ពេលខ្លះអ្នកប្រហែលជាច្រណែននឹងមនុស្សមួយចំនួនដែលឆ្លងកាត់រដូវរងារដោយមិនជួយប្រទះបញ្ហាសុខភាពអ្វីបន្តិចសោះសូម្បីតែផ្ដាសាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះក៏ព្រោះតែពួកគេមានប្រព័ន្ធភាពស៊ាំរឹងមាំ! ទោះជាយ៉ាងណាអ្នកក៏អាចក្លាយជាមនុស្សដែលមិនងាយនឹងឈឺផងដែរដោយគ្រាន់តែកែប្រែទម្លាប់មិនល្អចេញ ហើយប្រកាន់ខ្ជាប់នូវទម្លាប់ដែលប្រសើរដូចវេបសាយសុខភាព Health.com.kh នឹងបង្ហាញខាងក្រោមនេះ ៖

១. គេងឱ្យបានគ្រប់គ្រាន់

ប្រសិនបើចង់រក្សាបាននូវសុខភាពល្អប្រសើរ និងប្រព័ន្ធភាពស៊ាំរឹងមាំនោះអ្នកមិនគួរគេងតិចជាង ៧ ម៉ោងរាល់យប់ឡើយ។ ការគេងបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រាងកាយក្នុងការជួសជុលស្ដារខ្លួនឯងឡើងវិញ។ លើសពីនេះទៅទៀតការគេងបានគ្រប់គ្រាន់រាល់យប់ក៏ជួយឱ្យរាងកាយងាយនឹងទប់ទល់ជាមួយបញ្ហាស្ត្រេសនិងប្រយុទ្ធប្រឆាំងមេរោគឆ្លងផងដែរ។

២. ដឹងពីអ្វីដែលត្រូវទទួលទាន

គ្មានអាហារអ្វីល្អចំពោះសុខភាពរាងកាយជាងបន្លែនិងផ្លែឈើស្រស់ៗឡើយ។ ដូច្នេះដើម្បីជាប្រសើរចូររួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារ។ របបអាហារមានសុខភាពល្អ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ។

៣. ឧស្សាហ៍លាងសម្អាតដៃ

មិនមែនមានន័យថាអ្នកចាំបាច់ត្រូវលាងសម្អាតដៃរាល់ពីរបីនាទីម្ដងឡើយ។ ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ អ្នកគួរលាងសម្អាតដៃ ៖

  • មុននិងក្រោយពេលរៀបចំអាហារ
  • មុនពេលទទួលទានអាហារ
  • ក្រោយពេលចូលបន្ទប់ទឹក
  • ក្រោយពេលក្អក ឬកណ្ដាស់

ចូរលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាតរយៈពេលប្រហែល ២០ វិនាទីដើម្បីកាត់បន្ថយការឆ្លងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយបានដល់ទៅ ៥០ ភាគរយ។

៤. រីករាយសប្បាយចិត្ត

វិធីដ៏ប្រសើរបំផុតមួយដើម្បីអាចរស់នៅបានដោយរីករាយ គឺការរក្សាទំនាក់ទំនងជាមួយអ្នកដទៃទៀតមិនថាជាមិត្តភក្តិ សមាជិកគ្រួសារ ឬមនុស្សដែលអ្នកស្រឡាញ់ ។ ព្យាយាមគ្រប់គ្រង ឬកាត់បន្ថយស្ត្រេសដោយចេញទៅក្រៅជាមួយពួកគេ។ ដឹងទេពេលខ្លះត្រឹមតែការអោបធម្មតាពីមនុស្សដែលអ្នកស្រឡាញ់ក៏ជួយកាត់បន្ថយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ ហើយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរផងដែរ។ នោះក៏ព្រោះតែស្ត្រេសរ៉ាំរ៉ៃអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបានយ៉ាងងាយ។

៥. ធ្វើលំហាត់ប្រាណជាប្រចាំ

អ្នកមិនចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាដើម្បីរក្សាបាននូវសុខភាពល្អប្រសើរឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំទប់ស្កាត់ជំងឺបានជាច្រើនផងដែរ។

សុខភាពល្អប្រសើរ គឺជាកំណប់ទ្រព្យមិនអាចកាត់ថ្លៃបាន។ ដូច្នេះអ្នកចាំបាច់គួររក្សាឱ្យបាននូវទម្លាប់ល្អៗដូចបង្ហាញជូនខាងលើដើម្បីចៀសផុតពីបញ្ហាសុខភាព ឬជំងឺផ្សេងៗ៕