Join with Health.com.kh on Telegram

ការចិញ្ចឹមកូនអាចចាត់ទុកថាជារឿងពិបាកក៏បាន និងស្រួលក៏បាន ប៉ុន្តែបើយើងសួរទៅឪពុកម្តាយភាគច្រើនទាក់ទងអំពីរឿងនេះ គឺ៩៩ភាគរយហើយដែលនិយាយថា ការចិញ្ចឹមកូនដោយខ្លួន​ឯងគឺជារឿងពិបាកខ្លាំងណាស់ទម្រាំពួកគេធំ ហើយអាចមើលថែខ្លួនឯងបាន។ យ៉ាងណាមិញ នៅពីក្រោយការធំធាត់របស់កូន វាគួរតែមានរឿងសំខាន់មួយដែលឪពុកម្តាយខានមិនបាន នោះគឺរបបអាហារដែលត្រឹមត្រូវដែលផ្តល់ឲ្យកូន ដើម្បីពួកគេអាចលូតលាស់រាងកាយ និងធំធាត់បានគ្រប់គ្រាន់ និងត្រឹមត្រូវ។ ដូច្នេះតើអ្នកគួរតែជ្រើសរើសអាហារអ្វីខ្លះដល់ពួកគេទៅនៅពេលដែលពួកគេបានឈានដល់វ័យមួយដែលអាចញ៉ាំអាហារបន្ថែមក្រៅបាន (ចាប់ពី៦ខែឡើងទៅ)? 

ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារអស្ចារ្យមួយចំនួនដែលវាល្អសម្រាប់កូនតូចៗ ជាពិសេសក្មេងដែលទើបតែចេះដើរតេសតាសរៀនញ៉ាំ៖ 

ស៊ុត

ស៊ុតផ្តល់នូវជាតិប្រូតេអ៊ីន ហើយក៏ជាអាឆហារមួយដែលមានវីតាមីន D ពីធម្មជាតិដែលអាចជួយឲ្យរាងកាយបឺតស្រូបជាតិកាលស្យូមពីចំណីអាហារផ្សេងទៀតដេរ។ ការញ៉ាំប្រូតេអ៊ីនជាអាហារពេលព្រឹកនឹងជួយឲ្យកូនឆ្អែតបានយូរ។ 

ផ្លែឈើ

រាល់ផ្លែឈើទាំងអស់សុទ្ធតែល្អចំពោះកូន ព្រោះវាផ្តល់នូវជីវជាតិ និងវីតាមីនសំខាន់ៗ។ ផ្លែឈើក៏មានជាតិសរសៃច្រើនដែរ។​ ដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់ ចូរឲ្យកូនញ៉ាំផ្លែឈើច្រើនប្រភេទដូចជា បឺរី គីវី និងក្រូចជាដើម។ 

គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិជាអ្នកបង្កើតនូវខ្លាញ់ផ្តល់សុខភាព ដែលរាងកាយក្មេងត្រូវការដើម្បីលូតលាស់ និងធំធាត់ ព្រមទាំងផ្តល់សុខភាពដល់បេះដូងគេទៀតផង។ ការទទួលបានខ្លាញ់ល្អបែបនេះបន្តិចនៅពេលព្រឹកនឹងជួយឲ្យកូនមានកម្លាំងលេង។ 

ទឹកដោះគោ

ប្រូតេអ៊ីន និងកាលស្យូមក្នុងផលិតផលធ្វើពីទឹកដោះគោនឹងផ្តល់ជាថាមពលដល់ខួរក្បាល និងរាងកាយ។ ប្រូតេអ៊ីននឹងជួយបង្កើតជាសាច់ខួរក្បាល ខណៈពេលដែលទឹកដោះគោជួយថែរក្សាឆ្អឹង និងធ្មេញកាន់តែរឹងមាំ។ 

បឺរីពណ៌ខៀវ

តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ក្រៅពីការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងព្រឹងដល់មុខងារខួរក្បាល ផ្លែបឺរីប្រហែលជាជួយបន្ថយជាតិពុលក្នុងខ្លាញ់ក្បាលពោះបាន។ ដូច្នេះយកល្អគួរតែផ្តល់ឲ្យកូនញ៉ាំផ្លែឈើមួយនេះនៅពេលព្រឹក ឬធ្វើជាបង្អែមញ៉ាំសម្រាប់រដូវក្តៅក៏បានដែរ។ 

តៅហ៊ូ

អាហារធ្វើពីសណ្តែកសៀងគឺជាប្រភពដ៏អស្ចារ្យមួយនៃប្រូតេអ៊ីនសុទ្ធ និងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកទៀតផង។ តៅហ៊ូគឺជារបស់ដ៏អស្ចារ្យមួយសម្រាប់ក្មេងស្រីព្រោះវាមានឥទ្ធិពលការពាររាងកាយពួកគេ និងថែរក្សាជាលិការសុដន់លូតលាស់កាន់តែល្អថែមទៀត។ 

ប៉េងប៉ោះ

ប៉េងប៉ោះផ្ទុកទៅដោយសារធាតុ Lycopene ដែលវាអាចការពាររាងកាយពីជំងឺមហារីកជាច្រើនប្រភេទ។ ប៉េងប៉ោះដែលចម្អិនរួចកាន់តែផ្តល់សុខភាពល្អជាងឆៅទៅទៀតព្រោះកម្តៅនឹងជួយបញ្ចេញសារធាតុ Lycopene មកខាងក្រៅ។ 

ត្រីសាលម៉ុង

ត្រីប្រភេទនេះផ្ទុកទៅដោយជាតិខ្លាញ់អូមេហ្គាបីដែលល្អសម្រាប់សុខភាពបេះដូង ព្រមទាំងបង្កើនការធំធាត់របស់ខួរក្បាល បំបាត់ការបាក់ទឹកចិត្ត និងប្រឆាំងការរលាកបានថែមទៀត។ ចូរប្រាកដថា អ្នកបានជ្រើសរើសត្រីនេះដែលមានជាតិបារតទាប តែអូមេហ្គាបីខ្ពស់៕