ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាវីតាមីន b12 ក្រៅពីល្អសម្រាប់សុខភាពខួរក្បាលហើយនោះក៏ចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រភពធម្មជាតិដ៏ប្រសើរបំផុតនៃវីតាមីន b12 រួមមានសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី ស៊ុត ទឹកដោះគោ បន្លែបៃតង និងថ្លើមសត្វជាដើម។ ថាតើវីតាមីននេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាព? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលល្អៗនៃវីតាមីន b12 ចំពោះសុខភាព ៖
១. ផ្ដល់ថាមពលបន្ថែម
វីតាមីន b12 ជួយបំលែងអាហារទៅជាថាមពល។ ដូច្នេះហើយទើបការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 គ្រប់គ្រាន់ជួយកាត់បន្ថយភាពអស់កម្លាំងដែលនឹងធ្វើឱ្យអ្នកមានថាមពលប្រសើរជាងមុន។ វីតាមីននេះក៏ជួយធ្វើឱ្យដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយមានលក្ខណៈកាន់តែប្រសើរឡើងដែលអាចបង្កើននិងរក្សាថាមពលផងដែរ។
២. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
ធ្លាប់ដឹងទេថាកង្វះវីតាមីន b12 អាចបណ្ដាលឱ្យមានបញ្ហាអារម្មណ៍មិនល្អ? នោះក៏ព្រោះតែវីតាមីន b12 មានប្រសិទ្ធិភាពគ្រប់គ្រងអារម្មណ៍ល្អប្រសើរជួយរក្សាសុខភាពផ្លូវចិត្ត។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏ជួយរក្សាថាមពលខួរក្បាលទប់ទល់នឹងភាពអស់កម្លាំងដោយសារបញ្ហាស្ត្រេសផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់ចៀសផុត ឬទប់ទល់ជាមួយបញ្ហាធ្លាក់ទឹកចិត្ត (depression) និងថប់បារម្ភ ចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃ។
៣. ពង្រឹងសុខភាពខួរក្បាល
វីតាមីន b12 ជួយការពារកោសិកាខួរក្បាលដែលធ្វើឱ្យមុខងារនៃខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12។
៤. ពង្រឹងសុខភាពបេះដូង
នោះក៏ព្រោះតែវីតាមីន b12 ជួយកាត់បន្ថយអាស៊ីតអាមីណូ homocystein ក្នុងឈាម។ ការកើនឡើងខ្ពស់នៃ homocystein បង្កើនហានិភ័យនៃជំងឺបេះដូង។ អ្នកជំនាញផ្នែកសុខភាពច្រើនបាននិយាយថាវីតាមីន b12 ក៏ជួយទប់ស្កាត់ការកើនឡើងនៃកូឡេស្តេរ៉ូលមិនល្អ រួមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់ដែលជួយរក្សាសុខភាពបេះដូងល្អប្រសើរផងដែរ។
៥. បង្កើនសុខភាពស្បែកនិងសក់
ដើម្បីរក្សាបាននូវស្បែកនិងសក់ស្រស់ស្អាតមានសុខភាពល្អនោះត្រូវប្រាកដថាអ្នកបានរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃរួចហើយ។ នោះក៏ព្រោះតែវីតាមីន b12 គឺចាំបាច់សម្រាប់សុខភាពស្បែកនិងសក់៕