អ្វីដែលធ្វើឲ្យស្ពៃក្ដោបពណ៌ស្វាយមានពណ៌ស្រស់ឆើតបែបនេះ គឺដោយសារវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា flavonoids។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាពខុសគ្នានៃស្ពៃក្ដោបពណ៌ស្វាយជាមួយស្ពៃក្ដោបធម្មតា ឬពណ៌សនោះ គឺវាមានផ្ទុកបរិមាណនៃសារធាតុ flavonoids ច្រើនជាង។ ហើយក៏ដូចនឹងស្ពៃក្ដោបធម្មតាដែរ ស្ពៃក្ដោបពណ៌ស្វាយអាចត្រូវបានទទួលទានទាំងឆៅ ឬយកទៅចម្អិនតាមបែបផ្សេងៗ។ បើទោះបីជាភាគច្រើននៃពួកយើងបានស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទានស្ពៃក្ដោបពណ៌ស្វាយឲ្យបានច្រើន ៖
១. ពង្រឹងសុខភាពបេះដូង
វាជាការសំខាន់ដែលអ្នកត្រូវរក្សាឱ្យបាននូវសុខភាពបេះដូងល្អគ្រប់ពេល ដើម្បីទប់ស្កាត់បញ្ហានៃជំងឺបេះដូងផ្សេងៗ។ ហើយវិធីដ៏ល្អដើម្បីរក្សាបាននូវសុខភាពបេះដូងនោះ គឺការបន្ថែមបន្លែផ្លែឈើពណ៌ស្វាយចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុ anthocyanins ដែលមានវត្តមានក្នុងស្ពៃក្ដោបពណ៌ស្វាយអាចជួយធានាបានថាបេះដូងរបស់អ្នកស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរបំផុតមួយគ្រប់ពេល។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
បរិមាណនៃសារធាតុ anthocyanins ដែលមានវត្តមានក្នុងស្ពៃក្ដោបពណ៌ស្វាយផ្ដល់ឥទ្ធិពលយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកប្រភេទនេះ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមមួយជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំមានលក្ខណៈកាន់តែប្រសើរឡើង។ ការទទួលទានស្ពៃក្ដោបពណ៌ស្វាយ ក៏ជាគំនិតដ៏ល្អមួយផងដែរ ប្រសិនបើអ្នកមានជំងឺផ្ដាសាយ ឬក្អកដើម្បីបន្ថយរយៈពេលស្ថានភាពនៃជំងឺ។
៤. គ្រប់គ្រងសម្ពាធឈាម
ស្ពៃក្ដោបពណ៌ស្វាយជាប្រភពដ៏ប្រសើរនៃសារធាតុ flavonoids ដែលជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។
៥. ទប់ស្កាត់ជំងឺពុកឆ្អឹង
ការទទួលទានស្ពៃក្ដោបពណ៌ស្វាយ អាចជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាន។ នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិរ៉ែចាំបាច់ជាច្រើនសម្រាប់សុខភាពឆ្អឹងរឹងមាំដូចជា ជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងម៉ង់កាណែស។
៦. សុខភាពភ្នែកល្អប្រសើរ
ស្ពៃក្ដោបពណ៌ស្វាយជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់ចំពោះសុខភាពភ្នែកមើលឃើញបានកាន់តែច្បាស់ និងជៀសផុតពីជំងឺភ្នែកផ្សេងៗ៕