ឧស្សាហ៍ឡើងកន្ទួលរោលរមាស់លើស្បែក ពិសេសម្រាមដៃនិងបាតដៃមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះវាអាចជាជំងឺសើរស្បែកមួយប្រភេទហៅថា dyshidrotic eczema ឬ dyshidrosis។ បញ្ហាស្បែកនេះអាចនឹងប្រែជាកាន់តែធ្ងន់ធ្ងរឡើងប្រសិនបើអ្នកអេះ ឬចាកកន្ទួលពកទឹកលើស្បែកដែលរមាស់។ ក្រៅពីលេបថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវហើយនោះ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិមួយចំនួនដើម្បីបំបាត់អាការៈរមាស់ឈឺចាប់ ៖
១. លាងសម្អាតដៃជាមួយទឹកស្អាត
ពិតណាស់ការលាងសម្អាតដៃញឹកញាប់ គឺចាំបាច់សម្រាប់អ្នក។ ទោះជាយ៉ាងណាដើម្បីរក្សាស្ថានភាពស្បែកពីបញ្ហាកាន់តែអាក្រក់ឡើង ចូរលាងសម្អាតដៃជាមួយសាប៊ូកម្រិតស្រាលដែលគ្មានក្លិនក្រអូប។
២. ប្រើប្រាស់តែទឹកក្ដៅឧណ្ហៗ
ចៀសវាងលាងសម្អាតដៃជាមួយទឹកដែលក្ដៅខ្លាំងក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពនៃស្បែកកាន់តែអាក្រក់ឡើង! ដូច្នេះនៅពេលលាងសម្អាតដៃ ឬងូតទឹក ចូរជ្រើសរើសទឹកក្ដៅឧណ្ហៗ។
៣. ស្អំក្ដៅនិងស្អំត្រជាក់
នៅពេលរមាស់ខ្លាំងអ្នកអាចទប់ទល់នឹងអាការៈនេះដោយការស្អំក្ដៅ និងស្អំត្រជាក់ផ្លាស់ប្ដូរគ្នា។
៤. រក្សាសំណើមស្បែក
ស្បែកស្ងួតងាយនឹងធ្វើឱ្យស្ថានភាពរមាស់ឈឺចាប់កាន់តែធ្ងន់ធ្ងរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ និងប្រើប្រាស់ផលិតផលធម្មជាតិដែលអាចផ្ដល់សំណើមដល់ស្បែក។
៥. ប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោម និងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមត្រាំដៃក្នុងទឹកល្បាយសម្រាប់រយៈពេល ១៥ នាទី។
៦. ត្រាំដៃក្នុងទឹកម្ស៉ៅ Baking Soda
លាយម្ស៉ៅ Baking Soda ១ ស្លាបព្រាបាយ ក្នុងទឹកត្រជាក់ ១ ចានគោម រួចកូរឱ្យសព្វ សឹមត្រាំដៃក្នុងទឹកល្បាយ៕