Statins ជាថ្នាំដែលគេនិយមប្រើទូទាំងសកលលោក, ព្រោះវាមានប្រសិទ្ធិភាពខ្លាំងក្លា ជាងគេក្នុងការបញ្ចុះជាតិកូលេសស្តេរ៉ុលអាក្រក់ LDL ។ ការពិសោធន៍ជាច្រើនក៏បាន បង្ហាញផងដែរថា ថ្នាំ Statins អាចកាត់បន្ថយអត្រាប្រឈមមុខទៅនឹងជំងឺគាំងបេះដូង (heart attacks), ជំងឺដាច់សរសៃឈាមខួរក្បាល ឬ ស្ត្រូក (strokes) និង ធ្វើអោយជីវិត របស់អ្នកជំងឺកាន់តែប្រសើរឡើង ។ Statins អាចមានផលប៉ះពាល់តិចតួចចំពោះអ្នក ប្រើប្រាស់ដែលមានរយៈពេលយូរអង្វែង ។

Statins មិនមែនត្រឹមតែអាចកាត់បន្ថយកំរិត កូលេសស្តេរ៉ុលអាក្រក់ LDL និង triglyceride នោះទេ, ប៉ុន្តែ វាថែមទាំងជួយបង្កើនកំរិត កូលេសស្តេរ៉ុលល្អ HDL ទៀតផង ។ ពពួកថ្នាំ Statins ដែលមានលក់នៅតាមទីផ្សារឳសថ ក្នុងសហរដ្ឋអាមេរិកមានដូចជា ៖
- Rosuvastatin (Crestor)
- Fluvastatin Sodium (Lescol) ផលិតដោយ Novartis
- Atorvastatin Calcium (Lipitor) ផលិតដោយ Parke-Davis និង Pfizer
- Lovastatin (Mevacor) ផលិតដោយ Merck
- Pravastatin Sodium (Pravachol) ផលិតដោយ Bristol-Myers Squibb
- Simvastatin (Zocor) ផលិតដោយ Merck ។
ថ្នាំ Statins មានសកម្មភាពដោយទប់ ឬ បង្អាក់ទៅលើអង់ស៊ីម (enzyme) ម្យ៉ាងហៅថា HMG-CoA reductase ។ តួនាទីរបស់អង់ស៊ីមនេះ គឺជួយជំរុញអោយមានការផលិត (សំយោគ synthesis) កូលេសស្តេរ៉ុល ។ តាមរយៈការរារាំងលើ HMG-CoA reductase, ថ្នាំ Statins បានទៅបង្អាក់ការផលិតជាតិកូលេសស្តេរ៉ុលរបស់ថ្លើម ។ ការថយចុះនៃការ សំយោគកូលេសស្តេរ៉ុលនៅក្នុងថ្លើមអាចបង្កើនសកម្មភាពរបស់ LDL receptors នៅតាម ផ្ទៃនៃកោសិកាថ្លើម ។ ការបង្កើនសកម្មភាពរបស់ LDL receptor អាចជួយកាត់បន្ថយកំរិត កូលេសស្តេរ៉ុលអាក្រក់ LDL នៅក្នុងឈាម ។
ការសិក្សាបានបង្ហាញថាការកាត់បន្ថយកូលេសស្តេរ៉ុលអាក្រក់ LDL តាមរយៈការទទួល ទានចំណីអាហារ និង ប្រើប្រាស់ថ្នាំ Statins នេះអាចជួយកាត់បន្ថយការប្រឈមមុខទៅ នឹងការគាំងបេះដូងលើកទីពីរ (second heart attack) ។ ការការពារការកើតមានជំងឺគាំងបេះដូង ឡើងវិញចំពោះអ្នកជំងឺដែលធ្លាប់ទទួលរងគ្រោះ ដោយជំងឺគាំងបេះដូងនេះ ហៅថា secondary prevention ។
ការសិក្សាបានបង្ហាញថាការកាត់បន្ថយកូលេសស្តេរ៉ុលអាក្រក់ LDL តាមរយៈការផ្លាស់ ប្តូរបែបបទនៃការរស់នៅ (lifestyle changes) និង ប្រើប្រាស់ថ្នាំ Statins នេះអាចជួយកាត់ បន្ថយការប្រឈមមុខទៅនឹងជំងឺគាំងបេះដូងលើកទៅមួយ (first heart attack) ។ ការការពារការកើត មានជំងឺគាំងបេះដូងឡើងវិញ ចំពោះអ្នកជំងឺដែលមិនធ្លាប់ទទួលរងគ្រោះដោយជំងឺ គាំងបេះដូងនេះ ហៅថា primary prevention ។
ការសិក្សាបានបញ្ជាក់យ៉ាងច្បាស់ថា ការកាត់បន្ថយជាតិកូលេសស្តេរ៉ុលអាក្រក់ LDL មានសារៈប្រយោជន៍ណាស់ចំពោះបុរស និង ស្ត្រី ព្រមទាំងមនុស្សមានវ័យចំណាស់ ។
តើថ្នាំ Statins មានផលប៉ះពាល់អាក្រក់អ្វីខ្លះ?
ជាទូទៅ, ថ្នាំ Statins មានភាពស៊ាំល្អ និង កម្រមានផលប៉ះពាល់អាក្រក់ចំពោះសុខភាព ណាស់ ។ បញ្ហាដែលឧស្សាហ៍កើតឡើងចំពោះអ្នកជំងឺបន្ទាប់ពីការប្រើប្រាស់ថ្នាំនេះ មានដូចជា :
- ឈឺក្បាល headache
- ចង្អោរ nausea
- ក្អួត vomiting
- ទល់លាមក constipation
- រាគ diarrhea
- រោល កន្ទួលលើស្បែក rash
- ខ្យោយ និង ឈឺសាច់ដុំ weakness, and muscle pain ។
ថ្នាំ Statins អាចបណ្តាលអោយមានការរងរបួសលើសាច់ដុំ (muscle injury), រាប់ចាប់ពី myalgias (ឈឺសាច់ដុំ), myositis (រលាកសាច់ដុំ) ទៅកាន់ rhabdomyolysis (ងាប់កោសិកា សាច់ដុំ ដែលអាចបណ្តាលអោយខ្សោយតំរងនោម) ។
ការឈឺចាប់សាច់ដុំ (myalgias) អាចកើតឡើងពី ២ ទៅ ១០ ភាគរយ និង អាចដោះស្រាយ បានដោយការឈប់ប្រើថ្នាំ Statins ទៀត ។ បញ្ហាធ្ងន់ធ្ងរបំផុតនោះគឺ rhabdomyolysis, ប៉ុន្តែ វាកម្រកើតមានឡើងណាស់ (តិចជាង ០,១ ភាគរយ) ។ ជារឿយៗ, វាអាចកើតមាន ឡើងកាលណាគេប្រើប្រាស់ថ្នាំ Statins ផ្សំគ្នាជាមួយនឹងថ្នាំដ៏ទៃទៀត, ដែលបណ្តាល អោយមាន rhabdomyolysis ដោយខ្លួនឯង (ឧទាហរណ៍ ថ្នាំ Gemfibrozil), ឬ ជាមួយថ្នាំដែលការពារការបញ្ចេញចោលជាតិ Statins និង បង្កើនកំរិត Statins នៅក្នុងឈាម (ឧទាហរណ៍ Cyclosporine, Verapamil, Erythromycin, Ketoconazole, Amiodarone ឬ ការទទួលទានទឹកផ្លែទំពាំងបាយជូរ ) ។ ជារឿយៗ, rhabdomyolysis ចាប់ផ្តើមដោយការឈឺចាប់សាច់ដុំ (muscle pain) និង បន្ទាប់មកជា ដំណើរការដែលបណ្តាលអោយខូចតម្រងនោម (kidney damage) ។ ដូច្នេះ, បើមានការឈឺ ចាប់សន្លាក់មិនដឹងមូលហេតុ ឬ ឈឺចាប់សាច់ដុំនៅពេលប្រើប្រាស់ថ្នាំ Statins, អ្នកគួរតែ ពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ។
ទោះជាយ៉ាងណាក៏ដោយ, ដើម្បីជាការក្រើនរំលឹកដល់ប្រជាជនទូទៅ, FDA របស់សហរដ្ឋ អាមេរិកបានពន្យល់ថា អ្នកជំងឺទាំងឡាយគួរតែធ្វើតេស្តឈាមរកមើលកំរិតអង់ស៊ីមរបស់ ថ្លើម មុន និង ១២ ខែបន្ទាប់ពីការព្យាបាលជាមួយនឹងថ្នាំ Statin ឬ ការឡើងកំរិតប្រើប្រាស់ ថ្នាំ (elevation of dose), និង ក្រោយៗមកទៀត (ឧទាហរណ៍ ៦ ខែម្តង) ។
ចំពោះអ្នកដែលមានជំងឺថ្លើម (liver diseases) ឬ ការធ្វើតេស្តឈាមរកឃើញភាពមិន ធម្មតានៃថ្លើម (abnormal liver blood tests) នៅមុនការព្យាបាលដោយថ្នាំនេះ, សូមប្រុង ប្រយ័ត្នក្នុងការប្រើប្រាស់ និង វាស់វែងអំពីផលប៉ះពាល់នានាអោយបានច្បាស់លាស់ ។ ឧទាហរណ៍ ដូចជាការប្រើប្រាស់ថ្នាំដែលមានផលប៉ះពាល់បន្តិចបន្តួច រួមមាន Pravastatin (Pravachol) ឬ Rosuvastatin (Crestor) ក្នុងកំរិតមួយទាប ។
តើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាប្រើថ្នាំ Statin នៅពេលណា?
វេជ្ជបណ្ឌិតមានការសំរេចចិត្តផ្សេងៗគ្នាក្នុងការប្រើប្រាស់ថ្នាំ Statin, ជំរើសនៃប្រភេទថ្នាំ Statin និង ការប្រើផ្សំគ្នាជាមួយថ្នាំ lipid altering ផ្សេងៗទៀត ។
ការព្យាបាលដោយផ្លាស់ប្តូររបៀបរបបនៃការរស់នៅ (therapeutic lifestyle changes) គួរ តែជាជំរើសមួយទីមួយក្នុងការបញ្ចុះជាតិកូលេសស្តេរ៉ុលអាក្រក់ LDL, ចំណែកឯការ ព្យាបាលដោយថ្នាំជាជំរើសចុងក្រោយប្រសិនបើ ការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ មិនអាចជួយអ្នកជំងឺបានទេនោះ ។
វេជ្ជបណ្ឌិតនឹងប្រើប្រាស់ថ្នាំ Statin ឬ បូកផ្សំគ្នាជាមួយនឹងថ្នាំ lipid-altering ផ្សេងទៀត ដើម្បីការការពារទី ២ (secondary prevention - prevention of a second or third heart attack), សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬ អ្នកដែលប្រឈមមុខទៅនឹងជំងឺគាំង បេះដូង ។ ជួនកាល, ការផ្លាស់ប្តូរបែបបទនៃការរស់នៅតែម្យ៉ាងមិនគ្រប់គ្រាន់ក្នុងការបញ្ចុះ ជាតិកូលេសស្តេរ៉ុលអាក្រក់ LDL ក្នុងកំរិតទាបតាមដែលយើងចង់បាននោះទេ ។
វេជ្ជបណ្ឌិតក៏ប្រើប្រាស់ថ្នាំ Statin សំរាប់ការការពារបឋម (primary prevention - ការពារពីជំងឺគាំងបេះដូងដំបូង) ។ វេជ្ជបណ្ឌិតអាចនឹងផ្តល់ជាដំបូន្មានក្នុងការប្រើថ្នាំ Statin សំរាប់ការការបឋម (primary prevention) ចំពោះ ៖
- អ្នកដែលមានការប្រឈមមុខខ្ពស់ទៅនឹងជំងឺ coronary heart disease
- ការផ្លាស់ប្តូររបៀបរបបនៃការរស់នៅមិនអាចបញ្ចុះជាតិកួលេសស្តេរ៉ុល LDL ក្នុងកំរិតទាបតាមដែលយើងចង់បាន ។
តើវេជ្ជបណ្ឌិតជ្រើសរើសប្រើថ្នាំ Statin ដោយរបៀបណា?
វាគឺជាជំរើសផ្ទាល់ខ្លួនសំរាប់គ្រូពេទ្យម្នាក់ៗ ។ ប៉ុន្តែ វេជ្ជបណ្ឌិតជាច្រើននឹងពិចារណា ប្រើប្រាស់ថ្នាំណាមួយក្នុងករណី ៖
- ប្រសិនបើអ្នកជំងឺត្រូវការបញ្ចុះជាតិកូលេសស្តេរ៉ុលក្នុងបរិមាណច្រើន, វាជាការល្អ ប្រសើរក្នុងការប្រើថ្នាំ ដូចជា atorvastatin (Lipitor) ឬ rosuvastatin (Crestor) ។ ពេលខ្លះ, ថ្នាំ Statin អាចត្រូវបានប្រើផ្សំគ្នាជាមួយនឹងថ្នាំដ៏ទៃទៀត ដូចជា cholestyramine (Questran), ezetimide (Zetia) ឬ nicotinic acid, ដើម្បីទទួលបាន ជាតិកូលេសស្តេរ៉ុលអាក្រក់ LDL ក្នុងកំរិតមួយទាប តាមដែលយើងចង់បាន ។
- ចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ (chronic liver disease) ហើយទាមទារការប្រើ ប្រាស់ថ្នាំ Statin, អ្នកជំងឺនោះត្រូវបញ្ឈប់ជាបន្ទាន់នូវការទទួលទានគ្រឿងស្រវឹង ឬ ជាតិអាល់កុល ព្រមទាំងប្រើប្រាស់ថ្នាំ pravastatin (Pravachol) ឬ rosuvastatin (Crestor) ក្នុងកំរិតមួយដែលទាប (low doses) ។ ថ្នាំ Pravastatin និង Rsuvastatin មានសុវត្ថិភាពចំពោះអ្នកដែលមានជំងឺថ្លើម ។ ប្រសិនបើ កូលេសស្តេរ៉ុលអាក្រក់ LDL មិនអាចចុះតាមដែលយើងចង់បានទេនោះ, គេអាចនឹងប្រើថ្នាំ ១ មុខ បន្ថែមទៀត ក្នុងចំនោមថ្នាំ cholestyramine (Quesetran) ឬ ezetimide (Zetia) ។
- ប្រសិនបើអ្នកជំងឺមានការមាស់លើសាច់ដុំ (muscle aches) ឬ ខូចខាតសាច់ដុំ (muscle damage) ជាមួយនឹងថ្នាំ Statin, គេអាចនឹងប្រើថ្នាំ Statin ប្រភេទផ្សេងៗ ទៀត ដូចជា Pravastatin (Pravachol), ដែលប្រហែលជាមានផលប៉ះពាល់ក្នុង ការបំពុលសាច់ដុំ (muscle toxic effect) តិចជាងថ្នាំដទៃទៀត ។ ចំពោះអ្នកជំងឺ ដែលប្រឈមមុខទៅនឹងការរងរបួសលើសាច់ដុំ (muscle injury), ឧទាហរណ៍ អ្នកដែលធ្លាប់បានប្រើថ្នាំ gemfibrozil, ដូច្នេះ ការជំនួសដោយថ្នាំ Pravastatin (Pravachol) ជាជំរើសមួយដ៏ត្រឹមត្រូវ ។