មានហេតុផលមួយដែលគ្រូពេទ្យអ្នកត្រូវការមើលអណ្តាតក្នុងពេលពិនិត្យសុខភាព ថាតើវាហើមឬអត់។ កាលណាអណ្តាតអ្នកប្រែពណ៌ទៅជាពណ៌ផ្សេង វាអាចបញ្ជាក់បានថា កំពុងតែមានរឿងមួយ ឬពីរកើតឡើងលើសុខភាពអ្នកជាមិនខានទេ។
លោក Laurence Kirk មកពីមហាវិទ្យាល័យ British College ផ្នែក Naturopath និង Osteopathy និយាយថា មានរឿងច្រើនណាស់ដែលមនុស្សម្នាក់អាចសិក្សាដឹងអំពីការពិនិត្យសុខភាពអណ្តាត។ គាត់បានបន្ថែមថា “អណ្តាតសម្បូរទៅដោយការផ្គត់ផ្គង់សរសៃឈាម ព្រមទាំងមានលំហូរទឹកមាត់ជាប់រហូតដើម្បីជាវិធីលាងសម្អាតបាក់តេរីអាក្រក់ៗចេញពីក្នុងមាត់។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជា មនុស្សម្នាក់មិនមានសុខភាពល្អទេនោះ បញ្ហាមួយអាចរកឃើញតាមរយៈការមើលអណ្តាតនេះឯង”។

ការប្រែប្រួលរូបរាងខាងក្រៅរបស់អណ្តាតអាចមានអត្ថន័យខុសៗគ្នាចាប់តាំងពី កង្វះវីតាមីន រហូតដល់អនាម័យមាត់ធ្មេញ។ ប៉ុន្តែមានពេលវេលាច្រើនណាស់ដែលការប្រែប្រួលនេះអាចបញ្ជាក់ថាអ្នកត្រូវការគ្រូពេទ្យពិនិត្យជាបន្ទាន់។ ដើម្បីស្រាយចម្ងល់អំពីរឿងនេះ ចូរស្វែងយល់អំពីអត្ថន័យនៃការប្រែប្រួលពណ៌របស់អណ្តាតដូចខាងក្រោមនេះ៖
ពណ៌ខ្មៅ
អណ្តាតដែលមានប្រតាកខ្មៅៗ ជាពិសេសនៅតាមបណ្តោយផ្ទៃកណ្តាលរបស់អណ្តាតអាចបញ្ជាក់ឱ្យដឹងថា វាអាចជាកន្លែងតាំងនៅរបស់បាក់តេរី និងមេរោគផ្សិតជាច្រើន។ របបអាហារ និងទម្លាប់ដូចជា ការជក់បារីក៏ធ្វើឱ្យតំបន់នេះខ្មៅដែរ។ ថ្នាំមួយចំនួនដូចជា ថ្នាំផ្សះក៏អាចប្រែពណ៌អណ្តាតទៅជាខ្មៅ ដែរ។ ការខ្សោះជាតិទឹកដោយសារការញ៉ាំកាហ្វេច្រើនពេក និងជក់បារីសុទ្ធតែជាដើមហេតុនៃរឿងនេះ។ សរុបមក ពណ៌ខ្មៅច្រើនតែបញ្ជាក់ថា បុគ្គលនោះកង្វះអនាម័យមាត់ធ្មេញ។
ពណ៌លឿង
អណ្តាតពណ៌លឿងក៏ស្រដៀងគ្នានឹងពណ៌ខ្មៅដែរ ហើយច្រើនកើតមាននៅពេលមានការប្រមូលផ្តុំបាក់តេរីនៅលើផ្ទៃរបស់អណ្តាតតែម្តង។ រឿងមួយដែលខុសគ្នានោះគឺថា បាក់តេរីដែលនៅទីនោះគឺមិនដូចគ្នាទេ។ ការរលាកដោយសារការខ្សោះជាតិទឹកដោយសារជក់បារីក៏អាចជាដើមហេតុមួយដែរ។
ពណ៌ស
