ការថែរក្សាសាច់ដុំក្រោយហាត់ប្រាណរួច គឺចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាផ្សេងៗ ហើយធ្វើឱ្យសុខភាព និងការហាត់របស់អ្នកកាន់តែល្អជាងមុន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាមិនបានដឹងអំពីគន្លឹះមួយចំនួនដែលសំខាន់ចំពោះសុខភាពសាច់ដុំឡើយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយឱ្យសាច់ដុំប្រសើរឡើងវិញក្រោយហាត់ប្រាណរួច ៖
១. គេងឱ្យបានច្រើនគ្រប់គ្រាន់
ក៏ព្រោះខណៈពេលគេងរាងកាយអាចសំយោគប្រូតេអ៊ីនបានយ៉ាងប្រសើរ។ ហើយការសំយោគប្រូតេអ៊ីនជាអ្វីមួយដែលសាច់ដុំត្រូវការបំផុត។ ចូរគេងឱ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។
២. ទទួលទានអាហារសម្រន់សម្បូរដោយប្រូតេអ៊ីននៅមុនពេលគេង
ការទទួលទានអាហារសម្រន់ត្រឹមត្រូវក៏ជួយឱ្យអ្នកឆាប់គេងលក់ផងដែរ។ ហើយអាហារសម្បូរទៅដោយប្រូតេអ៊ីន គឺចាំបាច់សម្រាប់សុខភាពសាច់ដុំ។ អ្នកអាចទទួលទានស៊ុត ឬយ៉ាអួរ។
៣. ទទួលទានប្រូតេអ៊ីននៅពេលព្រឹក
ក្នុងចំណោមអាហារទាំងបីពេល អាហារពេលព្រឹក គឺសំខាន់បំផុតជាពិសេសនៅពេលអ្នកកំពុងព្យាយាមសម្រកទម្ងន់ ឬបង្កើនម៉ាសសាច់ដុំ។ ដូចដែលបានដឹងរួចមកហើយថារាងកាយជួសជុលខ្លួនឯងនៅពេលយប់ ហេតុនេះវាត្រូវការថាមពលច្រើននៅព្រឹកបន្ទាប់។ ការជ្រើសរើសទទួលទានអាហារពេលព្រឹកដែលមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននឹងផ្ដល់ឱ្យសាច់ដុំនូវអាស៊ីតអាមីណូសំខាន់ៗជួយពន្លឿនការជាសះស្បើយ។
៤. ទទួលទានទឹកផ្លែឈើរី ១ កែវ
ការឈឺចាប់សាច់ដុំ និងខ្លួនប្រាណអាចកើតមានឡើងក្រោយពេលធ្វើលំហាត់ប្រាណ។ ហើយវិធីដ៏ប្រសើរបំផុតដើម្បីបំបាត់ការឈឺចាប់ គឺការទទួលទានទឹកផ្លែឈើរីមួយកែវ។
៥. ទទួលទានទឹកដោះគោសូកូឡា
បរិមាណខ្ពស់នៃប្រូតេអ៊ីនក្នុងទឹកដោះគោសូកូឡាជួយពន្លឿនការជាសះស្បើយឡើងវិញនៃសាច់ដុំក្រោយពេលហាត់ប្រាណ។
៦. ម៉ាស្សាពេញខ្លួនប្រាណ
ការម៉ាស្សាមិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សាច់ដុំផងដែរ។ នោះក៏ព្រោះតែការម៉ាស្សាជួយបន្ធូរសាច់ដុំដែលតឹងណែន និងបង្កើនចរន្តឈាមរត់ ហើយជម្រុញការបញ្ជូនសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាអុកស៊ីសែនដែលសាច់ដុំត្រូវការ។
៧. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមួល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ហើយការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡាដែលមានផ្ទុកសម្បូរទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ។
៨. ងូតទឹកត្រជាក់
ការងូតទឹកត្រជាក់រួចអាចជួយសាច់ដុំឱ្យឆាប់សះស្បើយឡើងវិញឆាប់រហ័ស។ នោះក៏ព្រោះតែទឹកត្រជាក់ជួយទប់ទល់នឹងការឈឺចាប់ហើមសាច់ដុំ៕