មហារីកមាត់ស្បូនគឺជាផលវិបាកមួយដែលបណ្តាលមកពីមេរោគHPV។ មេរោគនេះក៏បង្កអោយមានឬសនៅប្រដាប់ភេទទាំងបុរសនិងស្ត្រីផងដែរ។ ការឆ្លងមេរោគ HPV(Human Papillomavirus) ក្នុងប្រដាប់ភេទគឺជាជំងឺឆ្លងតាមការរួមភេទ (STI) ញឹកញាប់បំផុត។ ប្រភេទនៃវីរុសស HPV មានច្រើនជាង ៤០ប្រភេទ ដែលអាចបង្កជំងឺទៅលើប្រដាប់ភេទទាំងបុរស និងស្ត្រី ។ វីវ៉ុសទាំងនេះក៏អាចបង្កជំងឺនៅក្នុងមាត់ និងបំពង់កផងដែរ ។ មានចំនួនមនុស្សជាច្រើនដែលបានឆ្លងវីរុសនេះ ហើយពួកគេមិនទាន់នឹងដឹងថាខ្លួនគេមានជំងឺនេះនៅឡើយនោះទេ ។

វីរុស HPV មិនមានលក្ខណៈដូចគ្នានឹងមេរោគHerpesឬជំងឺអេដស៍នោះទេ ទោះបីជារីរ៉ុសទាំងនេះឆ្លងតាមរយៈការរួមភេទក៏ដោយ ប៉ុន្តែពួកវាបង្កជារោគសញ្ញា និងបញ្ហាសុខភាពផ្សេងៗគ្នា ។
តើមានរោគសញ្ញា និងបញ្ហាសុខភាពអ្វីខ្លះដែលកើតលើអ្នកជំងឺ HPV?
មនុស្សភាគច្រើនដែលកើតជំងឺ HPV មិនមានបង្ករោគសញ្ញា ឬបញ្ហាសុខភាពណាមួយនោះទេ ។ ក្នុងនោះមាន ៩០%នៃករណី ប្រព័ន្ធភាពស៊ាំសំរាប់ការពាររាងកាយរបស់យើង វាបានសំលាប់មេរោគនេះ អោយអស់ពីក្នុងខ្លួនជាលក្ខណៈធម្មជាតិក្នុងរយៈពេល ២ឆ្នាំ ។
• ប៉ុន្តែពេលខ្លះ រីរ៉ុស HPV ជាច្រើនទៀតអាចបង្កអោយមានចេញជាឬសសាច់(Wart) ដែលដុះនៅតំបន់ប្រដាប់បន្តពូជទាំងបុរស និងស្ត្រី ។ វាមានលក្ខណៈកម្រណាស់ដែល ឬសនេះដុះក្នុងបំពង់ក ហើយទៅជាជំងឺមួយហៅថា Recurrent Respiratory Papillomatosis, RRP ។
• វីរុស HPV ផ្សេងៗទៀតអាចធ្វើអោយមានមហារីកមាត់ស្បូន ។ វីរុសប្រភេទទាំងនេះក៏អាចធ្វើអោយកើតមហារីកនៅកន្លែងផ្សេងៗទៀតដែរ ប៉ុន្តែជំងឺមហារីកដែលសាហាវមានដូចជា មហារីកបបេទ្វាមាស ទ្វាមាស លិង្គ រន្ធគូថ និងនៅតំបន់ក្បាល និងក (អណ្តាត សាច់បំពង់ក និងបំពង់ក )។
វីរុស HPV ជាច្រើនប្រភេទអាចបង្កអោយកើតឬសនៅក្នុងប្រដាប់បន្តពូជ ដែលមានលក្ខណៈខុសគ្នានឹងសាច់ដុះជាលក្ខណៈមហារីក ។ យើងមិនមានមធ្យោបាយណាមួយក្នុងការដឹងថាអ្នកមានជំងឺ HPV នឹងវិវត្តន៍ទៅជាមហារីក ឬបញ្ហាសុខភាពណាមួយនោះដែរ ។
រោគសញ្ញាដែលមានការទាក់ទង់នឹងជំងឺ HPV
ដុះឬសនៅក្នុងប្រដាប់បន្តពូជ ជាធម្មតាមានលក្ខណៈជាដុំតូចមួយ ឬដុំៗជាច្រើនតែម្តង ។ ផ្លែទាំង នោះអាចតូច ឬធំ វែង ឬសំប៉ែត ឬរាងដូចផ្កាខាត់ណា ។ គ្រូពេទ្យដែលមើលថែទាំសុខភាពអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈមើលឃើញផ្លែដែលដុះនៅក្នុងប្រដាប់បន្តពូជ ។ ផ្លែនេះអាចកើតមានពីច្រើនសប្តាហ៍ ឬច្រើនខែក្រោយពេលរួមភេទហើយ ដែលដៃគូជាអ្នកមានជំងឺទោះបីជារូបគេមិនទាន់មាន រោគសញ្ញា ឬដុះផ្លែនោះក៏ដោយ ។ ជំងឺនេះប្រសិនជាមិនបានព្យាបាលទេ ផ្លែដែលដុះនៅក្នុងប្រដាប់បន្តពូជប្រហែលជាអាចបាត់ដោយខ្លួនឯង នៅដដែល កើនចំនួនឬធំជាងមុន ហើយមិនទៅជាមហារីកទេ ។ មហារីកមាត់ស្បូន ជាធម្មតាមិនមានរោគសញ្ញាអ្វីនោះទេលុះត្រាតែវាស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ។ហេតុផលមួយនេះមានសារៈសំខាន់ណាស់សំរាប់មនុស្សស្រីទាំងឡាយដែលត្រូវតែទៅធ្វើតេស្តរក មើលជំងឺមហារីកមាត់ស្បូនជាទៀងទាត់ ។ការធ្វើតេស្តរកមើលជំងឺមហារីកមាត់ស្បូនអាចអោយអ្នករកឃើញនូវរោគសញ្ញាទាន់ពេលវេលានៃការវិវត្តន៍របស់ជំងឺដូច្នេះអ្នកក៏អាចធ្វើការព្យាបាលទាន់ពេលដែរ មុនពេលដែលវានឹងវិវត្តន៍ទៅរកមហារីក ។
ជំងឺមហារីកផ្សេងៗទៀតដែលបង្កដោយ HPV អាចមិនមានរោគសញ្ញា រហូតដល់កំរិតធ្ងន់ធ្ងរ និង មានការពិបាកក្នុងការព្យាបាល ក្នុងនោះមានមហារីក បបេទ្វាមាស ទ្វាមាស លិង្គ រុន្ធគូថ តំបន់ក្បាល និងក ។
ចំពោះ RRP ធ្វើអោយដុះឬសក្នុងបំពង់ក ។ ការដុះដូច្នេះពេលខ្លះក៏អាចអោយស្ទះផ្លូវដង្ហើម សំលេងស្អក ឬមានការពិបាកក្នុងការដកដង្ហើម ។
តើមនុស្សឆ្លងជំងឺ HPV តាមរបៀបណា?
វីរុស HPV អាចធ្វើការចំលង់តាមរយៈការប៉ះពាល់នឹងប្រដាប់បន្តពូជ ដែលភាគច្រើនកើតឡើងដោយសារការរួមភេទតាមផ្លូវទ្វារមាស និងតាមរន្ធគូថ ។ លើសពីនេះវាក៏អាចធ្វើការចំលងតាមរយៈការរួមភេទតាមមាត់ (Oral Sex) និងការរួមភេទតាមប្រដាប់បន្តពូជ (Genital-to-Genital) ។ HPV នេះអាចចំលងទៅដៃគូ ទាំងភេទដូចគ្នា និងខុសគ្នា បានដោយគ្មានបង្ហាញចេញរោគសញ្ញាអ្វីទាំងអស់ ។
មនុស្សម្នាក់អាចមានវីរុស HPV លុះត្រាតែរូបគេបានធ្វើការរួមភេទជាមួយអ្នកមានជំងឺនេះយូរឆ្នាំមកហើយ ។ ភាគច្រើនអ្នកដែលឆ្លងជំងឺនេះមិនបានដឹងថាខ្លួនឯងមានជំងឺនេះទេ ហើយក៏បានចំលងជំងឺរបស់ខ្លួនទៅដៃគូខ្លួនម្នាក់ទៀត ដូច្នេះអាចធ្វើអោយមនុស្សម្នាក់អាចមានវីរុស HPV លើសពីមួយ ។
វាមានលក្ខណៈកម្រណាស់ដែលស្ត្រីមានផ្ទៃពោះហើយមានផ្លែឬសបស់វីរុស HPV ដុះនៅក្នុងប្រដាប់បន្តពូជរបស់គាត់ហើយចំលងមេរោគនេះទៅកូនរបស់គាត់នៅពេលសំរាលតាមបែបធម្មជាតិនោះទេ ។
តើវីរុស HPV ធ្វើអោយមានដុះផ្លែឬស និងមហារីកដោយរបៀបណា?
វីវ៉ុស HPV ធ្វើអោយកោសិកាធម្មតាដែលលើស្បែកប្រើក្លាយទៅជាមិនធម្មតាបាន ហើយភាគច្រើន អ្នកមិនអាចឃើញ ឬមានអារម្មណ៍ថាកោសិការរបស់អ្នកមានការផ្លាស់ប្តូរនោះទេ ។ មានករណីជាច្រើនទៀត រាងកាយរបស់យើងក៏អាចយកឈ្នះនឹងវីរុសនេះតាមបែបធម្មជាតិហើយកោសិកាដែលមានជំងឺក៏វិលមករកភាពដើមវិញដែរ ។ ប៉ុន្តែក៏មានករណីខ្លះខ្លួនរបស់យើងមិនអាចយកឈ្នះវាបានដែរ ហើយធ្វើអោយយើងមើលឃើញនូវភាពខុសប្លែកផងដែរ ដូចជា ការដុះឬស ឬមហារីក ។ ឬស ទាំងនេះអាចកើតឡើងក្នុងរយៈពេលច្រើនសប្តាហ៍ ឬច្រើនខែ បន្ទាប់ពីឆ្លងជំងឺ HPV ។ ចំនែកមហារីកវិញច្រើនចំនាយពេលច្រើនឆ្នាំទើបមាន ក្រោយពេលឆ្លង ។
តើវីរុស HPV ច្រើនបង្កជាជំងឺដូចម្តេចដែរ?
ប្រជាជនអាមេរិកប្រមាណ ២០ លាននាក់កំពុងឆ្លងជំងឺ HPV ។ ចំនែកឯ ៦លាននាក់ផ្សេងទៀតក្លាយទៅជាអ្នកដែលត្រូវឆ្លងថ្មីនិងត្រូវកើតមានរាល់ឆ្នាំ ។ ជំងឺ HPV ច្រើនកើតមាន៥០% ចំពោះ មនុស្សប្រុសដែលចូលចិត្តធ្វើការរួមភេទជាសកម្ម ចំនែកមនុស្សស្រីវិញអាចកើតបានដែរក្នុងអំឡុងពេលណាមួយក្នុងជីវិតរបស់ពួកគេ ។
មហារីកមាត់ស្បូន: រាល់ឆ្នាំ មានមនុស្សប្រមាណ ១២០០០នាក់ នៅអាមេរិកកើតមានជំងឺ មហារីកមាត់ស្បូន ។ យើងមិនមានកំណត់ត្រាអំពីតួលេខនៅកម្ពុជាទេ។
មហារីកដទៃទៀត គឺមិនសូវមានច្រើនជាងមហារីកមាត់ស្បូនទេ ។ ជារាងរាល់ឆ្នាំសហរដ្ឋអាមេរិក មានដូចជា៖
• មនុស្សស្រី៣៧០០នាក់មានជំងឺមហារីកបបេទ្វាមាស
• មនុស្សស្រី១០០០នាក់មានជំងឺមហារីកទ្វាមាស
• មនុស្សប្រុស១០០០នាក់មានជំងឺមហារីកលិង្គ
• មនុស្សស្រី២៧០០នាក់ និងមនុស្សប្រុស១៧០០នាក់មានជំងឺមហារីករន្ធគូថ
• មនុស្សស្រី២៣០០នាក់ និងមនុស្សប្រុស៩០០០នាក់មានជំងឺមហារីកនៅក្បាល និងក ។ (សូមបញ្ចាក់ថា មហារីកដែលកើតនៅក្បាល និងកក្នុងជំងឺ HPV ភាគច្រើនមានជាប់ទាក់ទងនឹងការជក់បារី និងជាមនុស្សប្រមឹក)
អត្រានៃអ្នកកើតជំងឺ HPV គឺមានការប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនណាស់ ក្នុងនោះរាប់បញ្ចូលទាំងមនុស្សខ្ទើយ និងមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ (អ្នកជំងឺអេដស៍) ។ ចំពោះអ្នកជំងឺ RRP វិញមានលក្ខណៈកំរណាស់ ដោយសារតែបញ្ហានេះត្រូវបានគេរកឃើញថាមានចំនួនតិចជាង ២០០០នាក់ប៉ុណ្ណោះ ហើយជាកូនក្មេងទៀតដែលមានជំងឺ RRP នេះជារាងរាល់ឆ្នាំ ក្នុងសហរដ្ឋអាមេរិក ។
តើមនុស្សយើងអាចធ្វើការបង្កាជំងឺ HPV នេះតាមវិធីដូចម្តេច?
