បន្លែបៃតងមិនត្រឹមតែជាអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកចង់រក្សារាងស្លីមស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានបន្លែបៃតងក៏ចាំបាច់ដើម្បីសុខភាពរឹងមាំផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការទទួលទានបន្លែបៃតងប្រសើរយ៉ាងណាខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ចំពោះស្ត្រីមានផ្ទៃពោះ
បន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម សារធាតុ Folate ជាតិសសៃ ជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C និងវីតាមីន K។ ហើយពិតណាស់ការទទួលទានបន្លែបៃតងអាចជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ក៏ដូចជាទល់លាមកដែលកើតឡើងកំឡុងពេលមានផ្ទៃពោះបានយ៉ាងប្រសើរ។
២. កម្ចាត់ខ្លាញ់មិនល្អក្នុងឈាម
ការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ ជាវិធីដ៏ប្រសើរ និងងាយបំផុត ប្រសិនបើអ្នកចង់កាត់បន្ថយជាតិខ្លាញ់មិនល្អ triglycerides ក្នុងឈាម។ នោះក៏ព្រោះតែបន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកាត់បន្ថយជាតិខ្លាញ់មិនល្អចេញពីរាងកាយ ក៏ដូចជាសសៃឈាម។ លើសពីនេះទៅទៀត បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយសារធាតុ alpha-lipolic acid ដែលអាចជួយកាត់បន្ថយកម្រិតនៃជាតិខ្លាញ់ triglyceride ក្នុងចរន្តឈាមបានដល់ទៅ ៦០ ភាគរយឯណោះ។
៣. កម្ចាត់ជាតិពុលក្នុងរាងកាយ
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។
៤. ពង្រឹងសុខភាពឆ្អឹង
បន្លែបៃតងក៏ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូមដូចទៅនឹងម្ស៉ៅធញ្ញជាតិដែរ។ ដូច្នេះការបន្ថែមបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូល រួមទាំងឆ្អឹងល្អប្រសើរចៀសផុតពីបញ្ហាផ្សេងៗ។
៥. ទប់ស្កាត់បញ្ហាជ្រុះសក់
បន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម។
៦. ពង្រឹងសុខភាពថ្លើម
ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។
៧. សុខភាពភ្នែក
បន្លែបៃតងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ zeaxanthin និង lutein ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។
៨. ទប់ស្កាត់ជំងឺមហារីក
នោះក៏ព្រោះតែបន្លែបៃតងមានផ្ទុកសម្បូរទៅដោយវីតាមីនសំខាន់ៗ ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមដែលមានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។
៩. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
បន្លៃបៃតងជាប្រភពដ៏ល្អបំផុតនៃជាតិសសៃដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ក៏ដូចជាហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។
១០. ពង្រឹងសុខភាពខួរក្បាល
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពខួរក្បាល ពិសេសវីតាមីន b12 ជួយការពារកោសិកាខួរក្បាលដែលធ្វើឱ្យមុខងារនៃខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12៕