ប្រព័ន្ធភាពស៊ាំរឹងមាំជាអ្វីមួយដែលនឹងជួយការពារកុមារឱ្យចៀសផុតពីជងឺផ្សេងៗបានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអ្នកត្រូវធ្វើយ៉ាងណាខ្លះទើបជួយកុមារឱ្យរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ ៖
១. មានរបបអាហារសុខភាពល្អ
របបអាហារដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងប្រព័ន្ធភាពស៊ាំ។ ដូច្នេះហើយទើបប្រព័ន្ធភាពស៊ាំកុមារអាចចុះខ្សោយគួរឱ្យកត់សម្គាល់ដោយសារតែរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ ដើម្បីជាការប្រសើរចូរចាប់ផ្ដើមរៀបចំរបបអាហារត្រឹមត្រូវដោយរួមបញ្ចូលបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់ឱ្យកូនរបស់អ្នកតាំងពីពួកគេនៅតូច។
២. បង្រៀនពួកគេពីរបៀបត្រឹមត្រូវក្នុងការលាងសម្អាតដៃ
ការលាងសម្អាតដៃអាចកាត់បន្ថយការឆ្លងមេរោគ និងទប់ស្កាត់ការរីករាលដាលនៃមរោគផងដែរ។ ទោះជាយ៉ាងណាក្មេងៗមិនសូវជាយកចិត្តទុកដៃលើការលាងសម្អាតដៃរបស់ពួកគេឡើយ។ ដូច្នេះអ្នកគួរបង្រៀនពួកគេពីរបៀបត្រឹមត្រូវក្នុងការលាងសម្អាតដៃដោយលាងដៃជាមួយសាប៊ូនិងទឹកស្អាតក្រោយពេលចេញពីបន្ទប់ទឹក មុនពេល ឬក្រោយពេលញ៊ាំអាហារជាដើម។
៣. កាត់បន្ថយស្ត្រេសនិងបញ្ហាថប់បារម្ភ
មិនមែនមានតែមនុស្សពេញវ័យនោះទេដែលប្រឈមមុខនឹងបញ្ហាស្ត្រេស។ ក្មេងៗក៏អាចជួយប្រទះបញ្ហានៃភាពតានតឹងក្នុងអារម្មណ៍ផងដែរតាមរយៈកិច្ចការសាលា សកម្មភាពផ្សេងៗនៅសាលា ទំនាក់ទំនងរវាងពួកគេនិងក្មេងៗដទៃទៀត រួមទាំងបរិយាកាសនៅផ្ទះ។ អ្នកប្រហែលជាគិតថាកូនៗរបស់អ្នកមិនចេះស្ត្រេសឡើយទាំងដែលការពិតទៅពួកគេអាច! ហើយស្ត្រេសជាមូលហេតុចម្បងមួយដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ប្រសិនបើអ្នកចង់ការពារកូនពីការធ្លាក់ខ្លួនឈឺញឹកញាប់ អ្នកគួរបង្កបរិយាកាសរីករាយដល់ពួកគេដោយព្យាយាមរកវិធីកាត់បន្ថយស្ត្រេសនិងបញ្ហាថប់បារម្ភ។ ត្រឹមការចេញដើរលេងក្រៅផ្ទះ ឬធ្វើអ្វីមួយជាលក្ខណៈគ្រួសារក៏អាចជួយបានដែរ។ ការបង្កើតទម្លាប់ដើរលេងបែបលក្ខណៈគ្រួសារ គឺចាំបាច់ណាស់វាជួយឱ្យក្មេងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលហើយងាយនឹងនិយាយរឿងក្នុងចិត្ត ឬអ្វីដែលគេជួបប្រទះក្នុងមួយថ្ងៃៗប្រាប់ដល់អ្នក។
៤. គេងឱ្យបានគ្រប់គ្រាន់
ដើម្បីរក្សាបាននូវសុខភាពល្អប្រព័ន្ធភាពស៊ាំរឹងមាំក្មេងៗត្រូវគេងឱ្យបានគ្រប់គ្រាន់ដោយមិនតិចជាង ១០ ម៉ោងឡើយ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរបង្កើតទម្លាប់ល្អមួយដល់កូនដោយផ្ដល់អាទិភាពដល់ការគេង ហើយព្យាយាមធ្វើយ៉ាងណាឱ្យពួកគេគេងបានគ្រប់គ្រាន់ និងទៀងម៉ោង៕