ការទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ជាប្រចាំ គឺសំខាន់ណាស់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរប៉ុន្តែក៏មិនគួរទទួលទានលើសពេកដែរចៀសវាងបង្កជាបញ្ហា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាពេលខ្លះខ្លួនឯងទទួលទានប្រូតេអ៊ីនច្រើនជ្រុល! ថាតើរាងកាយនឹងបង្ហាញអាការៈអ្វីខ្លះនៅពេលអ្នកទទួលទានប្រូេតអ៊ីនលើសកម្រិត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលនឹងលេចឡើងប្រសិនបើលើសជាតិប្រូតេអ៊ីន ៖
១. ស្រេកទឹកខ្លាំង
បញ្ហាជាមួយការទទួលទានរបបអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ច្រើនពេកនឹងធ្វើអោយតម្រងនោមត្រូវធ្វើធ្ងន់លើសធម្មតាដើម្បីបញ្ចេញប្រូតេអ៊ីនពីរាងកាយ។ នេះហើយជាមូលហេតុដែលអ្នកអាចនឹងនោមញឹកខុសធម្មតាពេញមួយថ្ងៃបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមិនត្រឹមតែប្រូតេអ៊ីនប៉ុណ្ណោះទេដែលត្រូវបញ្ចេញចោលតាមទឹកនោម ប៉ុន្តែរួមទាំងជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមផងដែរ។
២. អារម្មណ៍មិនល្អ
ធ្លាប់សម្គាល់មើលខ្លួនឯងទេថាអ្នកហាក់ដូចជាងាយនឹងមានអារម្មណ៍មិនល្អសឹងតែគ្រប់ពេល? បញ្ហានេះក៏អាចបណ្ដាលមកពីការទទួលទានប្រូតេអ៊ីនច្រើនលើសផងដែរ។ នោះក៏ព្រោះតែនៅពេលអ្នកទទួលទានអាហារសម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជាទទួលទានកាបូអ៊ីដ្រាតតិចជាងមុន ហើយខួរក្បាលនឹងមិនទទួលបានជាតិស្ករគ្រប់គ្រាន់ដើម្បីផលិតអ័រម៉ូនអារម្មណ៍ល្អសេរ៉ូតូនីន។
៣. ទល់លាមក
អាការៈទូទៅបំផុតមួយទៀតនៃការទទួលទានប្រូតេអ៊ីនច្រើនហួស គឺទល់លាមក។ នេះក៏ព្រោះតែប្រូតេអ៊ីនលើសកម្រិតជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចលនានៃពោះវៀន។
៤. ខឹង ហើយឃ្លាន
ប្រសិនបើអ្នកមានអារម្មណ៍ខឹងផងឃ្លានផងក្នុងពេលតែមួយនៅរយៈពេលប៉ុន្មានម៉ោងក្រោយទទួលទានអាហាររួចនោះ វាអាចបណ្ដាលមកពីអ្នកបានទទួលទានប្រូតេអ៊ីនច្រើនពេកហើយ។ នៅពេលអ្នកទទួលទានអាហារសម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជាទទួលទានកាបូអ៊ីដ្រាតតិចជាងមុន ខណៈនេះជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះទាបបណ្ដាលឱ្យឃ្លាន ហើយអារម្មណ៍ក៏មិនប្រសើរផងដែរ៕