ការឆ្លងមេរោគផ្លូវបង្ហូរនោមមិនត្រឹមតែបង្កភាពរំខាន និងឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យមានការរលាកតម្រងនោមផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមានអាហារអ្វីដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺរលាកតម្រងនោម ឬការឆ្លងមេរោគផ្លូវបង្ហូរនោមដែរឬទេ?  ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហានៃឆ្លងមេរោគផ្លូវបង្ហូរនោម ៖

១. ទទួលទានទឹកឱ្យបានច្រើន

អ្វីដំបូងបំផុតដែលអ្នកត្រូវធ្វើនៅពេលជួបប្រទះបញ្ហារលាកផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិពុល និងបាក់តេរីដែលបង្កឱ្យមានការឈឺចាប់។ ការទទួលទានទឹក មានប្រសិទ្ធិភាពខ្ពស់បំផុតមួយទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោម ដូច្នេះដើម្បីជៀសផុតពីបញ្ហាតម្រងនោម អ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។

២. ជៀសវាងការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន

បញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមបណ្ដាលឱ្យផ្លោកនោមឆ្លងមេរោគ និងរលាក ដូច្នេះអ្នកចាំបាច់គួរប្រុងប្រយ័ត្នចំពោះអាហារដែលអាចធ្វើឱ្យស្ថានភាពនៃបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ក្នុងចំណោមប្រភេទនៃអាហារ និងភេសជ្ជៈផ្សេងៗ អ្នកគួរជៀសឱ្យផុតនូវគ្រឿងស្រវឹង ជាតិនីកូទីន ជាតិផ្អែមសិប្បនិម្មិត កាហ្វេ អាហារហឹរ និងភេសជ្ជៈកំប៉ុង ឬភេសជ្ជៈមានផ្ទុកជាតិកាបូណាត។ ហើយអ្នកគួរជ្រើសរើសទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត និងជាតិសសៃជំនួសវិញ។

៣. ស្អំកម្ដៅ

ការស្អំកម្ដៅជួយបំបាត់អាការៈឈឺចាប់ និងក្រហាយបានឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់បន្ទះ ឬខ្នើយកម្ដៅដាក់ស្អំលើតំបន់ដែលទទួលរងផលប៉ះពាល់ឈឺចាប់សម្រាប់រយៈពេល ១៥ នាទី។ ចំណុចសំខាន់នោះ គឺកុំប្រើប្រាស់កម្ដៅខ្លាំង ហើយក៏កុំដាក់ស្អំផ្ទាល់លើស្បែកតែម្ដង និងមិនត្រូវលើសពី ១៥ នាទីឡើយ។

៤. បង្កើនការទទួលទានវីតាមីន C

រូបមន្តបែបធម្មជាតិដ៏ងាយមួយទៀតទប់ទល់បញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីន C ធ្វើឱ្យទឹកនោមកាន់តែមានជាតិអាស៊ីតខ្ពស់ដែលរារាំងការរីកលូតលាស់នៃបាក់តេរីក្នុងផ្លូវបង្ហូរនោម។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C ផងដែរ។

៥. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោមមានផ្ទុកប៉ូតាស្យូម អង់ស៊ីម និងជាតិរ៉ែផ្សេងទៀតដែលអាចជួយប្រយុទ្ធប្រឆាំងបាក់តេរីបង្កបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយក្នុងទឹកធម្មតា ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាន ២ ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ ថ្ងៃ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ឬក្រូចឆ្មារដើម្បីបន្ថែមរសជាតិ។

៦. ម្នាស់

ម្នាស់ជាប្រភពនៃអង់ស៊ីម Bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយអាការៈនៃបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ ១ ពែងរាល់ថ្ងៃ៕