ការរលាកក្នុងរាងកាយអាចជារឿងល្អនិងអាក្រក់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរលាកធម្មតា គឺជាប្រតិកម្មរបស់អ្នកប្រព័ន្ធភាពស៊ាំតបទៅនឹងរបួស ឬការឆ្លងមេរោគដែលជួយពន្លឿនការរព្យាបាល។ ប៉ុន្តែចំពោះការរលាករ៉ាំរ៉ៃវិញអាចនាំអោយមានជំងឺផ្សេងៗ និងកើនទម្ងន់។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបបអាហារដែលជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ ៖
១. អាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មរួមមានវីតាមីន C សារធាតុ beta carotene និងសារធាតុ lycopene ជាដើមជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកានិងបង្កការរលាកផ្សេងៗក្នុងរាងកាយ។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
២. អាហារមានផ្ទុកសារធាតុ polyphenols
polyphenols ជាសារធាតុប្រឆាំងការរលាកដ៏មានឥទ្ធិពល ហើយប្រភពដ៏ប្រសើរបំផុតនៃសារធាតុ polyphenols គឺបន្លែផ្លែឈើដែលមានពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ខៀវបៃតង។
៣. អាហារមានផ្ទុកសារធាតុ quercetin
ប្រភពដ៏ល្អបំផុតនៃសារធាតុ quercetin គឺខ្ទឹមស ផ្លែប៉ោមក្រហម ខ្ទឹមបារាំង ខ្ទឹមក្រហម ទំពាំងបាយជូរក្រហម និងផ្កាខាត់ណាខៀវ។
៤. អាហារមានផ្ទុកសារធាតុ curcumin
សារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។ ប្រភពដ៏ល្អបំផុតនៃសារធាតុ curcumin គឺរមៀត។
៥. អាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣
អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរឱ្យកត់សម្គាល់។ ហើយប្រភពដ៏ល្អបំផុតនៃខ្លាញ់ល្អនេះរួមមានត្រីសម្បូរខ្លាញ់ និងគ្រាប់ធញ្ញជាតិជាដើម៕