មនុស្សជាច្រើនដឹងហើយថា ការជក់បារី ការប៉ះពាល់នឹងកាំរស្មី និងមានប្រវត្តិក្រុមគ្រួសារកើតជំងឺមហារីក សុទ្ធតែជាមូលហេតុនាំឲ្យពួកគេប្រឈមខ្ពស់នឹងមហារីកបានទាំងអស់។ ប៉ុន្តែតើអ្នកមានដឹងទេថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗក៏ជារឿងនាំឲ្យកើតជំងឺមហារីកមួយចំនួនដែរ។ តើវាមានជំងឺមហារីកអ្វីខ្លះទៅ? 

មហារីកថ្លើម

ថ្លើមរបស់មនុស្សយើងគឺជាសរីរាង្គដ៏ធំបំផុតមួយដែលមាននាទីរំលាយសារធាតុខុសៗគ្នាជាច្រើនដែលចូលទៅក្នុងរាងកាយរួមទាំងគ្រឿងស្រវឹងផង។ ដូច្នេះកាលណា អ្នកញ៉ាំគ្រឿងស្រវឹងច្រើន ថ្លើមនឹងធ្វើការមួយនេះច្រើនលើសកម្រិត រហូតដល់ធ្វើឲ្យកោសិកាមួយចំនួនរបស់វាបំបែកខ្លួនខុសធម្មតារហូតដល់កើតជាដុំសាច់មហារីក។ 

មហារីកមាត់និងបំពង់ករ

មាត់និងបំពង់ករគឺជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារដែលមានអណ្តាត ក្រពេញអាមីដាស និងផ្នែគជាច្រើនទៀតនៃបំពង់ករ។ មិនខ្វល់ថាអ្នកញ៉ាំគ្រឿងស្រវឹងពេលណាឡើយ គឺវាប៉ះពាល់ទៅលើមាត់និងបំពង់ករទាំងអស់។ ដូច្នេះហើយវាក៏ជាដើមហេតុដែលនាំឲ្យអាចកើតជាមហារីកនៅលើផ្លូវមួយនេះដែរ។ 

មហារីកបំពង់លើក្រពះ

ដោយសារតែគ្រឿងស្រវឹងដែលអ្នកញ៉ាំគ្រប់ពេលត្រូវចូលក្នុងក្រពះតាមរយៈបំពង់ពីលើក្រពះដែរនោះ វាក៏មិនមានអ្វីត្រូវឆ្ងល់ថាហេតុអ្វីបានជាកន្លែងនេះកើតមហារីកដែរនោះ។ នេះដោយសារតែភ្នាសខាងក្នុងរបស់បំពង់មួយនេះរងការរលាកដោយសារគ្រឿងស្រវឹងច្រើនពេក រហូតក្លាយទៅជាភ្នាក់ងារបង្កមហារីកតែម្តងទៅ។ ការជក់បារីក៏ជាមូលហេតុញឹកញាប់មួយនៃជំងឺមហារីកបំពង់លើក្រពះដែរ។ 

មហារីកពោះវៀនធំ

មនុស្សភាគច្រើនគិតថា ជំងឺមហារីកពោះវៀនធំគឺជារឿងដែលច្រើនតែបង្កឡើងដោយរបបអាហារមានជាតិសរសៃទាប។ ជាអកុសល្យ មហារីកដែលអាចឲ្យស្លាប់មួយនេះក៏បង្កឡើងដោយការញ៉ាំគ្រឿងស្រវឹងច្រើនៗដែរ។ ដើម្បីបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ ចូរជ្រើសរើសរបបអាហារមានជាតិសរសៃខ្ពស់ និងបន្ថយចំនួនគ្រឿងស្រវឹង។ 

មហារីកសុដន់

តើអ្នកជាមនុស្សស្រីដែលមានក្រុមគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺមហារីកសុដន់ដែរទេ? ដូច្នេះយកល្អអ្នកគួរតែប្រាកដថា អ្នកបានញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានហើយ គឺមិនឲ្យច្រើនជាងមួយកែវ ឬកំប៉ុងក្នុងមួយថ្ងៃឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង