បញ្ហាគួរឱ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាអាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោមដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីកត្តាតំណពូជហើយនោះ ជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពីរបបអាហារនិងរបៀបរបបនៃការរស់នៅប្រចាំថ្ងៃផងដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់ជំងឺលើសឈាម ៖
១. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ។
២. កម្រិតការទទួលទានគ្រឿងស្រវឹង
អ្នកមិនគួរទទួលទានគ្រឿងស្រវឹងច្រើនជាង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារីឡើយ។ ការទទួលទានគ្រឿងស្រវឹងច្រើនលើសអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ឆាប់រហ័ស។
៣. ទទួលទានអាហារសុខភាពល្អ
មួយក្នុងចំណោមមូលហេតុផ្សេងទៀតនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់ គឺពាក់ព័ន្ធនឹងអាហារដែលអ្នកទទួលទាន។ ប្រសិនបើអ្នកចង់រក្សាបាននូវសម្ពាធឈាមប្រក្រតី ចូរព្យាយាមទទួលទានអាហារសុខភាពល្អ។ របបអាហារសុខភាពល្អមានរួមបញ្ចូលនូវបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងត្រី។ អាហារប្រភេទនេះមិនត្រឹមតែមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងប្រសើរផងដែរ។
៤. ព្យាយាមគ្រប់គ្រងស្ត្រេស
ធ្លាប់ដឹងទេថាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ខ្លាំងជាប្រចាំក៏អាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ? ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពស្ត្រេសរបស់អ្នក។
៥. កាត់បន្ថយការទទួលទានអំបិល
ការទទួលទានប្រៃពេកញឹកញាប់ក៏អាចបណ្ដាលឱ្យកើតជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារប្រៃ។
ការទប់ស្កាត់ជំងឺលើសឈាមអាចទៅរួចប្រសិនបើអ្នកដឹងនូវអ្វីដែលត្រូវធ្វើ។ ប្រសិនបើអ្នកព្រួយខ្លាចកើតជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់ ចូរព្យាយាមផ្លាស់ប្ដូរទម្លាប់មិនល្អមួយចំនួនចេញ និងកុំភ្លេចអនុវត្តតាមអ្វីដូចបានរៀបរាប់ខាងលើ៕