ជំងឺមហារីកក្រពះច្រើនតែមិនមានរោគសញ្ញាអ្វីទេនៅពេលអាការៈជំងឺនេះស្ថិតក្នុងដំណាក់កាលដំបូង ឬក៏អាចមានសញ្ញាមិនសូវសំខាន់ខ្លះដែរដូចជា ក្អួតចង្អោ ឬស្រកទម្ងន់។ លើសពីនេះទៅទៀត វាក៏គ្មានរោគសញ្ញាណាមួយជាក់លាក់ដែលបញ្ជាក់ថាជាជំងឺមហារីកក្រពះដែរ ដូច្នេះអ្វីដែលអាចធ្វើបានគួរតែមានការតាមដាន និងធ្វើតេស្តជាច្រើនទៀតដើម្បីកំណត់រោគវិនិច្ឆ័យអោយបានច្បាស់លាស់។

តេស្តដែលប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពះមានដូចជា៖
– ការឆ្លុះក្រពះ៖ វាគឺជាបំពង់ដ៏តូចមួយដែលមានកាមេរ៉ាដ៏តូចមួយក្នុងនោះដើម្បីដាក់ចូលទៅតាមមាត់ឱ្យដល់ក្រពះតែម្តង។ គ្រូពេទ្យអាចមើលឃើញសញ្ញារបស់ជំងឺមហារីក។ បើសិនជារកឃើញអ្វីដែលសង្ស័យ គ្រូពេទ្យអាចនឹងច្រឹបយកជាលិការមួយដុំតូចនៅកន្លែងនោះទៅវិភាគ (ធ្វើអាណាប៉ាត់)។
– តេស្តដោយការថតរូបភាពវេជ្ជសាស្ត្រ៖ ការថតនេះមានដូចជា CT Scan និង ប្រភេទកាំរស្មីអ៊ិចពិសេស ហើយពេលខ្លាះមានការផឹកទឹកបារៀមទៀតផងមុនពេលថតកាំរស្មីអ៊ិច។
ការកំណត់ដំណាក់កាលរបស់ជំងឺមហារីកក្រពះ
ដំណាក់កាលរបស់ជំងឺមហារីកក្រពះអាចជួយគ្រូពេទ្យក្នុងការសម្រេចចិត្តរបៀបព្យាបាលដែលល្អបំផុតដល់អ្នកជំងឺ។ ខាងក្រោមនេះជាតេស្តសម្រាប់កំណត់អំពីដំណាក់កាលរបស់ជំងឺ៖
– តេស្តដោយការថតរូបភាពវេជ្ជសាស្ត្រ៖ តេស្តមានដូចជា CT Scan និង Position Emission Tomography (PET)។
– ការវះកាត់បើកមើលស្ថានភាព៖ គ្រូពេទ្យប្រហែលជាណែនាំឱ្យធ្វើការវះកាត់ដើម្បីមើលរោគសញ្ញាដែលជំងឺមហារីករាតត្បាតក្នុងពោះ និងក្រពះ។ ការវះកាត់បែបនេះច្រើនតែធ្វើឡើងដោយការប្រើបំពុងឆ្លុះ។ មានន័យថា គ្រូពេទ្យវះកាត់អាចវះបើកពោះក្នុងទំហំតូចៗជាច្រើនកន្លែងលើពោះ និងដាក់កាំមេរ៉ាពិសេសចូលទៅក្នុងពោះដើម្បីមើល ក៏ដូចជាតាមដានស្ថានភាពជំងឺក្នុងបន្ទប់វះកាត់។ តេស្តផ្សេងៗទៀតប្រហែលជាត្រូវធ្វើដែរអាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ ៕