ជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ គឺខុសពីប្រភេទផ្សេងទៀតនៃជំងឺទឹកនោមផ្អែម ក៏ព្រោះវាកើតឡើងតែនៅពេលស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាមិនបង្ហាញរោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍ទេ ហើយងាយនឹងបាត់ទៅវិញក្រោយសម្រាល។ កំឡុងពេលកើតមានជំងឺទឹកនោមផ្អែមប្រភេទនេះ អ័រម៉ូនដែលជាធម្មតាផលិតឡើងដើម្បីជួយដល់ការលូតលាស់របស់ទារកចាប់ផ្ដើមជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន។ សរីរាង្គរបស់ស្ត្រីមួយចំនួនអាចនៅតែផលិតអាំងស៊ុយលីនលើសបន្តិចដើម្បីរក្សាកម្រិតគ្លុយកូស ឬជាតិស្ករ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះមិនអាចឡើយ។ ថាតើមានវិធីអ្វីគ្រប់គ្រងជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះឬអត់? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដែលអ្នកគួរសាកល្បង ៖
១. ជ្រើសរើសទទួលទានផ្លែឈើឱ្យបានត្រឹមត្រូវ
ផ្លែឈើជាអាហារសម្រន់ដ៏ល្អបំផុតចំពោះសុខភាពផ្ទុយពីនំស្រួយនិងសូកូឡាដែលអ្នកទទួលទានចន្លោះពេលអាហារ។ ទោះជាយ៉ាងណាត្រូវចាំថាផ្លែឈើមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់ដែលអាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើង។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទានផ្លែឈើណាដែលមានផ្ទុកជាតិស្ករទាបដូចជាផ្លែបឺរី។ គ្រាប់ធញ្ញជាតិក៏អាចជំនួសផ្លែឈើនិងផ្ដល់ផលល្អចំពោះសុខភាពផងដែរ ដោយវាមានផ្ទុកអាស៊ីតខ្លាញ់ល្អខ្ពស់ ប៉ុន្តែជាតិស្ករ ឬកាបូអ៊ីដ្រាតទាប។
២. ទទួលទានប្រូតេអ៊ីនឱ្យបានច្រើន
ដើម្បីរក្សាតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាមនោះការទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ គឺសំខាន់ណាស់។ ដូច្នេះប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ចូរព្យាយាមទទួលទានសាច់គ្មានខ្លាញ់ និងអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
៣. ទទួលទានខ្លាញ់ក្នុងកម្រិតមធ្យម គឺល្អសម្រាប់អ្នក
ការទទួលទានខ្លាញ់សុខភាពល្អក្នុងកម្រិតមធ្យម គឺពិតជាល្អសម្រាប់អ្នកកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែខ្លាញ់ល្អនឹងមិនបណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ។
៤. ចៀសវាងទទួលទានអាហារមានជាតិម្ស៉ៅ
អាហារមានជាតិម្ស៉ៅច្រើនតែមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ដែលនឹងជះឥទ្ធិពលដល់កម្រិតនៃជាតិស្ករក្នុងឈាម។ នេះមានន័យថាអ្នកគួរចៀសវាងទទួលទានអាហារមានជាតិម្ស៉ៅដូចជានំបុ័ង និងបាយសជាដើម។ ដូច្នេះដើម្បីជាការប្រសើរ អ្នកអាចទទួលទានបាយអង្ករសម្រូបជំនួសបាយស។
៥. បន្លែ គឺល្អសម្រាប់អ្នក
គន្លឹះមួយទៀតដែលអ្នកគួរពិចារណនៅពេលមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ គឺរួមបញ្ចូលបន្លែក្នុងរបបអាហារប្រចាំថ្ងៃ។ ការទទួលទានបន្លែបានច្រើន គឺល្អណាស់សម្រាប់រក្សាសុខភាពល្អប្រសើរ ក៏ដូចជាគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម៕