងមូលដែរ។ ខាងក្រោមនេះខ្ញុំសូមណែនាំគន្លឹះខ្លីៗមួយចំនួនក្នុងការថែរក្សាថ្លើមឲ្យកាន់តែមានសុខភាពល្អ៖

ញ៉ាំអាហារដែលត្រឹមត្រូវ

ចូរមានទម្លាប់ញ៉ាំអាហារដែលផ្តល់សុខភាព អាហារមានតុល្យភាពដោយសម្បូរទៅដោយជាតិសរសៃ ដែលអាចជាបន្លែ ផ្លែឈើស្រស់ៗ និងគ្រាប់ធញ្ញជាតិជាដើម។ ចូរបញ្ចូលសាច់គ្មានខ្លាញ់ (តែត្រូវកាត់បន្ថយការញ៉ាំសាច់ក្រហម) ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប និងខ្លាញ់ផ្តល់សុខភាពពីគ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងត្រីសម្បូរខ្លាញ់ក្នុងរបបអាហារ។ ចូរចៀសវាង ឬកាត់បន្ថយការញ៉ាំអាហារណាមានកាឡូរីខ្ពស់ ខ្លាញ់ Saturated Fat កាបូអ៊ីដ្រាតកៃឆ្នៃ និងការថែមស្ករច្រើន។ ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។ 

ហាត់ប្រាណ

នៅពេលអ្នកមានទម្លាប់ហាត់ប្រាណ អ្នកនឹងមិនគ្រាន់តែរំលាយជាតិខ្លាញ់កាន់តែច្រើនដែលជួយឲ្យទម្ងន់រក្សាបានល្អទេ តែវាក៏ជួយរំលាយជាតិខ្លាញ់ប្រភេទ Triglycerides ដើម្បីបង្កើនថាមពល សម្រាប់ជួយបន្ថយការកើតជំងឺខ្លាញ់រុំថ្លើមបានដែរ។ ការហាត់ប្រាណទៀងទាត់នឹងជួយបង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃជាច្រើន ខណៈពេលបង្កើនសុខភាពផ្លូវកាយ និងចិត្តជាមួយគ្នាផង។ 

ពិនិត្យទៅលើទឹកដែលអ្នកផឹក

ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ខូចខាតកោសិកាថ្លើម និងសម្លាកសាច់ថ្លើមរហូតដល់ទៅជាក្រិនថ្លើមបាន។ ដូច្នេះបើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង អ្នកប្រហែលជាត្រូវញ៉ាំវាក្នុងកម្រិតមធ្យមអីបានហើយ។ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថាតើអ្នកគួរញ៉ាំក្នុងកម្រិតណាទើបស័ក្តិសម។ 

ប្រើវិធីបង្ការជំងឺរលាកថ្លើម

មានរឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបង្ការ ឬបន្ថយការប្រឈមនឹងជំងឺរលាកថ្លើមដោយសារវីរុសបាន ព្រោះវាជាជំងឺដែឡបង្កគ្រោះថ្នាក់ធ្ងន់ដល់សុខភាពថ្លើមហើយ។ វិធីដែលអាចធ្វើបានមានដូចជា៖

  • ចាក់វ៉ាក់សាំង៖ មានវ៉ាក់សាំងច្រើនណាស់ដែលអាចជួយបង្ការជំងឺរលាកថ្លើមប្រភេទ A និង B បាន។ 
  • អនុវត្តអនាម័យល្អ៖ ការលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹកស្អាតក្រោយចេញពីបន្ទប់ទឹករួច មុនពេលរៀបចំ ឬញ៉ាំអាហារ អាចជួយបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទ A បាន ព្រោះវាជាជំងឺដែលរាលដាលតាមរយៈអាហារ ឬទឹកដែលមានមេរោគ ឬតាមរយៈការប៉ះពាល់នឹងអ្នកជំងឺផ្ទាល់។ 
  • អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព៖ ការរួមភេទដោយមិនបានការការពារ ឬរួមភេទជាមួយដៃគូរច្រើនពិតជាប្រឈមខ្លាំងនឹងជំងឺរលាកថ្លើមប្រភេទ A និង C ខ្លាំងណាស់ ព្រោះវាជាជំងឺឆ្លងតាមរយៈឈាមផង និងទឹកសរីរៈផង។ ចូរចៀសវាងការប្រើម្ជុរចាក់ថ្នាំរួមគ្នា និងរបស់ផ្ទាល់ខ្លួនរួមគ្នាដូចជា ច្រាស់ដុសធ្មេញ ឡាមកោពុកមាត់ ព្រោះវាអាចធ្វើឲ្យប្រឈមមុខបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

លើសពីនេះទៅទៀត ចូរធ្វើយ៉ាងណាលុបបំបាត់ថ្នាំសម្លាប់សត្វល្អិត និងជាតិពុលផ្សេងៗចេញពីមជ្ឈដ្ឋានជុំវិញខ្លួន ព្រោះវាអាចធ្វើឲ្យខូចថ្លើមបានដូចគ្នា។ ការសម្របខ្លួនទៅតាមរបៀបរស់នៅដែលផ្តល់សុខភាព និងពិនិត្យមើលថ្នាំដែលប្រើប្រាស់ផងព្រោះវាអាចមានផលរំខានដែលធ្វើឲ្យមានបញ្ហាថ្លើមបាន។ ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុនពេលប្រើប្រាស់ថ្នាំបំប៉ន់គ្រប់ប្រភេទ៕