យកវិធីសាស្ត្រ សាងសុភមង្គលមកប្រើ
និយាយស្រួល ប៉ុន្តែ ការងារនេះ ពិតជាលំបាក់ធ្វើខ្លាំងណាស់ ហើយទាមទារការខិតខំប្រឹងប្រែង និងការចូលរួម ពីសមាជិកនៅក្នុងគ្រួសារនេះទាំងមូល។ ឪពុកម្តាយល្អ តែងតែមានគម្រោងការច្បាស់លាស់ ហើយត្រូវចំណាយពេលច្រើន ដើម្បីអប់រំកូន។ ឪពុកម្តាយល្អ ត្រូវផ្តល់អាទិភាពចម្បង ទៅលើការលូតលាស់ និងអត្តចរឹតរបស់កូន។ ឪពុកម្តាយល្អ ត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើន ដើម្បីចំណាយពេលមើលថែ និងនៅជាមួយកូន។

• ប្តីប្រពន្ធ ត្រូវចេះដាក់វេនគ្នាមើលថែកូន ងូតទឹកឲ្យកូន បញ្ចុកបាយកូន ដើម្បីឲ្យកូនយល់ថា គេទទួលបានសេចក្តីស្រឡាញ់ និងការថ្នាក់ថ្នមពីអ្នកទាំងពីរ ហើយគេក៏ស្រឡាញ់អ្នកទាំងពីរ ស្មើគ្នាផងដែរ។
• បើអ្នកមានគម្រោងក្នុងថ្ងៃឈប់សម្រាក កូន គួរតែជាប្រធានបទទីមួយ ដែលអ្នកត្រូវលើកយកមកពិភាក្សាគ្នា។
អានឲ្យកូនស្តាប់ ឲ្យបានញឹកញាប់
ពេលកូនធំ ចេះដឹងសមល្មមហើយ អ្នកគួរតែអានអត្ថបទណែនាំនានា ឲ្យគេស្តាប់ឲ្យបានញឹកញាប់ ហើយអត្ថបទទាំងនេះ មានក្នុងអត្ថបទអប់រំយុវវ័យ របស់គេហទំព័រយើងនេះឯង។ ការអាន នឹងធ្វើឲ្យកូនរបស់អ្នកស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន ហើយពេលធំឡើង គេនឹងក្លាយជាក្មេងដ៏ឆ្លាត និងពូកែទៀតផង។ ចូរអានសៀវភៅជាមួយគេ ឲ្យបានយ៉ាងហោចណាស់ កន្លះម៉ោងក្នុងមួយថ្ងៃ ជាពិសេស មុនពេលចូលគេង។

ញ៉ាំបាយជុំគ្នា
អាហារពេលល្ងាច ជាពេលដែលមិនគួរខកខាន ទោះបីជាអ្នក រវល់ធ្វើការយ៉ាងណាក៏ដោយ។ គ្រោះថ្នាក់ធំបំផុត សម្រាប់សុភមង្គលក្នុងគ្រួសារ គឺការបាត់បង់ការញ៉ាំអាហារជុំគ្នានេះឯង។ អាហារពេលល្ងាច មិនត្រឹមតែជាចំណីសុភមង្គល និងការជជែកគ្នា សម្រាប់ក្រុមគ្រួសារនោះទេ ប៉ុន្តែ វាក៏អាចបង្ហាញអំពី តម្លៃនៃសមាជិកគ្រួសារផងដែរ។
• ប្រសិនបើកូនអ្នក ជាក្មេងរពឹស ញ៉ាំផ្តេសផ្តាស ឬធ្វើឲ្យរញ៉េរញ៉ៃលើតុនោះ អ្នកមិនត្រូវស្តីបន្ទោស ឬថាឲ្យគេខ្លាំងៗនោះទេ ពីព្រោះវាអាចធ្វើឲ្យខ្លាច និងបាត់បង់ទំនុកចិត្ត ប៉ុន្តែ អ្នកអាចនិយាយអប់រំ ណែនាំ ឬធ្វើជាគម្រូ អំពីរបៀបនៃការញ៉ាំ ឲ្យគេមើលបាន។
• ពេលញ៉ាំបាយ មិនត្រូវស្ងប់ស្ងាត់នោះទេ គឺត្រូវបង្កើតបរិយាកាសរីករាយ និងនិយាយគ្នាលេង អំពីសកម្មភាព កិច្ចការសាលា ឬការងារប្រចាំថ្ងៃជាដើម៕