ចំពោះមធ្យោបាយក្នុងការការពារជំងឺ HPV គឺមានច្រើនយ៉ាងដែលវាអាចធ្វើអោយឱកាសនៃការឆ្លងមានកំរិតមួយទាប៖
• ការចាក់វ៉ាក់សាំងអាចការពារមនុស្សប្រុស និងមនុស្សស្រីក្នុងការប្រឆាំងនឹងប្រភេទមួយចំនួននៃវីរុស HPV ។ វ៉ាក់សាំងទាំងនេះត្រូវតែធ្វើឡើងបីដង។ វាមានសារៈសំខាន់ណាស់ ក្នុងការទទួលបានការចាក់ទាំងបីដើម្បីអោយការការពារក្នុងរាងកាយប្រព្រឹត្តិទៅយ៉ាងល្អបំផុត ។ វ៉ាក់សាំងនេះភាគច្រើនមានប្រសិទ្ធភាពនៅពេលអោយទៅអ្នកណាដែលមិនទាន់ធ្វើការរួមភេទម្តងសោះ ឬកំពុងតែប្រឈមមុខនឹងឆ្លង HPV ។
o មនុស្សស្រី: មានវ៉ាក់សាំងពីរប្រភេទ (Cervarix និង Gardasil) គឺមានប្រសិទ្ធភាពក្នុងការការពារមនុស្សស្រីកុំអោយឆ្លង HPVច្រើនប្រភេទ ក្នុងការបង្កជំងឺមហារីក ។ មួយក្នុងចំនោមវ៉ាក់សាំងទាំងនេះគឺ Gardasil ក៏អាចបង្ការកុំអោយកើតឬសក្នុងប្រដាប់បន្តពូជ ។ ថ្នាំវ៉ាក់សាំងទាំងពីរប្រភេទនេះត្រូវបានផ្តល់អោយមនុស្សស្រីចាប់ ពីអាយុ ១១ឆ្នាំ ដល់ ២៦ឆ្នាំ ហើយក៏អាចអោយទៅកុមារអាយុ ៩ឆ្នាំផងដែរ ។ ថ្នាំវ៉ាក់សាំងទាំងនេះត្រូវបានផ្តល់អោយមនុស្សស្រីទាំងអស់មិនថាអាយុប៉ុន្មានទេ គឺចាក់បីដងដូចៗគ្នាទាំងអស់ តាមតែអាចធ្វើបាន ។
o មនុស្សប្រុស: ចំពោះមនុស្សប្រុសយើងមានវ៉ាក់សាំងមួយប្រភេទ Gardasil អាចធ្វើការការពារមនុស្សប្រុសកុំអោយកើតផ្លែឬសក្នុងប្រដាប់បន្តពូជ ។ វ៉ាក់សាំងនេះត្រូវផ្តល់អោយមនុស្សប្រុសដែលមានអាយុចាប់ពី ៩ឆ្នាំ ទៅ២៦ឆ្នាំ ។
• ចំពោះអ្នកដែលមានភាពសកម្មក្នុងការរួមភេទ ការប្រើស្រោមអនាម័យគឺជាមធ្យោបាយល្អមួយក្នុងការបន្ថយនូវការប្រឈមមុខនឹងជំងឺ HPV នេះ ។ ដើម្បីអោយមានប្រសិទ្ធភាពល្អ ពួកគេគួរតែប្រើរហូតរាល់ការរួមភេទ។ ការប្រើស្រោមអនាម័យអាចបន្ថយនូវអត្រាប្រឈមមុខនឹងជំងឺរបស់ HPV ដូចជា ឬសក្នុងប្រដាប់បន្តពូជ និងមហារីកស្បូន ។ ប៉ុន្តែ HPV អាចបង្កជំងឺនៅកន្លែងជាច្រើនទៀតដែលពុំមានការការពារពីស្រោមអនាម័យ ដូច្នេះសបញ្ជាក់អោយឃើញថាស្រោមអនាម័យមិនអាចការពារជំងឺ HPV បាន១០០%ទេ ។
• មនុស្សដែលមានឱកាសនៃការឆ្លង HPVក្នុងកំរិតមួយតិចគឺ អ្នកដែលស្មោះនិងស្នេហា ឬមានដៃគូររួមភេទតែមួយអ្នក ។ ប៉ុន្តែទោះជាមានដៃគូស្នេហាតែមួយមែន ក៏ក្នុងដំណើរជីវិតរបស់គេនៅតែអាចមានជំងឺ HPV ដដែល ។
តើមនុស្សយើងអាចបង្ការជំងឺដែលទាក់ទងនឹងជំងឺ HPV តាមរបៀបណា?
មានមធ្យោបាយជាច្រើនដែលអាចប្រើការបានក្នុងការបង្ការជំងឺរបស់ HPV ដែលមានជំងឺពីរប្រភេទដូចជា៖ ឬសក្នុងប្រដាប់បន្តពូជ និងមហារីកមាត់ស្បូន។
• ការការពារឬសក្នុងប្រដាប់បន្តពូជ:ត្រូវប្រើវ៉ាក់សាំង Gardasil ដូចខាងលើ ។
• ការការពារមហារីកមាត់ស្បូន៖ មានវ៉ាក់សាំងពីរប្រភេទ (Cervarix និង Gardasil) ដែលអាចការពារមនុស្សស្រីពីជំងឺមហារីកមាត់ស្បូន ។ ជំងឺមហារីកមាត់ស្បូនក៏អាចធ្វើការបង្ការបានដែរតាមរយៈការធ្វើតេស្តជាទៀងទាត់ និងតាមដានរកនូវភាពមិនធម្មតាដែលកើតមាន ។ ការធ្វើតេស្ត Pap អាចស្វែងរកឃើញកោសិកាដែលមិនធម្មតានៅលើមាត់ស្បូន ដូច្នេះពួកគេអាចយកវាចេញមុនពេលវាវិវត្តន៍ទៅជាមហារីក ។ ការធ្វើតេស្ត HPV DNA អាចរកឃើញវីរុស HPV នៅលើមាត់ស្បូនរបស់មនុស្សស្រីបាន ហើយអាចកាត់បន្ថយការធ្វើ តេស្តPap បានទៀត ។ ទោះបីជាមនុស្សស្រីនោះធ្លាប់ចាក់វ៉ាក់សាំងកាលពីនៅក្មេងរួចហើយក៏ដោយ ពួកគេត្រូវតែធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនជាទៀងទាត់ដដែលព្រោះវ៉ាក់សាំងនេះមិនអាចធ្វើការការពាររាល់ជំងឺមហារីកមាត់ស្បូនបានទាំងអស់នោះទេ ។
• ការការពារមហារីករន្ធគូថ និងលិង្គ: នេះមិនមានការធ្វើតេស្តណាមួយដើម្បីដឹងមុនថាមានជំងឺមហារីកលិង្គ និងរន្ធគូថនោះទេ ។ មានអ្នកឯកទេសមួយចំនួនបានផ្តល់អនុសាសន៍ថាមនុស្សប្រុសដែលខ្ទើយ និងមានផ្ទុកមេរោគអេដស៍គួរតែធ្វើតេស្ត Pap ដើម្បីរកមើលមហារីករន្ធគូថ ។ នេះដោយសារតែមហារីករន្ធគូថ ច្រើនកើតក្នុងចំនោមមនុស្សប្រភេទនេះ ។ ការធ្វើតេស្តទាំងនេះ មិនត្រូវបានផ្តល់អោយធ្វើជាទំលាប់ដើម្បីមើលមហារីករន្ធគូថនោះទេ ព្រោះត្រូវការព័ត៌មានបញ្ជាក់បន្ថែមទៀត ។
• ការការពារមហារីកក្បាល និងក: នេះក៏គ្មានការធ្វើតេស្តណាមួយសំរាប់រកអោយឃើញនូវរោគសញ្ញារបស់មហារីកក្បាល និងកដែរ ប៉ុន្តែតេស្តទាំងនេះអាចធ្វើបានដោយគ្រូពេទ្យឯកទេស សំរាប់មនុស្សទាំងឡាយណាដែលមានរោគសញ្ញាជំងឺមហារីក ។
• ការការពារជំងឺ RRP: ការសំរាលកូនដោយការវះកាត់ (Cesarean Delivery) មិនត្រូវបានអោយមនុស្សស្រីទាំងអស់អនុវត្តន៍ទេនៅពេលដែលពួកគេមានRsនៅក្នុងប្រដាប់ភេទ ។ នេះដោយសារតែមិនទាន់មានអ្វីមួយបញ្ជាក់អោយច្បាស់ថាការសំរាលដោយវះកាត់អាចការពារទារកកុំអោយឆ្លង RRP នៅឡើយ ។
តើមានការធ្វើតេស្តរកមើលវីរុស HPV ដែរឬទេ?
ការធ្វើតេស្តHPV តាមគ្លីនិកគ្រាន់តែប្រើសំរាប់រកមើលជំងឺមហារីកមាត់ស្បូនតែប៉ុណ្ណោះ ។ គ្មានការធ្វើតេស្តជាទូទៅណាមួយសំរាប់បុរស និងនារី ក្នុងការរកមើលបញ្ហា HPV ទេ ហើយក៏គ្មានតេស្តណាដែលអាចរកឃើញវីរុស HPV នៅលើប្រដាប់បន្តពូជ មាត់ ឬបំពង់ក ។ ប៉ុន្តែ HPV តែងតែបាត់វិញដោយខ្លួនឯង ដោយគ្មានបង្កបញ្ហាសុខភាពអ្វីទាំងអស់ ។ ដូច្នេះសព្វថ្ងៃនេះជំងឺ HPV អាចរកឃើញដោយមិនបាច់ចាំដល់ ពីរបីឆ្នាំទៀតទេ ។
តើមានការព្យាបាលលើជំងឺ HPV ឬជំងឺដែលទាក់ទងគ្នាដែរទេ?
វាមិនមានការព្យាបាលទៅលើវីរុសក្រៅពីវីរុសខ្លួនវានោះទេ ប៉ុន្តែការព្យាបាលជាច្រើនសំរាប់ព្យាបាលជំងឺដែល HPV បង្កើតអោយមានដូចជា៖
• ឬសនៅប្រដាប់បន្តពូជ អាចធ្វើការយកចេញបានដោយការប្រើថ្នាំ ។ ពួកគេអាច ធ្វើការព្យាបាលដោយអ្នកថែទាំងសុខភាពក៏បានដែរ ។ មានមនុស្សមួយចំនួនជ្រើសរើសមិនព្យាបាលឬសនោះទេ ប៉ុន្តែក៏ឃើញថាវាបាត់វិញដោយខ្លួនឯងដែរ ។ ទោះជាយ៉ាងណាក៏ដោយគ្មានអ្វីល្អជាងការព្យាបាលតេនៅពេលមានបញ្ហានោះ ។
• មហារីកមាត់ស្បូន គឺជាបញ្ហាមួយដែលអាចធ្វើការព្យាបាលបាន នៅពេលមានរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ។ ប៉ុន្តែមនុស្សស្រីជាច្រើនដែលតែងតែធ្វើតេស្ត Pap និងតាមដានជាប្រចាំអាចសំគាល់បាននូវបញ្ហាបានមុនពេលដែលវានឹងវិវត្តន៍ទៅរកមហារីក ។ ការការពារតែងតែល្អជាងការព្យាបាល ។
• ជំងឺមហារីកផ្សេងៗទៀត អាចធ្វើការព្យាបាលបាននៅពេលដែលមានរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេល ។
• ចំពោះជំងឺ RRP អាចព្យាបាលដោយធ្វើការវះកាត់ ឬប្រើថ្នាំ ។ ពេលខ្លះបញ្ហានេះអាចត្រូវធ្វើការព្យាបាលច្រើនប្រភេទ ឬវះកាត់ច្រើនដល់រហូតច្រើនឆ្នាំ ។