ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាពណ៌ទឹកនោមអាចចង្អុលបង្ហាញឱ្យដឹងពីស្ថានភាពនៃសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើពណ៌នៃទឹកនោមអាចបង្ហាញឱ្យដឹងអ្វីខ្លះពីសុខភាពរបស់អ្នក?​ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃពណ៌ទឹកនោម ៖

១.​ លឿងស្លេក ឬលឿងស្រាល

ចូរព្យាយាមរក្សាឱ្យបាននូវទឹកនោមពណ៌បែបនេះ! នោះក៏ព្រោះតែទឹកនោមពណ៌លឿងស្រាល ឬស្លេកមានន័យថារាងកាយរក្សាបាននូវកម្រិតជាតិទឹកត្រឹមត្រូវគ្រប់គ្រាន់។

២. ទឹកនោមពណ៌លឿងចាស់

ក៏ជាពណ៌ធម្មតានៃទឹកនោមផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនបន្តិចទៀត។ ពណ៌លឿងនៃទឹកនោមមានន័យថាអ្នកទទួលទានទឹកបានទាបជាងកម្រិតមធ្យមប៉ុណ្ណោះ។

៣. ពណ៌លឿងទុំដូចមាស

ទឹកនោមមានពណ៌បែបនេះមានន័យថាអ្នកទទួលទានទឹកមិនទាន់បានគ្រប់គ្រាន់។ ដូច្នេះចូរព្យាយាមទទួលទានទឹកបន្ថែម។ ហើយដើម្បីជាការប្រសើរអ្នកក៏គួររួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារផងដែរក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិទឹកបន្ថែមពីលើជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់។

៤. ពណ៌ត្នោត

រាងកាយកំពុងខ្វះជាតិទឹកខ្លាំងហើយប្រសិនបើទឹកនោមប្រែជាពណ៌ត្នោត។ ហើយវាក៏ជារោគសញ្ញាមួយនៃបញ្ហាថ្លើម ឬតម្រងនោមផងដែរ។ ក្នុងករណីខ្លះទឹកនោមពណ៌ត្នោតគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ ការទទួលទានអាហារ ឬថ្នាំមួយចំនួន។

៥. ផ្កាឈូក ឬក្រហម

ពេលខ្លះការទទួលទានអាហារពណ៌ក្រហមច្រើនអាចបណ្ដាលឱ្យទឹកនោមប្រែជាពណ៌ផ្កាឈូក ឬក្រហម។ ទោះជាយ៉ាងណាទឹកនោមមានពណ៌បែបនេះក៏ប្រហែលបណ្ដាលមកពីមានឈាមក្នុងទឹកនោមដែលអាចបង្កឡើងដោយបញ្ហាក្រួសក្នុងតម្រងនោម ឬក្រពេញប្រូស្តាតរីកធំជាដើម។

៦. ពណ៌ទឹកក្រូច

ការទទួលទានឱសថមួយចំនួនអាចបណ្ដាលឱ្យទឹកនោមមានពណ៌ទឹកក្រូច។ ហើយការទទួលទានអាហារជ្រលក់ពណ៌ ឬភេសជ្ជៈមានពណ៌ទឹកក្រូចច្រើនក៏ធ្វើឱ្យទឹកនោមមានពណ៌បែបនេះដូចគ្នា។ ទោះជាយ៉ាងណាអ្នកជំនាញផ្នែកសុខភាពជាច្រើននិយាយថាពេលខ្លះទឹកនោមពណ៌ទឹកក្រូចជារោគសញ្ញាមួយនៃបញ្ហាថ្លើម ឬប្រមាត់។

៧. ពណ៌បៃតង

ការទទួលទានអាហារដែលជ្រលក់ពណ៌បៃតង ការទទួលទានថ្នាំមួយចំនួន និងការឆ្លងមេរោគផ្លូវបង្ហូរនោមសុទ្ធតែអាចបណ្ដាលឱ្យទឹកនោមមានពណ៌បៃតង។

៨. ពណ៌ខៀវ

អាចលេចឡើងដោយសារការទទួលទានអាហារជ្រលក់ពណ៌ ឬភេសជ្ជៈពណ៌ខៀវច្រើន។ ទោះជាយ៉ាងណាវាក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរដូចជាជំងឺលើសជាតិកាល់ស្យូមក្នុងឈាម។

៩. ពណ៌ខ្មៅ

វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលទឹកនោមមានពណ៌ខ្មៅ! កត្តាជាច្រើនដែលបង្កបញ្ហានេះរួមមានការទទួលទានថ្នាំមួយចំនួនមានផ្ទុកសារធាតុ laxatives និងជាតិដែកជាដើម។

១០. គ្មានពណ៌

ប្រសិនបើទឹកនោមរបស់អ្នកគ្មានពណ៌អ្វីសោះនោះមានន័យថាអ្នកកំពុងទទួលទានទឹកច្រើនលើសពេកហើយ! ទឹកនោមគ្មានពណ៌ចង្អុលបង្ហាញឱ្យដឹងថាតម្រងនោមកំពុងធ្វើការខុសធម្មតាក្នុងការបញ្ចេញជាតិទឹកដែលលើសតម្រូវការចេញពីរាងកាយ។ ទឹកនោមគ្មានពណ៌ក៏អាចជាលទ្ធផលនៃការទទួលទានថ្នាំបញ្ចុះទឹកនោមផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង