នៅចន្លោះពេលមួយខែក្រោយអ្នកសម្រាលកូនរួច ជាពេលវេលាសំខាន់បំផុតក្នុងជីវិតអ្នក ព្រោះបើអ្នកថែសុខភាពខុស នោះនឹងអាចប៉ះពាល់ដល់សុខភាពអ្នកអស់មួយជីវិត។ ដូចនេះ តើគួរតែធ្វើបែបណា ដើម្បីអាចរក្សាបាននូវសុខភាពល្អ?

រឿងទីមួយដែលអ្នកគួរតែធ្វើគឺសម្រាកឲ្យបានច្រើន ដោយមិនគួរលើករបស់ធ្ងន់ៗនោះទេ។ ក្នុងរយៈពេលនេះ អ្នកគួរតែគេងលើគ្រែឲ្យបានច្រើនជាងដើរ។ ចំពោះអ្នកម្តាយដែលសម្រាលដោយធម្មជាតិ ក្រោយ៤ម៉ោង ជាពេលវេលាដែលអ្នកគួរតែបត់ជើងតូចហើយ។ ប៉ុន្តែបើអ្នកពិបាកនឹងបត់ជើងតូច អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យបាន។ ម្យ៉ាងទៀត អ្នកគួរតែដុសធ្មេញឲ្យបានទៀងពេល ដោយមិនគួរមិនដុសឡើយ ព្រោះអាចធ្វើឲ្យអ្នកមានជំងឺដែលទាក់ទងនឹងអញ្ចាញធ្មេញបាន។ ច្រាសដុសធ្មេញ ដែលអ្នកប្រើ គួរតែជ្រើសរើសច្រាសដែលទន់ ទើបអាចការពារធ្មេញរបស់អ្នកបាន។ ជាពិសេស អ្នកមិនគួរមើលទូរស័ព្ទ និងទូរទស្សន៍ទេ ព្រោះអាចធ្វើឲ្យភ្នែកអ្នកអន់បាននៅពេលក្រោយ ដោយអាចមើលមិនច្បាស់ឡើយ។ បន្ទប់របស់អ្នកគួរតែបើកបង្អួតចោលចំនួនកន្លះម៉ោងរាល់ថ្ងៃ ដើម្បីឲ្យខ្យល់ចេញចូល មិនធ្វើឲ្យមេរោគច្រើនផ្ទុកក្នុងនោះ។ ប៉ុន្តែអ្នកមិនគួរបើកម៉ាស៊ីនត្រជាក់ឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ ចុងក្រោយ អ្នកគួរតែពាក់មួក និងស្រោមជើងឲ្យបានជាប់ បើអ្នកមិនចង់តែងតែឈឺក្បាលនៅពេលក្រោយ៕