អណ្តាតពណ៌សអាចមានហេតុផលច្រើននៅពីក្រោយរឿងនេះដូចជា៖
- ការខ្សោះជាតិទឹក
- មានជំងឺផ្សិតនៅលើអណ្តាត ដែលភាគច្រើនកើតលើទារកទើបនឹងកើត និងមនុស្សចាស់ និងបង្កឡើងដោយផ្សិតឈ្មោះថា Candida
- ជំងឺអណ្តាត Leukoplakia ដែលមានន័យថា មានការលូតលាស់កោសិកាច្រើនជ្រុលក្នុងមាត់ និងអណ្តាត។ វាគឺជាប្រតិកម្មអវិជ្ជមានមួយដែលកើតមានជាញឹកញាប់ចំពោះអ្នកជក់បារី។ ករណីខ្លះ វាក៏ជាប់ទាក់ទងនឹងជំងឺមហារីកមាត់ដែរ។
ពណ៌ក្រហមដូចស្ត្របឺរី
អ្នកខ្លះប្រហែលជាយល់ថា កាលណាមានអណ្តាតក្រហមគឺទាក់ទាញ ប៉ុន្តែករណីក្រហមស្រស់បែបនេះ វាអាចជាសញ្ញានៃជំងឺមួយចំនួនទៅវិញទេ។ អណ្តាតអាចប្រែពណ៌ទៅជាក្រហមស្រស់ ឬពណ៌ដូចស្ត្របឺរីនៅពេលកោសិកាទទួលស្រង់រសជាតិទៅជាហើម ហើយវាក៏មិនមែនជារឿងល្អអ្វីដែរ។
- កង្វះវីតាមីន ជាពិសេសវីតាមីន B9 និង B12 និងជាតិរ៉ែ
- ជំងឺ Scarlet Fever ដែលបង្កឡើងដោយបាក់តេរីឈ្មោះ Streptococcus។ ជំងឺនេះច្រើនតែក្តៅខ្លួនខ្លាំង និងមានអណ្តាតក្រហម
- ជំងឺ Kawasaki Disease ដែលវាជាជំងឺច្រើនកើតលើក្មេងអាយុចាប់ពី៥ឆ្នាំចុះក្រោម ប៉ុន្តែក្មេងធំៗដល់វ័យជំទង់ក៏អាចកើតមានដែរ។ ជំងឺនេះតែងធ្វើឱ្យសរសៃឈាមក្នុងរាងកាយរីកធំ ដូច្នេះក៏អាចនាំឱ្យអណ្តាតទៅជាក្រហមស្រស់ដែរ។
- ពណ៌ត្នោត
- អណ្តាតពណ៌ត្នោតអាចបញ្ជាក់ថា អ្នកកំពុងតែស្ថិតក្នុងជំងឺមហារីកស្បែកប្រភេទ Melanoma ដំណាក់កាលដំបូង។ ដូច្នេះគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗទៅ។
របៀបនៃការថែរក្សាអណ្តាត
- ឈប់ជក់បារី និងលះបង់ចោលនូវការប្រើប្រាស់ផលិតផលជាថ្នាំជក់គ្រប់ប្រភេទ
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
- ញ៉ាំយ៉ាអួអរកានិច ឬញ៉ាំភេសជ្ជៈដែលមានសារធាតុ Probiotics ធម្មជាតិជាទៀងទាត់
- ដុសសម្អាតធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ និងប្រើអំបោះសម្អាតធ្មេញជាទៀងទាត់
- ប្រើទឹកខ្ពុរមាត់ប្រភេទអ័រកានិច
- បើសិនជាអ្នកមិនដុសសម្អាតធ្មេញក្រោយញ៉ាំអាហាររួចទេនោះ ចូរប្រាកដថាអ្នកបានខ្ពុរមាត់ចេញរួចហើយ៕