បេះដូងលោតយឺត គឺនៅពេលដែលបេះដូងលោតតិចជាងធម្មតា ដែលធម្មតា វាលោតចន្លោះពី ៦០ ទៅ ១០០ ដងក្នុងមួយនាទី នៅពេលសម្រាកធម្មតា ចំពោះមនុស្សពេញវ័យ។ ប្រសិនបើអ្នកមានបេះដូងលោតយឺត បានន័យថា បេះដូងរបស់អ្នកលោតតិចជាង ៦០ ដងក្នុងមួយនាទី។ បេះដូងលោតយឺត អាចជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើបេះដូងមិនច្របាច់ឈាមដែលមានអុកស៊ីសែនបានគ្រប់គ្រាន់សម្រាប់រាងកាយ។ ចំពោះមនុស្សមួយចំនួន បេះដូងលោតយឺតមិនបណ្តាលអោយមានរោគសញ្ញា ឬផលប៉ះពាល់ណាមួយឡើយ។

បេះដូងលោតយឺត អាចបង្កឡើងដោយបញ្ហាទាំងឡាយណា ដែលរំខានដល់ការដឹកនាំបន្ទុកអគ្គិសនីក្នុងសាច់ដុំបេះដូង ដែលមាននាទីគ្រប់គ្រងសកម្មភាពនៃការច្របាច់ឈាមរបស់បេះដូងរបស់អ្នក។ មានរឿងជាច្រើនអាចបណ្តាលអោយ ឬអាចរួមចំណែកជាមួយនឹងបញ្ហានេះដូចជា៖
ការខូចជាលិកាបេះដូង ដែលទាក់ទងទៅនឹងអាយុចាស់
ការខូចខាតជាលិកាបេះដូង ដែលមកពីជំងឺបេះដូង ឬការគាំងបេះដូង
- មានជំងឺលើសសម្ពាធឈាម
- ជំងឺបេះដូង ដែលមានតាំងតែពីកំណើត
- ជំងឺរលាកជាលិកាសាច់ដុំបេះដូង
- ផលវិបាកនៃការវះកាត់បេះដូង
- ក្រពេញទីរ៉ូអ៊ីតមិនដំណើរការ ហើយបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីតតិចពេក
- មានបញ្ហាទាក់ទងនឹងសារធាតុរ៉ែ ដែលចាំបាច់សម្រាប់ការដឹកនាំបន្ទុកអគ្គិសនីក្នុងបេះដូង
- ជំងឺគេងមិនដកដង្ហើម
- ជំងឺរលាកមួយចំនួន ដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
- ការកើនឡើងនៃសារធាតុជាតិដែកក្នុងសរីរាង្គ
- ការប្រើប្រាស់ថ្នាំមួយចំនួន ដែលរួមមានថ្នាំព្យាបាលការលើសសម្ពាធឈាម ឬថ្នាំផ្លូវចិត្តជាដើម៕