ស្បែករបស់មនុស្សយើងគឺជាសរីរាង្គដែលបញ្ជាក់ទៅលើអ្វីដែលអ្នកបានញ៉ាំ។ បើសិនជាស្បែកមានជាតិប្រេងច្រើន នោះអ្នកនឹងកើតមុន ហើយរន្ធញើសរីកធំៗទៀតផង។ ដូច្នេះអ្នកត្រូវតែធ្វើការផ្លាស់ប្តូររបបអាហារ និងផលិតផលថែរក្សាសម្ផស្សផង។ ការយល់ដឹងនូវអ្វីដែលអ្នកគួរញ៉ាំលើករណីស្បែកមានជាតិប្រេងច្រើនគឺជារឿងល្អបំផុត។ តើអ្នកគួរញ៉ាំអាហារអ្វីខ្លះទៅ?

ផ្លែចេក

ការញ៉ាំផ្លែចេករាល់ថ្ងៃអាចមានប្រយោជន៍ខ្លាំងបើសិនជាស្បែកអ្នកចេញជាតិប្រេងច្រើន។ ផ្លែចេកសម្បូរជាតិប៉ូតាស្យូម ផូស្វរ និងវីតាមីន E ដែលអាចជួយឲ្យស្បែកភ្លឺថ្លាបាន។ ផ្លែចេកក៏ជាភ្នាក់ងារច្រោះជាតិពុលដ៏ខ្លាំងក្លាដែរ។ វាអាចជួយសម្រួលដល់រន្ធញើស និងបង្ការកុំឲ្យធូលីដីចូលទៅក្នុងរន្ធញើសបានដែរ។ 

ត្រសក់

ត្រសក់ផ្ទុកទៅដោយជាតិទឹកច្រើនជាង ៩០ភាគរយ ដូច្នេះហើយវាគឺជាភ្នាក់ងារបង្គ្រប់ជាតិទឹកដ៏ល្អ។ ត្រសក់ក៏មានសមត្ថភាពប្រឆាំងការរលាក ដែលអាចជួយការពារមេរោគកុំឲ្យជ្រៀតចូលបានថែមទៀត។ ត្រសក់ត្រូវបានគេដឹងថា ផ្តល់ភាពភ្លឺរលោងដល់ស្បែក។ ចូរចិតត្រសក់ជាចំណិតៗ ហើយយកមកបិតលើស្បែកមុខ និងករ ហើយលាងចោលនៅរយៈពេល ១៥នាទីក្រោយ។ 

អាហារជាតិសរសៃ

អាហារសម្បូរជាតិសរសៃមានដូចជា អង្ករសម្រូប និងស្រូវសាលី ហើយវាក៏សុទ្ធសឹងតែជួយជម្រុញដល់ស្បែកភ្លឺថ្លាប្រកបដោយសុខភាពល្អថែមទៀត។ អាហារសម្បូរជាតិសរសៃក៏អាចជួយច្រោះជាតិពុលពីក្នុងខ្លួន បំបាត់បញ្ហាស្បែកដូចជា មុន សញ្ញានៃភាពចាស់ ស្បែកជ្រីវជ្រួញ។ល។ ជាតិសរសៃអាចបង្កើនកូឡាជែនដល់កោសិកា និងជួយឲ្យស្បែកតឹងល្អ។ 

គ្រាប់ផ្លែឈើ

គ្រាប់ផ្លែឈើដូចជា ផ្លែវ៉ុលណាត់ អាលម៉ុន និងសណ្តែកដីគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន E។ ថ្វីបើអ្នកអាចទទួលបានវីតាមីនមួយនេះពីអាហារផ្សេងក៏ដោយ តែគ្រាប់ផ្លែឈើគឺផ្តល់សុខភាពបំផុត ហើយអ្នកក៏អាចញ៉ាំវាបានគ្រប់ពេលដែរ។ វីតាមីន E ជួយឲ្យរបួសនៅលើស្បែកឆាប់ជាទៀតផង។ 

បន្លែពណ៌បៃតង

បន្លែពណ៌បៃតងគឺជាអាហារល្អបំផុតមួយសម្រាប់មនុស្សដែលមានស្បែកចេញខ្លាញ់ច្រើន។ ស្ពៃស្ពីណាច គឺជាបន្លែមែន តែវាអាចផលិតវីតាមីន C ដល់រាងកាយដើម្បីជួយប្រឆាំងការធ្វើអុកស៊ីតកម្មនៅលើមុខរាល់ថ្ងៃបាន៕