បើសិនជាអ្នកឧស្សាហ៍បញ្ហាក្អួតចង្អោ ឈឺពោះ និងស្បែក និងភ្នែកទៅជាលឿង មានន័យថា ថ្លើមកំពុងតែធ្វើការមិនបានល្អឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីពង្រឹងដល់សុខភាពថ្លើម អ្នកត្រូវតែធ្វើយ៉ាងណាញ៉ាំរបបអាហារ និងប្រើប្រាស់របៀបរស់នៅដែលត្រឹមត្រូវ។
ថ្លើមដែលមានសុខភាពល្អនឹងជួយថែរក្សារាកងាយ ច្រោះជាតិពុល និងរំលាយអាហារបានយ៉ាងល្អ។ សំខានដែរ បញ្ហារបស់ថ្លើមភាគច្រើនគឺវិលមកធម្មតាវិញបើសិនជារកឃើញទាន់ពេលវេលា។
ថ្លើមគឺជាសរីរាង្គដ៏អស្ចារ្យមួយដែលអាចដុះឡើងវិញបាននៅពេលខូចខាតហើយ។ ករណីខ្សោយថ្លើមបានកើតឡើងជាយូរមកហើយ។ អ្នកអាចបញ្ឈប់ជំងឺខ្លាញ់រុំថ្លើម ដើម្បីកុំឲ្យទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរទៀតដូចជា ក្រិនថ្លើម និងមហារីកថ្លើមបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារដូចខាងក្រោមនេះ៖
ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
ថ្លើមគ្រាន់តែអាចរំលាយជាតិស្រវឹងមួយចំនួនតូចប៉ុណ្ណោះជារៀងរាល់ម៉ោង។ ហេតុនេះហើយ បុរសគួរតែកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងត្រឹមតែពីរកែវក្នុងមួយថ្ងៃ និងស្រ្តីមួយកែវក្នុងមួយថ្ងៃ។
កាត់បន្ថយការញ៉ាំអាហារខ្លាញ់
ចូរកាត់បន្ថយចំនួនខ្លាញ់ Saturated Fats, Trans Fats និង Hydrogenated Fats ពីក្នុងរបបអាហារ។ ចំពោះខ្លាញ់ Saturated Fat មានក្នុងអាហារចៀនមានខ្លាញ់ច្រើន សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ។ Trans និង Hydrogenated Fats ត្រូវបានរកឃើញក្នុងអាហារកៃឆ្នៃ។ ថ្លើមកាលណាស្តុកទុកខ្លាញ់ទាំងនេះច្រើនពេក វាអាចបណ្តាលឲ្យកើតជំងឺខ្លាញ់រុំថ្លើមបាន។
សម្រកទម្ងន់
ការធាត់ជ្រុល ជាពិសេសការធាតុដុះក្បាលពោះគឺជាកត្តាដ៏សំខាន់មួយនាំឲ្យកើតជំងឺខ្លាញ់រុំថ្លើម។ ចូរញ៉ាំអាហារមានតុល្យភាព និងហាត់ប្រាណជាទៀងទាត់ដើម្បីថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ សម្រាប់អាការៈខ្លាញ់រុំថ្លើម វានឹងបន្ថយការរំលាយជាតិខ្លាញ់បាន។ ដូច្នេះចូរធ្វើយ៉ាងណាឲ្យកម្រិត BMI មកចន្លោះពី ១៨,៥ ទៅ ២២,៩។
ចៀសវាងការញ៉ាំថ្នាំឬសឈើខ្មែរ
ការញ៉ាំថ្នាំខ្មែរច្រើនពេកអាចបណ្តាលឲ្យរលាកថ្លើមបាន។ ដោយសារតែថ្លើមដើរតួនាទីជាអ្នកច្រោះជាតិពុល ការញ៉ាំថ្នាំខ្មែរច្រើនពេក ពិតជាអាចបណ្តាលឲ្យខូចថ្លើម ឬខ្សោយថ្លើមបាន។ នេះដោយសារតែថ្នាំខ្មែរភាគច្រើនមានជាតិលោហៈធ្ងន់។
ញ៉ាំអាហារសរសៃឲ្យបានច្រើន
ចូរញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើនជាពិសេស គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ។ សម្រាប់ប្រូតេអ៊ីនវិញ ចូរជ្រើសរើសការញ៉ាំត្រី និងសណ្តែកឲ្យបានច្រើន និងកាត់បន្ថយសាច់ក្រហម។
ចាក់វ៉ាក់សាំង
ចូរចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A និង B។ រលាកថ្លើមប្រភេទ A ច្រើនតែឆ្លងតាមរយៈអាហារ និងទឹក ហើយរលាកថ្លើមប្រភេទ B ឆ្លងតាមរយៈការរួមភេទ ឈាម និងម្អុរចាក់ថ្នាំ។
ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណទៀងទាត់គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានថ្លើមមានសុខភាពល្អ។ ការហាត់ប្រាណនឹងបង្កើនថាមពលដល់រាងកាយ បន្ថយស្រ្តេសដល់ថ្លើម និងជួយបង្ការការធាត់ជ្រុលទៀងផង។ ចូរហាត់ប្រាណដោយការដើរលឿន ១៥០នាទី ក្នុងរយៈពេលមួយសប្តាហ៍។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រយ័ត្នចំពោះថ្នាំគ្រាប់សម្រកទម្ងន់
ថ្នាំគ្រាប់សម្រកទម្ងន់ដែលគ្មានវេជ្ជបញ្ជាអាចនឹងមានសារធាតុធ្វើឲ្យគ្រោះថ្នាក់ដល់ថ្លើមបាន ដូច្នេះមុននឹងប្រើថ្នាំទាំងនេះ គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