សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាសាច់មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនក៏ដោយ ក៏មិនមែនមានន័យថា វាអាចផ្គត់ផ្គង់នូវសារធាតុចិញ្ចឹមគ្រប់ប្រភេទពេញលេញដែលរាងកាយត្រូវការចាំបាច់រៀងរាល់ថ្ងៃបានដែរ។ អ្នកគួរចាំថា របបអាហារដែលផ្សំឡើងពីប្រភេទនៃអាហារខុសៗគ្នាទើបអាចផ្ដល់នូវសារធាតុចិញ្ចឹមល្អៗច្រើនប្រភេទផ្សេងៗគ្នា។ ហើយថាតើអ្នកធ្លាប់ឆ្ងល់ទេថា ការទទួលទានតែសាច់សុទ្ធជាអាហារប្រចាំថ្ងៃនឹងផ្ដល់ផលល្អ ឬអាក្រក់ចំពោះសុខភាព? ថ្ងៃេនះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអ្វីដែលកើតឡើងនៅពេលអ្នកទទួលទានតែសាច់សុទ្ធជាអាហារប្រចាំថ្ងៃ ៖

១. កង្វះអាហារូបត្ថម្ភ

សាច់ គឺមិនមានផ្ទុកនូវសារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាបាននូវរូបរាង និងសុខភាពល្អប្រសើរឡើយ។ ភាគច្រើននៃសាច់ គឺមានផ្ទុកសម្បូរតែជាតិប្រូតេអ៊ីន ជាតិដែក ម៉ាញ៉េស្យូម វីតាមីន B និងវីតាមីន D ប៉ុណ្ណោះ។ ដូច្នេះហើយទើបការទទួលទានតែសាច់ជាអាហារប្រចាំថ្ងៃនឹងធ្វើអោយអ្នកជួបប្រទះនូវបញ្ហាកង្វះអាហារូបត្ថម្ភ។ នៅមានបញ្ហាមួយចំនួនផ្សេងទៀតដែលអាចនឹងកើតឡើងចំពោះអ្នក នៅពេលរាងកាយមិនទទួលបានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ ហើយភាគច្រើននៃបញ្ហាទាំងនោះ គឺគួរអោយព្រួយបារម្ភណាស់។

២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

នោះក៏ព្រោះតែសាច់គ្មានផ្ទុកនូវវីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងមេរោគឆ្លងផ្សេងៗ។

៣. ឡើងទម្ងន់

សាច់ភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិកាឡូរីខ្ពស់ ហើយប្រសិនបើអ្នកចូលចិត្តទទួលទានសាច់ខ្លាញ់ និងមិនសូវជាធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះវាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលឡើយដែលអ្នកនឹងត្រូវកើនទម្ងន់ខ្លាំងឆាប់រហ័ស។

៤. ទល់លាមក

ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃដែលរាងកាយត្រូវការដើម្បីរក្សាបាននូវចលនាពោះវៀនល្អប្រសើរជៀសផុតពីបញ្ហាទល់លាមកនោះ គឺបន្លែ និងផ្លែឈើ។ សាច់គ្មានផ្ទុកជាតិសសៃឡើយ! នេះហើយជាមូលហេតុដែលអ្នកនឹងត្រូវជួបប្រទះអាការៈទល់លាមក ប្រសិនបើអ្នកមិនទទួលទានអ្វីផ្សេងសោះក្រៅពីសាច់។

៥. ជំងឺបេះដូង

ការទទួលទានសាច់ច្រើនអាចបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់ដែលសុទ្ធសឹងតែជាកត្តាហានិភ័យចម្បងបំផុតនៃជំងឺបេះដូង។

ប្រយ័ត្ន! ការញ៊ាំតែសាច់សុទ្ធមិនរួមបញ្ចូលអ្វីផ្សេងក្នុងរបបអាហារដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិជាដើម គឺមិនល្អសោះឡើយសម្រាប់សុខភាពពិសេសប្រសិនបើអ្នកកំពុងមានផ្ទៃពោះ កំឡុងពេលបំបៅដោះកូន ឬស្ថិតក្រោមស្ថានភាពនៃជំងឺណាមួយ។ ប្រសិនបើអ្នកចង់ទទួលទានតែសាច់ ចូរប្រាកដថាអ្នកបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង