និយាយដល់រឿងផ្លែចេក ខ្ញុំអាចនិយាយបានថា នៅក្នុងផ្ទះណាក៏ដូចផ្ទះណាដែរ តែងតែមានផ្លែឈើមួយនេះដើម្បីញ៉ាំជាបង្អែម ឬទុកសម្រាប់ការសែនព្រេននានា។ យ៉ាងណាមិញ ផ្លែឈើដ៏ពេញនិយមមួយនេះ គឺពោរពេញទៅដោយជីវជាតិល្អៗដែលជួយថែរក្សាសុខភាពរបស់យើងបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមការសិក្សាស្រាវជ្រាវ គេបានរកឃើញថា ផ្លែចេកមានជីវជាតិច្រើន ប៉ុន្តែក្នុងនោះ មានជីវជាតិ ៤ប្រភេទ ដែលគេចាត់ទុកថាជារបស់ល្អកប់សម្រាប់សុខភាពមនុស្សយើង។
ម៉ងហ្គាណេស
ម៉ងហ្គាណេសគឺជាជាតិរ៉ែមួយប្រភេទ ដែលមិនសូវមាននរណាដឹង និងចាប់អារម្មណ៍ឡើយ ប៉ុន្តែវាមាននាទីសំខាន់ណាស់ចំពោះសុខភាពមនុស្ស។ វាជួយជំរុញដល់ការជាសះរបស់របួស និងពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹងផង។ ដូច្នេះផ្លែចេកគឺជាអាហារដ៏ល្អមួយសម្រាប់បង្ការជំងឺពុកឆ្អឹង។
ម៉ងហ្គាណេសក៏ជាអង់ទីអុកស៊ីដង់មួយដែរ សម្រាប់ការពាររាងកាយពីរ៉ាឌីកាលសេរី និងជំរុញដល់អង់ស៊ីមធ្វើការកាន់តែល្អក្នុងការរំលាយអាហារក្នុងខ្លួន។
វីតាមីន B6
ផ្លែចេកសម្បូរទៅដោយវីតាមីន B6 ដែលជាសមាសធាតុដ៏សំខាន់សម្រាប់សុខភាព។ យោងទៅតាម National Institute of Health (NIH) បានឲ្យដឹងថា មនុស្សធំគួរតែទទួលបានវីតាមីន B6 នេះ ១,៥មីលីក្រាមក្នុងមួយថ្ងៃ ហើយផ្លែចេកមួយផ្លែអាចផ្តល់វីតាមីនមួយនេះប្រហែលមួយភាគបួននៃចំនួនខាងលើនេះដែរ។ ការញ៉ាំផ្លែចេកមួយថ្ងៃមួយផ្លែ អាចបន្ថយអត្រាកើតជំងឺមហារីក ព្រមទាំងពង្រឹងដល់មុខងាររំលាយអាហារថែមទៀតផង។
សម្រាប់ស្រ្តីវិញ វីតាមីន B6 អាចជួយបន្ថយរោគសញ្ញានៃឈឺចាប់ក្នុងពេលមករដូវបាន។ សម្រាប់ស្រ្តីមានផ្ទៃពោះ វាក៏អាចបន្ថយអាការៈចាញ់កូនដែរ។
ទងដែង
ជាតិទងដែងគួរតែផ្សំគ្នាជាមួយជាតិដែកទើបជួយភ្ញោចដល់ការផលិតកោសិកាគ្រាប់ឈាមបានល្អ។ យ៉ាងណាមិញ ផ្លែចេកគឺជាប្រភពនៃជាតិទងដែកនេះយ៉ាងល្អមួយហើយ។
វីតាមីន C
ក្រូច និងផ្លែឈើជូរៗផ្សេងទៀតអាចផ្តល់ជាវីតាមីន C ដ៏ល្អទៅហើយ ប៉ុន្តែផ្លែចេកក៏មានវីតាមីន C ផងដែរ។ ត្រឹមផ្លែចេកទំហំមធ្យមមួយផ្លែមានចំនួនវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ១៥ភាគរយទៅហើយ។
វីតាមីន C នឹងជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងជំងឺផ្តាសាយ បន្ថយការរលាក និងបន្ថយភាពចាស់របស់ស្បែក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាមួយបានបង្ហាញថា វីតាមីន C អាចសម្លាប់កោសិកាមហារីកថែមទៀតផង៕