ទោះបីជាបញ្ហាសក់ស្ដើង ហើយថែមទាំងជ្រុះតែងកើតមានធម្មតាចំពោះបុរស ប៉ុន្តែមនុស្សស្រីក៏អាចជួបប្រទះបញ្ហានេះផងដែរកំឡុងពេលមានផ្ទៃពោះ, ប្រើប្រាស់ថ្នាំណាមួយ តំណពូជ ឬបញ្ហាសុខភាពណាមួយ។ មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែររក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! មានរូបមន្តបែបធម្មជាតិច្រើនណាស់ជួយដោះស្រាយបញ្ហាសក់ស្ដើង ហើយជ្រុះប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះ និងរូបមន្តបែបធម្មជាតិងាយៗដោះស្រាយបញ្ហាសក់ស្ដើង ហើយជ្រុះ ៖

១. ស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺលាយស៊ុត ១ គ្រាប់ ជាមួយប្រេងអូលីវ ១ ស្លានព្រាបាយ ក្នុងចានគោមតូចមួយរហូតដល់ក្លាយជាល្បាយម៉ដ្ឋរលោង។ លាបល្បាយលើសក់ និងស្បែកក្បាលរហូតដល់សព្វ។ គ្របសក់ជាមួយមួកពាក់ងូតទឹក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមកក់លាងសម្អាតសក់ចេញជាមួយសាប៊ូ និងទឹកត្រជាក់ជាការស្រេច។

២. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់លាបម៉ាស្សាប្រេងអូលីវក្ដៅឧណ្ហៗលើស្បែកក្បាល និងទុកចោលសម្រាប់រយៈពេលពី ៣០ ទៅ ៤៥ នាទី ឬទុកចោលពេញមួយយប់សឹមលាងសម្អាតចេញ ហើយកក់សក់នៅព្រឹកបន្ទាប់ជាការស្រេច។

៣. ខ្ទឹមបារាំង

លាយទឹកខ្ទឹមបារាំងកន្លះពែងជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់និងស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមកក់សម្អាតចេញជាមួយសាប៊ូដូចធម្មតា។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់ ឬទឹកប្រទាលកន្ទុយក្រពើលើស្បែកក្បាល និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

៥. ទឹកខ្មេះផ្លែប៉ោម

លាបម៉ាស្សាទឹកខ្មេះផ្លែប៉ោមឱ្យសព្វពេញស្បែកក្បាលនិងសក់ ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង