គ្មានអ្វីដែលធ្វើឲ្យពិបាកក្នុងខ្លួនជាងការងើបក្បាលពីកន្ទេលហើយឈឺក្បាលខ្ទក់ៗនោះទេ។ ក្រោយពីឈឺក្បាលនៅពេលព្រឹកបែបនេះ រឿងដំបូងគេដែលអ្នកបានគិតនោះ គឺដោយសារតែពួក ភួយ ខ្នើយ មិនស្អាតហើយទើបធ្វើឲ្យមានបញ្ហាបែបនេះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានរឿងច្រើនទៀតដែលនាំឲ្យអ្នកឈឺក្បាលនៅពេលព្រឹកនេះ ដែលអ្នកគួរតែស្វែងយល់អំពីវាផង។ 

គេងច្រើនពេក

មែនហើយ ពេលវេលាគេងដែលអ្នកត្រូវការក្នុងមួយថ្ងៃនោះគឺ ៧ ទៅ៨ម៉ោង ប៉ុន្តែ ការគេងច្រើនជាង ៩ម៉ោង អាចធ្វើឲ្យអ្នកភ្ញាក់ពីគេងមកឈឺក្បាលតែម្តង។ ការគេងជ្រុលអាចបន្ថយកម្រិតអ័រម៉ូន Serotonin ក្នុងខួរក្បាល ដែលវាអាចបន្ថយលំហូរឈាមទៅខួរក្បាល និងបង្កការឈឺក្បាលតែម្តង។ 

ញ៉ាំគ្រឿងស្រវឹងច្រើនពេក

វាជារឿងមួយធម្មតាទៅហើយដែលថា ការញ៉ាំគ្រឿងស្រវឹងច្រើននៅពេលយប់អាចនាំឲ្យឈឺក្បាលនៅពេលព្រឹក។ ទោះបីជាញ៉ាំតិចតួចក៏អាចធ្វើឲ្យអ្នកខ្សោះជាតិទឹក បន្ថយលំហូរឈាមទៅខួរក្បាល និងបង្កការឈឺក្បាលបានដែរ។ 

គេងតិចពេក

នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ័រម៉ូនក្នុងខ្លួនអាចនឹងធ្វើការខុសប្រក្រតីដែលជាហេតុនាំឲ្យចង្វាក់បេះដូងកើនឡើង លើសសម្ពាធឈាម និងឈឺក្បាល។ ចូរចាំថា រាងកាយត្រូវការគេង ៧ ទៅ៨ម៉ោងទើបធ្វើការបានធម្មតា។ 

អ្នកកំពុងតែបាក់ទឹកចិត្ត

ការឈឺក្បាលដោយសារការបាក់ទឹកចិត្តអាចកើតឡើងគ្រប់ពេលវេលា ប៉ុន្តែវាក៏កើតឡើងជាពិសេសនៅពេលព្រឹកដែរ។ ការបាក់ទឹកចិត្តអាចរំខានដល់ការគេង គេងតិច និង គេងកាន់តែច្រើន ដែលវាសុទ្ធសឹងតែធ្វើឲ្យឈឺក្បាលនៅពេលព្រឹកបានទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក

នៅពេលអ្នកញ៉ាំកាហ្វេច្រើន និងមិនបានគេងគ្រប់គ្រាន់ អ្នកពិតជាភ្ញាក់ពីគេងមកឈឺក្បាលខ្ទកៗជាមិនខាន។ អ្នកទំនងជាអាចឈឺក្បាលដោយសារជាតិកាហ្វេអ៊ីនបើសិនជាអ្នកជាមនុស្សញ៉ាំកាហ្វេច្រើនៗ៕