Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាអាហារដែលអាចបង្កការរលាកក្នុងរាងកាយក្រៅពីបង្កបញ្ហាឈឺហើមសន្លាក់ហើយនោះ ក៏នាំឱ្យឡើងទម្ងន់ផងដែរ។ នោះក៏ព្រោះតែមួយក្នុងចំណោមបញ្ហាដែលកើតឡើងដោយសារការរលាករ៉ាំរ៉ៃក្នុងរាងកាយ គឺការឡើងទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារបង្កការរលាកណាខ្លះដែលអ្នកគួរចៀសវាងដើម្បីទទួលបានរាងស្លីមស្រស់ស្អាត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. អាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់

ក្រៅពីផ្ដល់ឱ្យរាងកាយនូវបរិមាណកាឡូរីហួសប្រមាណហើយនោះ ការទទួលទានអាហារផ្អែម ឬមានជាតិស្ករខ្ពស់ច្រើនក៏បង្កការរលាកក្នុងរាងកាយផងដែរ។ ហើយការរលាករ៉ាំរ៉ៃក្នុងរាងកាយនឹងអាចបណ្ដាលឱ្យឡើងទម្ងន់។

២. ជាតិផ្អែមសិប្បនិម្មិត

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាជាតិផ្អែមសិប្បនិម្មិតអាចបង្កើនចំនួនបាក់តេរីមិនល្អក្នុងពោះវៀនដែលបង្កជាការរលាកក្នុងរាងកាយ។ ដូចដែលបានរៀបរាប់ខាងលើ ការរលាកក្នុងរាងកាយនឹងអាចបណ្ដាលឱ្យកើនទម្ងន់។

៣. អាហារចៀន ឬបំពង

ការទទួលទានអាហារចៀន ឬបំពងច្រើនមិនល្អសោះឡើយចំពោះទាំងសុខភាព និងទម្ងន់។ នោះក៏ព្រោះតែអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ saturated fat ដែលងាយនឹងធ្វើឱ្យកើនទម្ងន់ ហើយក៏បង្កការរលាកក្នុងរាងកាយផងដែរ។

៤. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាទឹកដោះគោ ឈីស និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោផ្សេងទៀតជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម និងប្រូតេអ៊ីន។ ប៉ុន្តែទោះជាយ៉ាងណាអាហារប្រភេទនេះក៏មានផ្ទុកជាតិខ្លាញ់ដែលអាចបង្កការរលាកក្នុងរាងកាយផងដែរ។ ដូច្នេះប្រសិនបើអ្នកហើមពោះ និងជួបប្រទះបញ្ហាពិបាករំលាយអាហារក្រោយទទួលទានអាហារផ្សំឡើងពីទឹកដោះគោ ចូរព្យាយាមកាត់បន្ថយការទទួលទាន។

៥. សាច់កែច្នៃ

ការទទួលទានសាច់កែច្នៃអាចបណ្ដាលឱ្យអ្នកកើនទម្ងន់ដោយសារមូលហេតុចម្បងពីរ។ ទី១នោះគឺអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អ saturated fat។ ទី២នោះគឺសារធាតុគីមីក្នុងសាច់កែច្នៃអាចបង្កការរលាកក្នុងរាងកាយ៕