អ្នកស្រាវជ្រាវជនជាតិតៃវ៉ាន់បានរកឃើញថា អ្នកជំងឺតម្រងនោមគួរតែដើរអោយបានច្រើន បើមិនចង់លាងឈាម ប្តូរតម្រងនោម ឬស្លាប់ទាំងក្មេងវ័យ។
វេជ្ជបណ្ឌិត ឈី យីជូ (Che-Yi Chou) បាននិយាយថា “ក្នុងមួយសប្តាហ៍ បើអ្នកដើរយ៉ាងតិចអោយបានម្តងក្នុងរយៈពេល ៣០ នាទី អ្នកប្រាកដជាទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយវារិតតែល្អប្រសើរបន្ថែមទៀត បើអ្នកអាចដើរបានញឹកញាប់ និងយូរជាងនេះ”។

អ្នកជំងឺដែលដើរហាត់ប្រាណបានកាត់បន្ថយអត្រាមរណៈភាពរបស់ពួកគេដល់ទៅមួយភាគបី ក្នុងអំឡុងពេលនៃការស្រាវជ្រាវ ហើយមានអ្នកជំងឺតិចជាង ២១% ដែលត្រូវទទួលការលាងឈាម ឬប្តូរតម្រងនោម បើធៀបទៅនឹងអ្នកដែលមិនដើរ។
អ្នកជំងឺដើរកាន់តែច្រើន កាន់តែល្អ។ ធៀបទៅនឹងអ្នកមិនដើរ អ្នកដែលដើរលើសពី ៧ ដងក្នុងមួយសប្តាហ៍ អត្រាស្លាប់របស់ពួកគេមានការថយចុះដល់ទៅ ៥៩%។
អ្នកចូលចិត្តដើរមានសុខភាពល្អប្រសើរជាងអ្នកដែលមិនដើរ។ អ្នកដើរប្រឈមមុខតិចជាងទៅនឹងបញ្ហាសុខភាពដ៏ទៃទៀតផងដែរ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម៕